(ភ្នំពេញ)៖ លោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានអះអាងតាមរយៈលិខិតមួយថា លោក មិនអាចចូលបំភ្លឺជូនតុលាការ តាមការកោះហៅ(ជាលើកទី៣)នោះទេ ដោយសារតែពេលនេះ លោកកំពុងស្ថិតនៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាព។

ក្នុងលិខិតរបស់ លោក ម៉ម សូណង់ដូ ដែលសរសេរសម្រាប់ផ្ញើជូន លោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ហើយបង្ហោះនៅលើបណ្តាញសង្គម Facebook បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនដែលបានទទួលដីកាកោះហៅណាមួយសោះឡើយ ខ្ញុំសូមជម្រាបលោកចៅក្រមមេត្តាជ្រាបថា ខ្ញុំមិនអាចចូលឆ្លើយបំភ្លឺតាមការកំណត់បានទេ ប្រោះខ្ញុំកំពុងនៅប្រទេសបារាំង ដើម្បីពិនិត្យបញ្ហាសុខភាព»

សូមបញ្ជាក់ថា នាថ្មីៗនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាធានីភ្នំពេញ លោក គី ឫទ្ធី បានចេញដីកាកោះហៅ លោក ម៉ម សូណង់ដូ ឱ្យចូលបំភ្លឺនៅតុលាការ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងនាមជាសាក្សីនៃសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា។

ដីកាកោះរបស់លោក គី ឫទ្ធី បានតម្រូវឱ្យ លោក ម៉ម សូណង់ដូ ចូលបំភ្លឺនៅម៉ោង៨៖៣០នាទីព្រឹកនៅបន្ទប់ «គ» ជាន់ទី៣ នៃសាលាដំបូងរាជធានីភ្នំពេញ អំពីដំណើររឿង សន្និដ្ឋិភាពជាមួយប្រទេស ប្រព្រឹត្តដោយ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។ លោក ម៉ម សូណង់ដូ ត្រូវចូលខ្លួនឱ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងនេះ ទៅជាមួយផង។

សាលាដំបូងរាជធានីភ្នំពេញ ពេលនេះ បាននិងកំពុងដំណើរការនីតិវិធី ដើម្បីឈានទៅដល់ការដាក់ទោសលោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន​ នៅ​គេហដ្ឋានរបស់លោកស្ថិតនៅខណ្ឌទួលគោក នៅយប់រំលង​​អាធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយនូវវីដេអូមួយ បង្ហាញថា លោកបានអនុវត្តតាមការបង្គាប់បញ្ជារបស់បរទេស ដើម្បីអនុវត្តការងារនៅកម្ពុជាដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែមប៊ី។

រាជរដ្ឋាភិបាល បានចាត់ទុកថា ទង្វើរបស់ លោក កឹម សុខា គឺជាទង្វើក្បត់ជាតិ ដែលមិនអាចអត់ឱនឱ្យបាន៕