(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលថ្មីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រយៈពេលប៉ុន្មានថ្ងៃនេះ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ មន្ត្រីក្រោមឱវាទ និងប្រជាការភូមិ ចុះអនុវត្តជួសជុលផ្លូវដី ផ្លូវគ្រួស ផ្លូវលំតាមភូមិ ក្នុងសង្កាត់ផ្សារកណ្តាល សង្កាត់ប៉ោយប៉ែតជាង២០គីឡូម៉ែត្រ រួមទាំងបាញ់ទឹកសម្អាត សំអាតសំរាមតាមផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត។

លោកអភិបាលបានបន្តទៀតថា ក្រុងប៉ោយប៉ែតនាកន្លងមកនេះ គឺមានបញ្ហាប្រឈមជាច្រើនដូចជា៖ បញ្ហាសំរាម បញ្ហាប្រព័ន្ធលូ ប្រព័ន្ធផ្លូវដី ផ្លូវលំ ផ្លូវគ្រួសដែលរងការខូចខាតជាច្រើនខែ អ្វីគួរគត់សំគាល់នោះនៅលើផ្លូវជាតិលេខ៥ មានបញ្ហាដីហុយ មិនគោរពច្បាប់ចរាចណ៍ កកស្ទះ មានភាពរញ៉េរញ៉ៃអស់ជាច្រើនឆ្នាំ ដូច្នេះយើង​ដល់ម៉ោង ដល់វេលាចាត់ការហើយ។

លោកបានបញ្ជាក់ថា យុទ្ធនាការខាងលើនេះតាំងពីរូបលោក មកកាន់តំណែងតាំងពីថ្ងៃទី១១​ ខែធ្នូ លោកបានដឹកនាំរហូតបានរយៈពេល៣ថ្ងៃហើយ យើងមានគ្រឿងចក្រ មានសំភារៈជាច្រើន សម្រាប់ប្រតិបត្តិការខាងលើនេះ រួមទាំងមានសប្បុរសជន ក្រុមហ៊ុននានា ក៏ចូលរួមឧបត្ថម្ភជាសម្ភារ ជាថវិកា ជាដី គ្រួស ក៏ឃើញថា មានប្រជាពលរដ្ឋ​បានចូលរួមអបអរសាទរដល់រូបលោកផងដែរ។

លោកបានបញ្ជាក់ថា បញ្ហាចត ឈប់ រទះតូចធំ កង់បី ម៉ូតូឌុប និងរថយន្តតូចធំ នៅចំណុចរង្វង់មូលរដ្ឋបាលក្រុងប៉ោយប៉ែត ត្រូវបញ្ឈប់បន្តទង្វើអាក្រក់ទៀតឡើយ បើប្រសិនជាពួកគាត់នៅតែបន្ត​បង្កភាពរញ៉េរញ៉ៃ​ យើងចាត់ការតាមនីតិវីច្បាប់ ស្ទួចរទះ ស្ទួចរថយន្តមកកាន់សាលាក្រុងប៉ោយប៉ែតតែម្តង៕