(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរអាវុធគីមី ក្រសួងការពារជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះថា ពេញមួយថ្ងៃនេះ ក្រុមបច្ចេកទេសអង្គការហាមឃាត់អាវុធគីមី នៃអង្គការសហប្រជាជាតិ (Organization for the Prohibition of Chemical Weapons - OPCW) ចុះពិនិត្យទីតាំង និងវាយតម្លៃសារធាតុគីមី ក្នុងគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិក នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងបានចំនួន១៥ទីតាំង ខណៈនៅសល់១៤ទីតាំងទៀតនឹងត្រូវបន្តប្រតិបត្តិនៅថ្ងៃស្អែក។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ថ្ងៃនេះក្រុមបច្ចេកទេសរបស់អង្គការ OPCW បានទៅដល់ឃុំគគីរ នៅព្រឹកនេះ ដោយបានបន្តប្រតិបត្តិការពិនិត្យ និងពិសោធន៍វាយតម្លៃ គ្រាប់បែកគីមីបានចំនួន១៥ទីតាំង នៃ២៩ទីតាំងដែលយើងបានរកឃើញ។ នៅថ្ងៃស្អែកយើងនឹងខិតខំធ្វើយ៉ាងឲ្យប្រតិបត្តរួចរាល់។

តាមលោកឧត្ថមសេនីយ៍ឯក កេ ដា ក្រុមបច្ចេកទេសរបស់អង្គការ OPCW ចំនួន៤នាក់ ជាមួយម៉ាស៊ីនធ្វើតេស្តពិសោធន៍ ដែលដឹកមកពីប្រទេសហូឡង់ផងនោះ បានចុះប្រតិបត្តិការរួចរាល់ហើយ នៅខេត្តដែលរកឃើញគ្រាប់បែកគីមី ទម្លាក់ដោយអាមេរិក គឺខេត្តមណ្ឌលគិរី១០ទីតាំង និងខេត្តត្បូងឃ្មុំ២ទីតាំង ខណៈនៅខេត្តស្វាយរៀង ត្រូវបន្តប្រតិបត្តិការនៅថ្ងៃទី១៦ ខែធ្នូនេះ។

លោកបន្ថែមថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការ នៅខេត្តស្វាយរៀង ដែលជាខេត្តប្រតិបត្តិការចុងក្រោយ ក្រុមបច្ចេកទេសរបស់អង្គការ OPCW នឹងត្រឡប់មកភ្នំពេញវិញ ដើម្បីសរុបការវាយតម្លៃបញ្ចប់ អំពីលទ្ធផលធ្វើពិសោធន៍ លើគ្រាប់បែកគីមី របស់អាមេរិក នៅខេត្តទាំង៣ខាងលើនេះ។

សូមជម្រាបថា ក្រុមបច្ចេកទេសរបស់អង្គការ OPCW បានមកដល់កម្ពុជា នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីមកពិនិត្យ និងវាយតម្លៃគ្រាប់បែកគីមី ដែលទម្លាក់ដោយអាមេរិក តាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីរកឃើញគ្រាប់បែកគីមី ជាច្រើនគ្រាប់ និងរួមទាំង បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ៕