(ភ្នំពេញ)៖ ដើម្បីចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធហត្ថ) ឲ្យកាន់តែមានជីវភាពធូរធានោះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឲ្យមានការដំឡើង ប្រាក់បៀវត្ស២ដងក្នុង១ឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា និងលើកទី២ នៅខែមេសា មុនបុណ្យចូលឆ្នាំខ្មែរ។

ការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា ឆ្នាំ២០១៨ គឺជាការដំឡើង អត្រាកំណើន១២% នៃមូលដ្ឋានប្រាក់បៀវត្ស និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់ បំណាច់មុខងារ។

យោងតាមតារាងប្រាក់បៀវត្សទាបបំផុត របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០១៨ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ បានបង្ហាញថា នៅចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៨ ប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធមាន៖

១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាល ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ឆ្នាំ២០១៨) ចំនួន៨៥៣,៥០០រៀល ត្រូវកើនដល់៩១៤,៤៥០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៨
២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន៩៥៣,៥០០រៀល ត្រូវកើនដល់ ១,០១៤,៤៥០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៨
៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន៩៥៣,៥០០រៀល ត្រូវកើនដល់ ១,០១៤,៤៥០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៨
៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន៩៣៧,៩៧៨រៀល ត្រូវកើនដល់ ៩៩៨,៩២៨រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៨
៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន៨៨០,៩៧៨រៀល ត្រូវកើនដល់ ៩៣៥,០២៨រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៨

ក្រសួងមុខងារសាធារណៈ បានបង្ហាញឲ្យដឹងទៀតថា សម្រាប់ការដំឡើងប្រាក់ប្រៀវត្សជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ លើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរមាន៖

១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាលថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត នឹងត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត នឹងត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០៩៨,៩២៨រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០៣៥,០២៨រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨

បៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាញឹកញយធ្លាប់បានអះអាង និងសន្យាចំពោះមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធថា នៅឆ្នាំ២០១៨ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងមានប្រាក់បៀវត្សទាបបំផុត១លានរៀន។ ដូច្នេះការសន្យានេះ គឺពិតធ្វើបានប្រាកដមែន មិនមែនសន្យាខ្យល់នោះទេ៕