(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងឱ្យដឹងនៅយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះថា​ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart ដែលនាំចេញផលិតផលស្បែកជើងធំជាងគេពីប្រទេសកម្ពុជា ពេលនេះគឺជាការសំពងក្បាលពួកអតីតមន្ត្រីបក្សប្រឆាំងដែលត្រូវរលាយ ឲ្យទទួលបរាជ័យធ្ងន់ធ្ងរ ក្រោយក្រុមហ៊ុននេះ ប្រកាសប្តេជ្ញាថា នឹងបន្តបញ្ជាទិញទំនិញកម្ពុជា និងបង្កើនការវិនិយោគនៅកម្ពុជា។

តាមរយៈសេចក្តីប្រកាសរ​បស់ក្រុមហ៊ុនយក្សអាមេរិក Walmart បានកោតសរសើរកម្ពុជាថា ជាប្រទេសស្រស់ស្អាត ហើយចាត់ទុកសន្តិភាព ស្ថិរភាព ភាពអាចព្យាករណ៍បាន និងនីតិរដ្ឋគឺជាកត្តាសំខាន់ ដែលក្រុមហ៊ុនមួយនេះយកធ្វើជាមូលដ្ឋានក្នុងការបន្តបញ្ជាទិញ និងពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេសមួយនេះ។ នៅឆ្នាំ២០១៨ ខាងមុខនេះ ក្រុមហ៊ុន នឹងចាប់ផ្តើមនាំផលិតផលធ្វើដំណើរដូចជាកាបូប និងវ៉ាលីសពីកម្ពុជាថែមទៀត។

លោក សុខ ឥសាន បានចាត់ទុកថា សេចក្តីប្រកាសទាន់ពេលវេលារបស់ក្រុមហ៊ុនយក្ស Walmart គឺជាការលើកទឹកចិត្តកម្មករនិយោជិតកម្ពុជា ឲ្យកាន់តែមានកម្លាំងចិត្ត និងមានក្តីសង្ឃឹមចំពោះអនាគតការងាររបស់ខ្លួនតទៅថ្ងៃមុខទៀត។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនយក្សអាមេរិក Walmart គីជាការសំពងក្បាលពួកអតីតមន្ត្រីបក្សប្រឆាំងដែលត្រូវរលាយហើយនោះ ឲ្យកាន់តែទទួលបរាជ័យ ធ្ងន់ធ្ងរថែមទៀត ចំពោះរាល់ទង្វើក្បត់ជាតិរបស់ខ្លួនដែលនៅមិនអស់ចិត្តចង់សម្លាប់ជាតិឯងនោះ។ បរាជ័យទៅពួកជនក្បត់ជាតិ!»។

សូមបញ្ជាក់ថា នាថ្មីៗនេះ កញ្ញា កឹម មនោវិទ្យា និងអតីតក្រុមដឹកនាំអតីតគណបក្សប្រឆាំង នៅតែបន្តធ្វើសកម្មភាពជំរុញឲ្យសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា តាមរយៈការស្នើឲ្យកាត់ផ្តាច់ការអនុគ្រោះពន្ធ និងការបិទការនាំចូលពីកម្ពុជា ក្នុងគោលបំណងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់កម្មករខ្មែរ រាប់លាននាក់ ដែលកំពុងរស់នៅដោយពឹងផ្អែកលើវិស័យកាត់ដេរ និងធ្វើឱ្យប៉ះពាល់ដល់រាជរដ្ឋាភិបាលកម្ពុជា៕