(កំពត)៖ កម្លាំងនគរបាលអន្តរាគមន៍ឈុតខ្មៅពិសេសខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត ដោយមានការចង្អុលបង្ហាញ និងបញ្ជានីតិវិធី ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន មួយកន្លែងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ដោយឈានទៅឃាត់ខ្លួន​បានជនសង្ស័យ​ជនជាតិអូរស្ត្រាលីម្នាក់ និង​​​ប្រពន្ធខ្មែរ​។

​លោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាប ករណីគ្រឿងញៀនខាងលើ បានឲ្យដឹងថា​ ជនសង្ស័យ ឈ្មោះ KNOWLES GARY ROBERT KNOWLES ​អាយុ៧២ឆ្នាំ និងឈ្មោះ មាស ផារី ជាប្រពន្ធ អាយុ២៨ឆ្នាំ ស្នាក់នៅ​ភូមិ​សង្កាត់ កន្លែងឃាត់ខ្លួនខាងលើ។

បើតាមលោកនាយការិយាល័យ វត្ថុតាងដកហូតបាន រួមមា​ន ជញ្ជីងថ្លឹងគ្រឿងញៀនមួយ ម្ស៉ៅក្រាមពណ៌សថ្លា ចំនួន​០៦កញ្ចប់ ថ្នាំយ៉ាម៉ាពណ៌ផ្កាឈូក ៥គ្រាប់កន្លះ ថ្នាំសម្រើប៩ប្រអប់ ឧបករណ៍ជក់មួយកំផ្លេ ទូរស័ព្ទដៃ​៥គ្រឿង ប្រាក់រៀន៥០ម៉ឺន និងប្រាក់ដុល្លារ៣០០ដុល្លារ ព្រមទាំងសម្ភារៈមួយចំនួនទៀត។

​ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ ត្រូវបាននាំ​មកសាកសួរបន្ដនៅការិយាល័យនគរបាលជំនាញគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំ​ចាត់ការតាមនីតិវិធី​៕