(រតនគិរី)៖ ព្រះរាជអាជ្ញាខេត្តរតនគិរី លោក ជា ពេជ្យ បានឲ្យដឹងថា ចៅក្រមស៊ើបសួរចេញដីកាសម្រេចឃុំខ្លួនជនជាតិវៀតណាម៤នាក់​ នៅពន្ធនាគារភ្នំស្វាយ ពីបទឆ្លងដែនអត់មានលិខិតស្នាម ដើម្បីមកកាប់ឈើ, រកឫសថ្នាំឈើ, ស្ទូចត្រី និងស្ទូចកន្ធាយ។

សូមបញ្ជាក់ថា ក្នុងរយៈពេល១សប្តាហ៍កន្លងមក កម្លាំងរបស់ក្រសួងបរិស្ថាន បានចុះប្រតិបត្តិការទៅតំបន់កន្ទុយនាគ បានឃាត់ខ្លួនជនជាតិ៤នាក់ ខណៈពួកគេចូលមកទឹកដីខ្មែរ ត្រង់ចំណុចបង្គោលសីមាលេខ១០។

សមត្ថកិច្ចម្នាក់បានឲ្យដឹងថា ជនជាតិវៀតណាមទាំង៤នាក់នោះ ទី១៖ឈ្មោះ ដន ង៉ុកតន អាយុ២៤ឆ្នាំ, ទី២៖ឈ្មោះ ង៉ូ វ៉ាន់ង៉ុក អាយុ៥៨ឆ្នាំ, ទី៣៖ឈ្មោះ ដាម ឌឹកជុង អាយុ២៥ឆ្នាំ និងទី៤៖ឈ្មោះ ចិន ង៉ុកវឹង អាយុ២២ឆ្នាំ។ ​ជនជាតិវៀតណាម៤នាក់នេះ ភ្ជាប់ជាមួយឧបករណ៍សម្រាប់កាប់ និងដឹកជញ្ជូនឈើ តែមធ្យោបាយទាំងនោះ ស្ថានភាពផ្លូវមិនអាចយកមកខេត្តបាន ត្រូវដុតកម្ទេចចោលនៅកន្លែងនោះតែម្តង។

គេកំពុងតែឆ្ងល់ថា ជនជាតិវៀតណាម៤នាក់លើនេះ ចូលមកដីខ្មែរបានងាយស្រួល ក្នុងតំបន់ខាងលើបើគ្មានការអនុញាតិពី កម្លាំងវរការពារព្រំដែនគោកនគរបាលលេខ៣០២ ឈរជើងកន្លែងនោះទេ គឺមិនអាចជ្រៀតចូលងាយៗ បែបនោះទេ ហើយរឹតតែមិនគួរឲ្យជឿទៀត ព្រោះពួកគេ៤នាក់នោះនៅខេត្តផ្សេងគ្នា ហាក់បីដូចណាត់គ្នានៅតំបន់កន្ទុយនាគ គ្រាន់តែមករកឫសឈើធ្វើថ្នាំ, ស្ទូចត្រី, ស្ទូចកន្ធាយតែប៉ុណ្ណឹងនោះ។ ដូច្នេះហេតុផលខាងលើគ្រាន់ តែសម្រាលបន្ទុកឲ្យជនជាតិវៀតណាមទាំង៤នាក់ ដើម្បីគេចចេញពីសំណាញ់ច្បាប់ ក្នុងការស្រាវជ្រាវរបស់សមត្ថកិច្ចថ្នាក់លើ ខ្លាចជាប់ទាក់ទិនគ្នាដូចសម្លកំពើស អ្នកនៅពីក្រោយខ្នង៕