(ភ្នំពេញ)៖ តំណាងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលជាស្ថាប័នសម្របសម្រួល និងជំរុញការនាំចេញសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ដោយមានទីផ្សារដ៏ធំអឺរ៉ុបនោះ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានថ្លែងអះអាងថា អឺរ៉ុបមិនអាចបិទទីផ្សារ ផលិតផលកម្ពុជានោះទេ ដូចសម្តីរបស់អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី នោះឡើយ។

ការអះអាងរបស់មន្ត្រីជាន់ខ្ពស់ GMAC នេះធ្វើឡើង ផ្ទុយនឹងការលើកឡើងរបស់អតីតមេដឹកនាំបក្សប្រឆាំង ទណ្ឌិត សម រង្ស៊ី ដែលនិយាយគ្មានការពិតថា នៅពេលឆាប់ៗខាងមុខនេះ អឺរ៉ុបនឹងបិទទីផ្សារផលិតផលរបស់កម្ពុជា ដើម្បីដាក់ទណ្ឌកម្ម រាជរដ្ឋាភិបាល។

អតីតមេបក្សប្រឆាំង គឺទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់នៅបរទេស បានសរសេរលើ Facebook របស់លោកនៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ថា នៅឆាប់ៗខាងមុខនេះ អឺរ៉ុបនឹងអនុវត្តវិធានការបិទទីផ្សារមិនឲ្យនាំទំនិញពីកម្ពុជាចូលមកលក់នៅក្នុងប្រទេសទាំង២៧ នៃសហភាពអឺរ៉ុប ដើម្បីដាក់ទណ្ឌកម្ម លើរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែត្រូវបានអ្នកនាំចេញ និងនាយករដ្ឋមន្ត្រីកម្ពុជាទាត់ចោលវិញ និងចាត់ទុកថា ជាសម្តីលួងចិត្តខ្លួនឯង។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News តាមសារអេឡិចត្រូនិក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះថា «ទីផ្សារសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានៅអឺរ៉ុប បច្ចុប្បន្នមិនមានបញ្ហាអ្វីទេ។ អឺរ៉ុបមិនអាចបិទទីផ្សារផលិតផលកម្ពុជាទេ ព្រោះកម្ពុជាមិនមែន កូរ៉េខាងជើងនោះទេ»

ជាមួយគ្នានេះដែរ លោក ម៉ូល សារិទ្ធី អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានសមាជិកក្រុមហ៊ុន និងរោងម៉ាស៊ីន នាំចេញអង្ករទៅអឺរ៉ុបផងនោះ បានបញ្ជាក់ថា មិនទាន់មានព័ត៌មានពីសហគមន៍អឺរ៉ុប អំពីការបិទទីផ្សារមិនឲ្យកម្ពុជានាំចូលទំនិញទៅអឺរ៉ុបនោះឡើយ។

លើសពីនេះទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូនេះ ថ្លែងបានទាត់ចោលសំដី ដ៏ឥតប្រយោជន៍របស់លោក សម រង្ស៊ី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «វិធានការទណ្ឌកម្ម តាមសំណូមពររបស់អ្នក មិនមែននរណាក៏ចេះតែធ្វើទេ! កុងត្រា កិច្ចសន្យានៃការបញ្ជាទិញទំនិញពីស្រុកខ្មែរ គេបានចុះហត្ថលេខារួចហើយ សួរថាវិស័យឯកជនគេព្រមធ្វើតាមទេ? ត្រូវសងគេងាប់នៅទីនេះ»។

សូមជម្រាបថា អឺរ៉ុប គឺជាទីផ្សារយ៉ាងសំខាន់របស់កម្ពុជា។ រាល់ផលិតផលទំនិញអ្វីៗទាំងអស់របស់កម្ពុជា លើកលែងតែអាវុធ ត្រូវបានអនុញ្ញាតឲ្យនាំចេញទៅអឺរ៉ុបដោយអនុគ្រោះពន្ធ។ ផលិតផលសម្លៀកបំពាក់ និងស្បែកជើង និងអង្កររបស់ ត្រូវបាននាំចេញទៅអឺរ៉ុប គិតជាទឹកប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ៕