(ភ្នំពេញ​)៖ ផ្សារម៉ាក្រូ មជ្ឈមណ្ឌលចែកចាយផលិតផល បោះដុំធំបំផុត មានមូលដ្ឋានមកពីប្រទេសថៃ នឹងបើកសម្ពោធសាខាដំបូង​របស់ខ្លួន នៅកម្ពុជាក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នេះ ដោយមានរៀបចំព្រឹត្តការណ៍ ដ៏អស្ចារ្យ ជាមួយនឹងកម្មវិធីបញ្ចុះតម្លៃ​ពិសេស ចាប់ពី១០%-៣០% ព្រមទាំងរង្វាន់ផ្សេងទៀត យ៉ាងច្រើនសន្ធឹកសន្ធាប់​ដល់អតិថិជន និងអាជីវករទាំងអស់ ដែលគិតជាទឹកប្រាក់សរុប ស្មើនឹងជាង ៣៥,០០០ដុល្លារ។

កម្មវិធីបើកសម្ពោធជាផ្លូវការនេះ នឹងប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការនៃក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ជាមួយ និងលោកស្រី ស៊ុឆាដា អ៊ីធីចារូគូល (Ms.Suchada Ithijarukul) អគ្គនាយក្រុមហ៊ុន ស៊ីយ៉ាម ម៉ាក្រូ ចំកាត់មហាជន និងលោកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន អិល. វ៉ាយ. ភី គ្រុប (L.Y.P Group)។

ដើម្បីអបអរសាទរ ក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ ផ្សារម៉ាក្រូ ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេស រហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨​ និងបន្តផ្តល់ជូនការបញ្ចុះតម្លៃ ជាច្រើនផ្សេងទៀត​ជារៀងរាល់ ២សប្ដាហ៍ម្ដង។ កម្មវិធីលក់បញ្ចុះតម្លៃ នៅថ្ងៃបើកសម្ពោធជាផ្លូវការ​នេះ គ្រាន់តែជាការចាប់ផ្ដើម ជំហានដំបូង នៃសកម្មភាពផ្ដល់ជូនពិសេសជាច្រើនទៀត ដល់អតិថិជន និងអាជីវករប៉ុណ្ណោះ។ អតិថិជនទាំងអស់ នឹងរីករាយជាមួយសកម្មភាព ដ៏អស្ចារ្យជាច្រើន រួមទាំងការទិញទំនិញក្នុងតម្លៃទាបសមរម្យ ដែលមានផលិតផលសរុបជាង ១០,០០០ប្រភេទ។ អតិថិជនជាសមាជិកម៉ាក្រូទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃពិសេស ជាបន្តបន្ទាប់ដែលអាចឲ្យពួកគាត់ យកទៅលក់បន្តបានប្រាក់ចំណេញ កាត់បន្ថយថ្លៃដើម សម្រាប់អាជីវកម្មរបស់ខ្លួន និងអាចគ្រប់គ្រងទុនបង្វិលសាច់ប្រាក់ យ៉ាងមានប្រសិទ្ធ​ភាព ដើម្បីឲ្យដំណើរការអាជីវកម្មររបស់ខ្លួន កាន់តែរីកចម្រើនប្រកបដោយ និរន្តរភាព។

ផ្សារម៉ាក្រូ បានរៀបចំបរិវេណផ្សារ ឲ្យអតិថិជនមានភាពងាយស្រួលក្នុងការ ជាវទំនិញ ដែលមានផ្ទៃដីទំហំ១០០០០ម៉ែត្រក្រឡា មានបំពាក់ម៉ាស៊ីន​ ត្រជាក់គ្រប់ទីតាំងលក់ និងមានចំណតរថយន្តធំទូលាយ ដែលអាចផ្ទុកយានយន្ត បានរហូតដល់ជាង ៥០០គ្រឿង។ ផ្សារម៉ា​ក្រូ ផ្ដល់ជូននូវផលិតផលយ៉ាង សម្បូរបែបប្រកបដោយគុណភាពខ្ពស់ ដែលធានាតាមស្ដង់ដារប្រទេសថៃ និងអន្តរជាតិ ដើម្បីបំពេញតាមតម្រូវការ របស់អាជីករលក់រាយ និងប្រតិបត្តិករ ផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មម្ហូបអាហារ (HoReCa)។ ទំនិញទាំងអស់ត្រូវបានរៀបចំ បែងចែកទៅតាមប្រភេទ និងនៅតាមធ្នើរ ដើម្បីជួយសម្រួលដល់ អតិថិជនងាយស្រួលក្នុងការ រកទិញទំនិញ។ ផ្សារម៉ាក្រូ បើកលក់ចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១០យប់ ជារៀងរាល់ថ្ងៃ។

ផ្សារម៉ាក្រូ ប្តេជ្ញាដំណើរការអាជីវកម្ម ប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះសង្គមក្រោមគោលការណ៍ អភិបាលកិច្ចល្អ។ ក្រុមហ៊ុន បានផ្ដល់ជាឱកាសការងារថ្មីៗ ដល់និយោជិតក្នុងស្រុក ផ្ដល់ការបណ្ដុះបណ្ដាល​ យ៉ាងពេញលេញ និងចំណេះដឹងក្នុងការ​លក់ដល់ អាជីវករលក់រាយ ក៏ដូចជាសហការជាមួយកសិករ ក្នុងស្រុក ដើម្បីបង្កើនផលិតផលមានគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់ សម្រាប់អតិថិជន។ ទាំងនេះ គឺជាផ្នែកមួយនៃស្មារតីប្ដេជ្ញាចិត្តខ្ពស់ របស់ ផ្សារម៉ាក្រូក្នុងនាមជា «ដៃគូអាជីវកម្មរបស់អ្នក»៕