(ភ្នំពេញ)​៖ ​នៅរសៀលថ្ងៃទី១២ ខែធ្នូ នេះ​ លោក អ៉ី ថាវរៈ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូងរាជ​ធានីភ្នំពេញ​ ប្រកាស  សាលក្រមផ្តន្ទាទោសឧកញ៉ា ប៊ុន សុីថា ដាក់​ពន្ធនាគារ​ពីរ​ឆ្នាំ និងពិន័យជាប្រាក់២លានរៀល​ពីបទឆបោក។​ សាលក្រមដដែលបានបង្គាប់​ឱ្យ​ជនជាប់ចោទសងប្រាក់ដើមបណ្តឹង ចំនួន ១,៨៩៩,​០០០ដុល្លារអាមេរិក និងសំណង​ជំងឺ​ចិត្ត ៥ម៉ឺនដុល្លារ។

ឧកញ៉ា ប៊ុន ស៊ីថាទទួលបាន​សេចក្ដី​ជូន​ដំណឹង​ (ស.ជ.ណ)​មួយពី គណៈ​រដ្ឋមន្ត្រី​ឱ្យ​ធ្វើការដោះដូរដីរដ្ឋមួយកន្លែងរបស់ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ ការិយាល័យប្រឆាំងគ្រឿងញៀននិងការិយាល័យប្រឆាំង ការជួញដូរមនុស្សនិងការពារ អនី​តិជនរាជធានីភ្នំពេញ ដែលការិយាល័យទាំង៣នេះនៅក្នុងបរិវេណតែមួយ ។

ពេលឧកញ៉ា​ ប៊ុន​ ស៊ីថា​  បាន ស.ជ.ណ​ នេះ​ហើយឧកញ៉ាបានលក់ ស.ជ.ណ នោះទៅ​ឱ្យ​ក្រុម​ហ៊ុនមួយក្នុងតម្លៃទឹកប្រាក់ ៩០​ម៉ឺន​ដុល្លារអាមេរិក។ ពេលលក់ ស.ជ.ណ​ ទៅ​ឱ្យ​ក្រុមហ៊ុននោះបាន​ទទួលប្រាក់រួចហើយ តែ ស.ជ.ណ មិនទាន់បានប្រគល់​ឱ្យ​គេទេ  ។

ក្រោយមកក្រុមហ៊ុនមួយ នោះទាមទារ យក ស.ជ.ណ ក៏លេចឮព័ត៌មានថា ឧកញ៉ា ប៊ុន ស៊ីថា យកទៅដាក់បញ្ចាំ
ទើបក្រុមហ៊ុននោះប្តឹងឧកញ៉ា មកស្ថាប័នតុលាការ។

រហូតមកដល់ថ្ងៃទី០៧ ខែធ្នូ​ ឆ្នាំ២០១៦ លោកមេធាវីម្នាក់បាននាំកូនក្តី គឺឧកញ៉ា ប៊ុន ស៊ីថា មកកាន់សាលាដំបូង​រាជធានីភ្នំពេញ​ ដើម្បីចូលឆ្លើយ បំភ្លឺលើបណ្តឹងឆបោក។ ក្រោយមកនៅថ្ងៃដដែលគេឃើញលោកមេធាវី​ដើរចេញពីសាលាដំបូងតែម្នាក់ឯង ស្របពេលនោះតំណាង​អយ្យការ បានទាក់ទងសមត្ថកិច្ច​ឱ្យ​មកចាំ​ឃាត់ ឧកញ៉ា ប៊ុន ស៊ីថា តែម្តង។

ក្នុងសវនាការកន្លងទៅជនជាប់ចោទ ប៊ុន ស៊ីថា ទទួលស្គាល់ថា បានលក់ដីអោយក្រុមហ៊ុនមួយក្នុងតម្លៃ​៩០​ម៉ឺន​ដុល្លារពិតប្រាកដមែន ហើយធានាក្នុងកាត់ឈ្មោះ ថែមទៀត។  ប៉ុន្តែដោយសារតែការអនុវត្ត ជួបឧបសគ្គនិងបញ្ហាមួយ ចំនួនដែល ដោះស្រាយមិនទាន់​រួចហើយខ្វះខាតប្រាក់បង្វិល ទើបខ្លួនបានយកដីនោះទៅដាក់បញ្ចាំ​​ឱ្យ​អ្នកដទៃចំនួន​៣០​ម៉ឺន​ដុល្លារ។

ជនជាប់ចោទបានបន្តទៀតថា ប្រាក់ដែលបានមកខ្លួនយកមក​ដោះស្រាយ បន្ថែមទៀត តែមិនទាន់រួចរាល់ ក៏ត្រូវ ដើមបណ្តឹង​បានដឹងតែម្តង។  ក្នុងនោះ ពួកយើងបានធ្វើកិច្ចសន្យាបន្ថែមស្តីពី ការទិញលក់ដី ដោយខ្លួនទទួល ខុសត្រូវទាំងអស់រាល់ការខាតបង់។  ដូច្នេះខ្លួនពុំមានចេតនាយកប្រាក់គេហើយ រួចមិនកាត់ឈ្មោះអោយគេនោះទេ។ ប៉ុន្តែខ្លួនគ្មានលទ្ធភាពដោះ ស្រាយប្រាក់​ឱ្យ​ទាន់ពេលវេលា៕