(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ មានអតីតតំណាងរាស្រ្ត និងអតីតសមាជិក របស់អតីតគណបក្សសង្រ្គោះជាតិ ចំ​នួន៧៤៦រូបប៉ុណ្ណោះ ដែលបានចូលប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្រោយពេលគណបក្សរបស់ពួកគេត្រូវបានរំលាយ។

សេចក្តីប្រកាសរបស់ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលចូលប្រកាសទ្រព្យសម្បត្តិ៧៤៦រូប នោះរួមមាន តំណាងរាស្ត្រចំនួន ចំនួន៤០រូប និងទីប្រឹក្សា ជំនួនការ៣១រូប សរុបចំនួន៧១រូប, សមាជិក គ.ជ.ប ចំនួន៣រូប, សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ចំនួន៦៧២រូប។ ដោយឡែកសម្រាប់ថ្ងៃទី២៦ ខែធ្នូ មានអតីតសមាជិកក្រុមប្រឹក្សាអតីតគណបក្សសង្រ្គោះជាតិ ៦០រូប ដែលបានចូលប្រកាសទ្រព្យសម្បត្តិ។

អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានអំពាវនាវដល់ អតីតថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្រ្គោះជាតិ ដែលជាប់កាតព្វកិច្ចទាំងអស់ រួសរាន់ទៅបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំពុលរបស់ខ្លួន ក្នុងរយៈពេល៣០ថ្ងៃ។

បើតាមលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ច្បាប់ប្រឆាំងអំពើពុករលួយ បានចែងថា ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ណាមួយ ត្រូវបានបញ្ចប់ការងាររបស់ខ្លួន ត្រូវតែប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនម្តងទៀត ជាលើកចុងក្រោយ ក្នុងរយៈពេល៣០ថ្ងៃ។

លោក ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា ប្រសិនបើអតីតតំណាងរាស្ត្រ ក្រុមប្រឹក្សា រាជធានី-ខេត្ត ស្រុក-ខណ្ឌ ឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ណាមិនព្រមចូលខ្លួនប្រកាសទ្រព្យសម្បត្តិ នឹងប្រឈមការជាប់ពន្ធនាគាររយៈពេល១ខែ តាមច្បាប់ប្រឆាំងអំពើពុករលួយ៕

v