(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក បានថ្លែងថា នៅឆ្នាំ២០១៧ ស៊ីម៉ាក់បានរុករក និងកម្ទេចចោលនូវគ្រាប់គ្រប់ប្រភេទអស់ ៤០,៩១៤គ្រាប់ ដោយបានរំដោះផ្ទៃដីជាង១១០គីឡូម៉ែត្រក្រឡា ហើយសម្រាប់ការងារបន្តនៅឆ្នាំ២០១៨ ស៊ីម៉ាកនឹងខិតខំរដោះផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះឲ្យបាន ១៤៧គីឡូម៉ែត្រក្រឡា ដែលប្រតិបត្តិការនេះ ស៊ីម៉ាកត្រូវការថវិកា ២០លានដុល្លារ។

ការថ្លែងបែបនេះរបស់លោក ហេង រតនា ត្រូវបានធ្វើឡើងកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការ ឆ្នាំ២០១៨ នាថ្ងៃទី០៥​ ខែមករា​ ឆ្នាំ២០១៨​ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ ដែលមានការចូលរួមពីគ្រប់កងឯកភាពចំណុះអង្គភាពស៊ីម៉ាក់។​

លោកបានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ២០១៧ ​កន្លងទៅ អង្គភាពស៊ីម៉ាក បានសម្រេចនូវជោគជ័យធំធេង ដោយបោសសម្អាតផ្ទៃដីគ្រាប់មីនបានជាង១១០គីឡូម៉ែត្រក្រឡា​ ស្មើនឹង ១០៥% នៃផែនការ​ និងរុករកកម្ទេចចោលគ្រាប់គ្រប់ប្រភេទបានចំនួន​ ៤០,៩១៤គ្រាប់ ស្មើនឹង ៩០% នៃផែនការ​ និងសមិទ្ធផលសំខាន់ៗមួយចំនួនទៀត ដូចជា ការងារអប់រំអំពីគ្រោះថ្នាក់មីន​ ការស្រាវជ្រាវ​ និងការជួយសង្គ្រោះជនពិការ និងការសហការអន្តរជាតិជាដើម»

អគ្គនាយកស៊ីម៉ាករូបនេះ បានបន្តថា នៅឆ្នាំ២០១៨​ ស៊ីម៉ាក់មានផែនការបោសសម្អាតចម្ការមីន និងចម្ការគ្រាប់បែកចង្កោមចំនួន ១១៧គីឡូម៉ែត្រ​ និងតំបន់សង្ស័យមានសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៣០គីឡូម៉ែត្រក្រឡា​ និងបន្តអនុវត្តភារកិច្ចស្នូលមួយចំនួនទៀត ដូចជា​ ការអប់រំពីមីន​ ការស្រាវជ្រាវចម្ការមីន​ គ្រាប់បែកចង្កោម​ គ្រាប់បែកគីមី​ ការជួយគាំទ្រសង្គ្រោះជនពិការដោយសារមីនជាដើម។

លោកបានបញ្ជាក់ថា ដើម្បីសម្រេចគោលដៅខាងលើ ក្នុងឆ្នាំ២០១៨​ ស៊ីម៉ាក់ត្រូវការថវិកាចំនួន ២០លានដុល្លារអាមេរិក​។ ថវិកាដែលទទួលបាន នឹងមកដល់ខាងមុខនេះ មានចំនួន ១៤.៦លានដុល្លារ និងកំពុងចរចាជាមួយម្ចាស់ជំនួយបន្តទៀត ដែលមានចំនួន ៥.៧លានដុល្លារ។

លោក រតនា ថែមទាំងបានបន្ថែមថា នៅឆ្នាំនេះ ស៊ីម៉ាកបានទទួលជំនួយពីរដ្ឋាភិបាលជប៉ុន ជិត៨លានដុល្លារ​រួចហើយ ក្រៅពីនេះស៊ីម៉ាកក៏ទទួលបានជំនួយពីអង្គការ UNDP (ស្វីស​ អូស្ត្រាលី​ កាណាដា) ក្រៅពីនេះទទួលជំនួយពី​​ អង្គការ​ APOPO​ អង្គការ​ JMAS អង្គការ NPA របស់សហរដ្ឋអាមេរិក​ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕