(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ ទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានថ្លែងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៧នេះ អ្នកញៀនគ្រឿងញៀន ដែលមកទទួលសេវាព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ទាំង៤១៩ នៅទូទាំងប្រទេស មានចំនួន ១,៣៦៩៥នាក់ ក្នុងចំណោមអ្នកញៀនគ្រឿងជាង២ម៉ឺននាក់ ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុប និងដកស្រង់បទពិសោធន៍ ស្ដីពី ការព្យាបាល អ្នកញឿនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ នាទីស្ដីការក្រសួងសុខាភិបាល ដែលមានការអញ្ជើញចូលរួមពី ក្រសួង ស្ថាប័ន និងអង្គភាពថ្នាក់ជាតិចំនួន១៩ និងតំណាងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ដទាំង២៥ ដែលជាសមាជិកនៃគណៈកម្មាធិការ ទទួលបន្ទុកការងារព្យាបាល និងស្ដានីតិសម្បទាអ្នកញៀនគ្រឿងញៀន ។

រដ្ឋមន្ដ្រីបន្ដថា «ចំនួននៃអ្នកញៀនគ្រឿងញៀន គឺមានការកើនឡើង រហូតមកដល់ពេលនេះ តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលយើង និងស្ថាប័នពាក់ព័ន្ធ នឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីកាត់បន្ថយ និងជំរុញ លើកទឹកចិត្ដ អ្នកញៀនគ្រឿងញៀន មកទទួលសេវាពិនិត្យព្យាបាល នៅតាមមណ្ឌលបន្សាបគ្រឿងញៀនទូទាំងប្រទេសនេះ ខណៈដែលយើងកំពុងតែបង្កើននៅមូលដ្ឋានសុខាភិបាល សាធារណៈជាបន្ដបន្ទាប់នេះ»

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា «សូមស្នើដល់គ្រប់រាជធានីខេត្ដ ជួយជំរុញ ក្នុងការរៀបចំបង្កើតគណៈកម្មាធិការសម្របសម្រួល ឃុំ-សង្កាត់ ឲ្យបានឆាប់រហ័ស ដើម្បីជួយដល់ ការបញ្ជូនទៅរកសេវាព្យាបាល ការថែទាំ ដល់អ្នកញៀនគ្រឿងញៀន ពិសេសកាត់បន្ថយការត្រលប់ទៅប្រើប្រាស់គ្រឿងញៀនវិញ ។ ក្នុងនោះ ក៏ស្នើឲ្យមន្ទីរសុខាភិបាលរាជធានី-ខេត្ដ ជួយគាំទ្រ ដល់បច្ចេកទេសព្យាបាល នៅតាមមណ្ឌលបណ្ដោះអាសន្ន រួមទាំងជំរុញឲ្យមណ្ឌលឯកជនទាំងអស់ មកសុំច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច»

ក្នុងឱកាសនោះ រដ្ឋមន្ដ្រីក៏បានថ្លែងជំរុញ ឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែងបន្ដទៀត ក្នុងការលុបបំបាត់ និងព្យាបាលអ្នកញៀនគ្រឿងញៀន ឲ្យមានប្រសិទ្ធិភាព ដើម្បីឆ្លើយតប ទៅនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១​របស់រាជរដ្ឋាភិបាលកម្ពុជា ៕