(ភ្នំពេញ)៖ មេសហជីពដ៏ធំមួយនៅកម្ពុជា ដែលតំណាងកម្មករជិតកន្លះលាននាក់ បានប្រតិកម្មយ៉ាងខ្លាំងចំពោះបុគ្គល ជា មុនី និងបានប្រាប់ទៅបុគ្គលម្នាក់នេះថា បើមិនជួយដល់កម្មករនោះទេ សូមកុំអំពាវនាវឲ្យសហភាពអឺរ៉ុបមកបំផ្លាញ និងសម្លាប់កម្មករ ដោយការដាក់ទណ្ឌកម្មដល់រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានសភាសហភាពសហព័ន្ធកម្ពុជា លោក សោម អូន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «​ពិតជាសោកស្តាយ ពីព្រោះតែផលប្រយោជន៏នយោបាយផ្ទាល់ខ្លួន លោក ជា មុនី អតីមេសហជីពម្នាក់ ដែលធ្លាប់តែនិយាយថាស្រឡាញ់កម្មករ តែធាតុពិតនៅពេលនេះ បានចេញមុខរួមជាមួយអតីតមេដឹកនាំបក្សសង្គ្រោះ​ជាតិ អំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌកម្មបំផ្លាញសេដ្ឋកិច្ចប្រទេសខ្លួនឯង»។

មេសហជីពដ៏ធំមួយនេះ បញ្ជាក់ទៀតថា «សូមអស់លោកកុំចាត់ទុក ​គំនុំបុគ្គលធំជាងផលប្រយោជន៍ជាតិឲ្យសោះ [...] ពួកអស់លោកត្រូវចាំថា ប្រជាជនខ្មែរ១៥លាននាក់ ត្រូវការមុខរបរ និងការងារ និងចង់រស់នៅក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍន៍ មិនត្រូវការរំខានពីបុគ្គល ឬមជ្ឈដ្ឋានណាមួយ ដែលនឹងធ្វើឲ្យប៉ះពាល់សេចក្តីសុខរបស់ពួកគាត់ឡើយ»​

ការសម្ដែងនូវ​ប្រតិកម្មយ៉ាងខ្លាំងបែបនេះ របស់លោក សោម អូន ត្រូវបានធ្វើឡើងបន្ទាប់ពី បុគ្គល ជា មុនី​ តាមរយៈវិទ្យុដែលគាំទ្រដោយសហរដ្ឋអាមេរិក បានអំពាវនាវឲ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា លោក ជា មុនី ​អតីតប្រធានសហជីពសេរីកម្មករកម្ពុជា ​បន្ទាប់មកត្រូវបានសមាជិកបោះឆ្នោតទម្លាក់ចេញពីប្រធានសហជីព ដោយសារតែគ្មានសមត្ថភាពក្នុងការដឹកនាំ។ បន្ទាប់មកបុគ្គលរូបនេះ បានក្លាយជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានតែរូបភាព​ខ្យល់ ប៉ុន្ដែគ្មានសកម្មភាព និងកម្លាំងពិតប្រាដកនោះទេ។ បច្ចុប្បន្ននេះ លោកត្រូវបានគេដឹងថា ក៏​ជាអ្នកផ្ដល់យោបល់ ឬជាទីប្រឹក្សា ឲ្យទៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាផងដែរ៕