(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ បានបង្គាប់ឱ្យមន្រ្តីនគរបាលជាតិនៅតាមមូលដ្ឋាននានាក្នុងប្រទេសកម្ពុជា ចុះធ្វើការផ្សព្វផ្សាយអប់រំ និងពន្យល់ដល់ប្រជាពលរដ្ឋអំពីកំហុសដ៏ធ្ងន់ធ្ងររបស់ កឹម សុខា និងអតីតគណបក្សសង្រ្គោះជាតិ ដែលនាំឱ្យតុលាការកំពូលកាត់រំលាយ ដោយមិនអាចអត់ឱនឱ្យបាន។

ការដាក់បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាព នៅក្នុង​សន្និបាត​ប៉ុស្ដិ៍​នគរបាល​ទូទាំង​ប្រទេស លើក​ទី​២ និង​ការអនុវត្ត​ការងារ​នគរបាល និង​សហគមន៍ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ។

សម្តេចក្រឡាហោម ស ខេង បានពន្យល់ថា កន្លងមក ក្រោយតុលាការកាត់ទោសរំលាយ គណបក្សសង្រ្គោះជាតិ មានសាធារណជន និងប្រជាពលរដ្ឋជាច្រើន បានយល់ច្បាស់ហើយអំពីកំហុសដ៏ធ្ងន់ធ្ងរបស់គណបក្សប្រឆាំងនេះ ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋមួយចំនួន ដែលក្នុងនោះក៏មានអ្នកប្រកាន់និន្នាការនយោបាយផង នៅមិនទាន់បានយល់ច្បាស់ អំពីអំពើក្បត់ជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសនេះ នៅឡើយទេ។

សម្តេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហេតុនេះសំណូមពរឱ្យមន្រ្តីនគរបាលជាតិ និយាយជារួម និងដោយឡែក មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលមានការងារប្រចាំថ្ងៃ និងផ្ទាល់ជាមួយប្រជាជន ធ្វើការបកស្រាយផ្សព្វផ្សាយអប់រំ ឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយល់អំពីកំហុស លោក កឹម សុខា និងគណបក្សសង្រ្គោះជាតិ ដែលមានទោសធ្ងន់ធ្ងរ មិនអាចអត់ឱនឱ្យបាន ដោយសារពួកគេបានឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ តាមរយៈការរៀបចំបដិវត្តពណ៌ ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលបទល្មើសនេះ មានចែងច្បាស់លាស់នៅក្នុងក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីគណបក្សនយោបាយ»

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយសាលដីកាបិទផ្លូវតវ៉ារបស់តុលាការកំពូលកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថា គណបក្សប្រឆាំងធំជាងគេមួយនេះ បានឃុបឃិតជាប្រព័ន្ធជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានកាត់ទោសថ្នាក់ដឹកនាំ គណបក្សនេះចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។

ការកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ និងចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយវីដេអូមួយ ដោយបង្ហាញថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បាននិយាយសារភាពថា លោកបានអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិកដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ជាយូរមកហើយ ដោយយកគំរូតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា សកម្មភាពនេះ ផ្ទុយនឹងច្បាប់របស់កម្ពុជា ហើយជាអំពើក្បត់ជាតិ៕