(ភ្នំពេញ)៖ អាជ្ញាធរជាតិអាវុធគីមី នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ បានបើកសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពជាតិគីមី ជីវសាស្រ្ត វិទ្យុសកម្ម នុយក្លេអ៊ែរ។ សិក្ខាសាលាត្រូវបានបើកក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី។

ពិធីដែលបានធ្វើនៅសណ្ឋាគារភ្នំពេញ ក៏មានការចូលរួមពីឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប មន្ត្រីប្រយុទ្ធប្រឆាំងអាវុធគីមីរបស់អង្គការសហប្រជាជាតិ និងថ្នាក់នាំ អ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

សិក្ខាសាលានេះត្រូវបានធ្វើឡើង ដើម្បីពន្យល់ពីការពាក់ព័ន្ធ នៃហានិភ័យគីមីជីវសាស្ដ្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ និងវិធីដែលផែនការសកម្មភាពជាតិគាំទ្រ ការកាត់បន្ថយហានិភ័យគីមី ជីវសាស្ដ្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ។

យោងតាមមន្ត្រីអាជ្ញាធរជាតិអាវុធគីមី បានបញ្ជាក់ថា ខេត្តជាច្រើនរបស់កម្ពុជា ត្រូវបានរកឃើញថា រងឥទ្ធិពលដោយសារអាវុធគីមីរបស់សហរដ្ឋអាមេរិក ដែលបានទម្លាក់ក្នុងសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ១៩៧០ ដូចជានៅមណ្ឌលគិរី ត្បូងឃ្មុំ និងខេត្តស្វាយរៀង។ ក្នុងខេត្តស្វាយរៀងនៅក្នុងមួយរយៈចុងក្រោយនេះ អាជ្ញាធរបានរកឃើញគ្រាប់បែកគីមីរហូតដល់ទៅ២២ទីតាំង នៅក្នុងឃុំគគីរ ស្រុករមាសហែក ហើយបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ៕