(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៧នេះ​ សាលាដំបូងរាជធានីភ្នំពេញ​ នឹងបើកសវនាការសំណុំរឿងទណ្ឌិត​ សម​ រង្ស៊ី​ ដែលបរិហារកេរ្តិ៍សម្តេចតេជោ​ថា​ សូកប្រាក់កញ្ញា​ ធី​ សុវណ្ណថា​ ចំនួនមួយលានដុល្លារអាមេរិក​ ។

សវនាការដឹកនាំដោយ​ លោកហេង សុខណា ជាចៅក្រមជំនុំជម្រះ និងលោកសៀង សុខ ជាតំណាងអយ្យការ។

សូមបញ្ជាក់ថា លោកគីតិចមេធាវីតំណាងដោយអាណត្តិ សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងប្តឹង​ទណ្ឌិត​ សម​ រង្ស៊ី​ អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ​ កាលពីថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០១៧​។

ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានថ្លែងចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន បានសូកប៉ាន់កញ្ញា ធី សុវណ្ណថា ១លានដុល្លារ ដើម្បីឱ្យវាយប្រហារលើ គណបក្សសង្រ្គោះជាតិ៕