(ព្រះសីហនុ)៖ ការិយាល័យនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនជាតិឥណ្ឌា៣នាក់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលពាក់ព័ន្ធករណីបន្លំឆបោកប្រាក់ពីជនជាតិអូស្ដា្រលីម្នាក់ នៅតាមឆ្នេរសមុទ្រអូរឈើទាល ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង​ព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ការឃាត់ខ្លួននេះ បានធ្វើឡើងបន្ទាប់​ទទួលបណ្តឹងផ្ទាល់មាត់ និងការចង្អុលពីជនរងគ្រោះថា មានជនជាតិឥណ្ឌាមួយក្រុម មានគ្នា​៣នាក់ បានប្រព្រឹត្តិអំពើឆបោក ដោយពួកគេបានធ្វើការទស្សទាយគិតប្រាក់ ពីភ្ញៀវដែលមកលេងកម្សាន្ដ នៅតាមឆ្នេរសមុទ្រអូរឈើទាល។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនរងគ្រោះបានបន្ថែមថា ខណៈនោះជនសង្ស័យ២នាក់ បានចាប់ដៃខ្លួនទាំងសងខាងទាញឲ្យអង្គុយចុះ ហើយឲ្យជនរងគ្រោះទៅរំដោះគ្រោះដោយបង្ខំយកប្រាក់១៦០ដុល្លា បន្ទាប់មកហុចប្រាក់ទៅឲ្យជនទី៣​ ទើបខ្លួនជនសង្ស័យថាជាទង្វើឆបោក ក៏ប្ដឹងសមត្ថកិច្ចតែម្ដង។

ស្នងការខេត្តព្រះសីហនុ បញ្ជាក់ថា ជនរងគ្រោះឈ្មោះ RENE WALTER GEIGER ភេទប្រុស អាយុ​១៩ឆ្នាំ ជនជាតិ​អូស្រ្តា បាត់បង់លុយ​១៦០​ដុល្លារ ដោយឡែកជនសង្ស័យទី១៖ ឈ្មោះ SING SAWAN ភេទប្រុស អាយុ​២៣ឆ្នាំ, ទី២៖ ឈ្មោះ NISHAN SINGH ភេទប្រុស អាយុ​១៨ឆ្នាំ និងទី៣​៖ ឈ្មោះ RANDHAWA SINGH ភេទប្រុស អាយុ​២៩ឆ្នាំ។ ក្រោយឃាត់ខ្លួន​ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដើម្បីចាត់ការបន្ដ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានឲ្យដឹងផងដែរថា អធិការ​ដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ បានបង្រ្កាប​មុខ​សញ្ញា គ្រឿងញៀន​មួយករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅក្រុមទី​៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ​ ដោយជនសង្ស័យឈ្មោះ ប៊ុន ចំណាប់ ហៅ​​វីនឌី  អាយុ​៣៥​ឆ្នាំ និងដកហូតបាន ម្សៅក្រាមពណ៌សថ្លា​ ចំនួន​១៩​កញ្ចប់, ទូរស័ព្ទ១គ្រឿង ​និង​ម៉ូតូ១គ្រឿង៕