(ភ្នំពេញ)៖ បន្ទាប់ពីក្រុមអ្នកនាំចេញផលិតផលទៅសហភាពអឺរ៉ុប និងនាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអះអាងថា អឺរ៉ុបគ្មានផ្លូវបិទការនាំចូលទំនិញរបស់កម្ពុជាទេនោះ, នៅពេលនេះ​ អ្នកវិភាគឯករាជ្យដ៏ល្បីឈ្មោះមួយរូប នៅកម្ពុជាបានចេញមកអះអាងសង្កត់បន្ថែមថា មិនអាចកើតឡើងទេ ដែលអឺរ៉ុបបិទផ្សារនាំចូលទំនិញពីកម្ពុជានោះ។

ការអះអាងព្រមៗគ្នាយ៉ាងដូច្នេះ ត្រូវបានគេដឹងធ្វើឡើងបន្ទាប់ពីអតីតមេបក្សប្រឆាំង គឺទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់នៅបរទេស បានសរសេរលើ Facebook របស់លោកនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ថា នៅឆាប់ៗខាងមុខនេះ អឺរ៉ុបនឹងអនុវត្តវិធានការបិទទីផ្សារមិនឲ្យនាំទំនិញពីកម្ពុជា ចូលមកលក់ នៅក្នុងប្រទេសទាំង២៧ នៃសហភាពអឺរ៉ុប ដើម្បីដាក់ទណ្ឌកម្ម លើរាជរដ្ឋាភិបាលកម្ពុជា។

លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យរបស់កម្ពុជា បានថ្លែងបញ្ជាក់តាមបណ្តាញព័ត៌មាន Fresh News តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៥ ខែធ្នូនេះថា សូមបែងចែកឲ្យបានច្បាស់នូវពាក្យបិទទីផ្សារនាំចូលទំនិញ និងការព្យួរការអនុគ្រោះពន្ធនាំចូលទំនិញ ទៅសហភាពអឺរ៉ុប។ តាមលោកដឹងសេចក្តីអំពាវនាវរបស់សភាអឺរ៉ុប គឺគ្រាន់តែសំណូមពរ ឲ្យគណៈកម្មការសហភាពអឺរ៉ុប ពិនិត្យមើលការព្យួរការអនុគ្រោះពន្ធ លើការនាំចូលទំនិញ របស់កម្ពុជាមកអឺរ៉ុបប៉ុណ្ណោះ តាមកម្មវិធីអនុគ្រោះពន្ធ EBA អ្វីៗទាំងអស់ លើកលែងតែអាវុធ អាចនាំចូលទៅអឺរ៉ុប បានដោយអនុគ្រោះផ្នែកពន្ធ។

លោក ចាន់ សុផល បានពន្យល់ថា កម្មវិធីអនុគ្រោះនេះ អឺរ៉ុបបានផ្តល់ដល់ប្រទេសក្រីក្រចំនួន៤៨ប្រទេស នៅលើពិភពលោក ដែលក្នុងនោះរួមមានទាំងកម្ពុជាផងដែរ។ ដូច្នេះអឺរ៉ុបមិនមែន បិទទីផ្សារនាំចេញផលិតផល របស់កម្ពុជានោះឡើយ។

អ្នកវិភាគឯករាជ្យរូបនេះបានបន្តថា ចំពោះសំណូមពរដែលសភាអឺរ៉ុប ទៅគណៈកម្មការអឺរ៉ុបនោះ គណៈកម្មការនេះមានសិទ្ធិអាចធ្វើតាម ឬមិនធ្វើតាម ដោយត្រូវការពិភាក្សាជាមួយរដ្ឋជាសមាជិក។ ប្រសិទ្ធបើគេធ្វើតាមនេះ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់អឺរ៉ុបនៅតែបន្តនាំចេញទៅបានដដែល ប៉ុន្តែគឺគាត់ត្រូវបង់ពន្ធ។

លោក ចាន់ សុផល បន្ថែមទៀតថា ប្រសិនអឺរ៉ុបសម្រេចការអនុគ្រោះពន្ធនាំចូលទំនិញរបស់កម្ពុជាមែននោះ លោកជឿជាក់ថា ការនាំចេញទំនិញរបស់កម្ពុជាទៅអឺរ៉ុប មិនប៉ះពាល់ខ្លាំងណាស់ណាទេ គឺប៉ះពាល់ចំនួនខ្លះ ដោយអ្នកនាំចេញរបស់កម្ពុជា នៅតែមានលទ្ធភាពនាំចេញបាន។

លោកសង្កត់ធ្ងន់ថា «កម្ពុជាក្នុងនាមជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក (WTO) នោះ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសដទៃ មិនមែនចេះតែថា បិទទីផ្សារនោះឡើយ»

ដូចគ្នានេះនឹងការលើកឡើងរបស់អ្នកវិភាគសេដ្ឋកិច្ចរូបនេះដែរ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News តាមសារអេឡិចត្រូនិក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះថា «ទីផ្សារសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានៅអឺរ៉ុប បច្ចុប្បន្នមិនមានបញ្ហាអ្វីទេ។ អឺរ៉ុបមិនអាចបិទទីផ្សារផលិតផលកម្ពុជាទេ ព្រោះកម្ពុជាមិនមែន កូរ៉េខាងជើងនោះទេ»

លោក ម៉ូល សារិទ្ធី អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានសមាជិកក្រុមហ៊ុន និងរោងម៉ាស៊ីន នាំចេញអង្ករទៅអឺរ៉ុបផងនោះ បានបញ្ជាក់ថា មិនទាន់មានព័ត៌មានពីសហគមន៍អឺរ៉ុប អំពីការបិទទីផ្សារមិនឲ្យកម្ពុជានាំចូលទំនិញទៅអឺរ៉ុបនោះឡើយ។

លើសពីនេះទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូនេះ ថ្លែងបានទាត់ចោលសំដី ដ៏ឥតប្រយោជន៍របស់លោក សម រង្ស៊ី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «វិធានការទណ្ឌកម្ម តាមសំណូមពររបស់អ្នក មិនមែននរណាក៏ចេះតែធ្វើទេ! កុងត្រា កិច្ចសន្យានៃការបញ្ជាទិញទំនិញពីស្រុកខ្មែរ គេបានចុះហត្ថលេខារួចហើយ សួរថាវិស័យឯកជនគេព្រមធ្វើតាមទេ? ត្រូវសងគេងាប់នៅទីនេះ»

សូមជម្រាបថា អឺរ៉ុប គឺជាទីផ្សារយ៉ាងសំខាន់របស់កម្ពុជា។ រាល់ផលិតផលទំនិញអ្វីៗទាំងអស់របស់កម្ពុជា លើកលែងតែអាវុធ ត្រូវបានអនុញ្ញាតឲ្យនាំចេញទៅអឺរ៉ុបដោយអនុគ្រោះពន្ធ។ ផលិតផលសម្លៀកបំពាក់ និងស្បែកជើង និងអង្កររបស់ ត្រូវបាននាំចេញទៅអឺរ៉ុប គិតជាទឹកប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ៕