(ភ្នំពេញ)៖ លោក Patrick Murphy ឧបការីរងក្រសួងការបរទេសអាមេរិក បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា បានបន្តទទួលយកពលរដ្ឋខ្មែរ ដែលអាមេរិកបញ្ជូនត្រឡប់មកវិញ។

ការសម្តែងនូវការអរគុណរបស់លោក Patrick Murphy បានធ្វើឡើងក្នុងជំនួបសំណេះសំណាលការងារជាមួយលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ។

បើតាមលោក អ៊ុច បូរិទ្ធ ក្នុងជំនួបនេះ លោកបានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទទួលយកពលរដ្ឋខ្មែរ ដែលអាមេរិកចាប់បញ្ជូនត្រឡប់មកវិញទាំងពលរដ្ឋបានប្រព្រឹត្តទោសនៅអាមេរិក ក៏ដូចជាពលរដ្ឋទៅរស់នៅ ដោយខុសច្បាប់នៅក្រោយឆ្នាំ១៩៩៤។

សម្តេចតេជោ ហ៊ុន សែន នៅពេលថ្មីៗនេះ ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល នឹងទទួលយកទាំងអស់រាល់ប្រជាពលរដ្ឋ ដែលអាមេរិកចាប់បញ្ជូនត្រឡប់មកវិញ។ តែសម្តេចក៏ចង់ឲ្យសហរដ្ឋអាមេរិកគិតគូរផ្តល់ថ្លៃយន្តហោះ រួមទាំងគិតគូរផ្តល់ការឧបត្ថម្ភផ្សេងៗ ដើម្បីប្រជា ពលរដ្ឋទាំងនោះអាចសម្របខ្លួនរស់នៅក្នុងប្រទេសកម្ពុជា។

បើតាមលោក អ៊ុច បូរិទ្ធ នៅអំឡុងខែក្រោយនេះ មានប្រជាពលរដ្ឋខ្មែរប្រមាណ ៧០នាក់ទៀត នឹងត្រូវអាមេរិកបញ្ជូនត្រឡប់មកវិញ បន្ទាប់ពីពួកគេបានប្រព្រឹត្តទោសនៅសហរដ្ឋអាមេរិក។ មកដល់ពេលបច្ចុប្បន្ននេះ មានពលរដ្ឋខ្មែរប្រមាណជា ៦០០នាក់ហើយ ត្រូវបានបញ្ជូន ត្រឡប់មកប្រទេសកម្ពុជា៕