(ភ្នំពេញ)៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធ​សហជីព​ចលនា​កម្មករ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានសម្តែងការសោកស្តាយ ចំពោះសហភាពអឺរ៉ុប និងអ្នកនយោបាយមួយចំនួន ​ដែលបានទាញយកវិស័យកាត់ដេរ ទៅភ្ជាប់ជាមួយនឹងរឿងនយោបាយ នៅក្នុងប្រទេសកម្ពុជា។ លោកចាត់ទុកថា ការទាញភ្ជាប់បែបនេះ គឺជារឿងដ៏គ្រោះថ្នាក់ធ្ងន់ធ្ងរមួយ។

លោក ប៉ាវ ស៊ីណា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងនយោបាយ គប្បីគួរតែត្រូវបានដោះស្រាយតាមជំហានមួយផ្សេង កាលណាបើយកអាហ្នឹង (វិស័យកាត់ដេរ) មកជាគំនាប ខ្ញុំគិតថាសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ឬក៏សហគមន៍អន្តរជាតិទាំងអស់នោះ គាត់ហាក់ដូចជាផ្តោតទៅលើតែ គណបក្សនយោបាយមួយ»។ លោកបានបន្តថា៖ «ខ្ញុំគិតថា ប្រសិនបើយកអាហ្នឹង(វិស័យកាត់ដេរ) មកដាក់ជាមួយនឹងបញ្ហានយោបាយទាំងស្រុង ខ្ញុំគិតថា វានឹងរងគ្រោះ ហើយធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរមែនទែន»

ប្រតិកម្មរបស់មេសហជីពរូបនេះ បានធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុប បានចេញសេចក្តីសម្រេចមួយ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដោយស្នើ​ឲ្យ​រដ្ឋាភិបាល​គណៈកម្មការ​អឺរ៉ុប​ទាំង​អស់ ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួម​ទាំង​ការ​នាំ​ចេញ​ផលិតផល​ពី​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង និង​ទំនិញ​ដទៃ​ទៀតជា​បណ្ដោះអាសន្ន​សិន ព្រមទាំងស្នើបង្កកលុយរបស់មន្រ្តីថ្នាក់ដឹកនាំកម្ពុជាផងដែរ។

លោក ប៉ាវ ស៊ីណា បានបន្ថែមថា ការសម្រេចរបស់សភាអឺរ៉ុប គឺធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេសកម្មករ កម្មការិនី ដែលកំពុងអាស្រ័យផលជាមួយនឹងវិស័យកាត់ដេរនេះផងដែរ។

លោក ស៊ីណា បានបញ្ជាក់ថា៖ «យើងគ្មានជម្រើសអ្វីក្រៅពីការអំពាវនាវឱ្យ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសអន្តរជាតិទាំងអស់ ធ្វើម៉េចឱ្យគាត់គិត ដោយសារតែគាត់ គឺជាប្រទេសដែលគោរពសិទ្ធិពលរដ្ឋ សិទ្ធិមនុស្ស ហើយបើសិនគាត់ឃើញថាប្រជាពលរដ្ឋខ្មែរ ភាគច្រើនរស់ ដោយសារការអាស្រ័យផល លើវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូប គាត់ដាក់ទណ្ឌកម្មអញ្ចឹង អ្នកដែលរងគ្រោះគឺពលរដ្ឋ អាហ្នឹងគឺស្មើនឹងគាត់រំលោភសិទ្ធិមនុស្ស ដូចគេដែរ»

លោក ប៉ាវ ស៊ីណា បានសំណូមពរ ឱ្យសហភាពអឺរ៉ុប រាជរដ្ឋាភិបាលកម្ពុជា និងទាំងអ្នកនយោបាយទាំងអស់ ឱ្យគិតឱ្យបានវែងឆ្ងាយ និងឱ្យបានដិតដល់ ដោយគិតអំពីសុខទុក្ខប្រជាពលរដ្ឋជាធំ ហើយមិនត្រូវធ្វើការប្រកួតប្រជែង ដែលធ្វើឱ្យប្រជាពលរដ្ឋរងទុក្ខនោះឡើយ៕