(តូក្យូ)៖ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធាស្ទាក់ចាប់មីស៊ីលរួមគ្នា នៅសប្ដាហ៍ក្រោយនេះ បើទោះជាកំពុងមានភាពតានតឹងខ្លាំងជាមួយ កូរ៉េខាងជើងក៏ដោយ។ នេះបើតាមកងកម្លាំងស្វ័យការពារជាតិជប៉ុន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧។

ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានផ្ទុះឡើងខ្លាំង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបមួយគ្រាប់កាលពីចុងខែតុលាកន្លងទៅ ជាមួយការអះអាង ថាគ្រាប់មីស៊ីលរបស់ខ្លួនមានសមត្ថភាព បាញ់ដល់គ្រប់ដីគោកអាមេរិកទាំងអស់។ ដោយឡែក ទាក់ទិននឹងការធ្វើសមយុទ្ធយោធា កងកម្លាំងស្វ័យការពារជប៉ុនបានឱ្យដឹងថា​ សមយុទ្ធយោធារយៈពេលពីរថ្ងៃ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ និងអង្គារសប្ដាហ៍ក្រោយនេះ នឹងក្លាយជាសមយុទ្ធយោធាលើកទី០៦របស់ប្រទេសទាំងបីក្នុងការ ចែករំលែកព័ត៌មានដើម្បីស្ទាក់ចាប់មីស៊ីល នៅក្នុងករណីមានការវាយប្រហារជាយថាហេតុណាមួយពីកូរ៉េខាងជើង។ ប៉ុន្តែសមយុទ្ធយោធានេះ កើតឡើងតែមួយសប្ដាហ៍ ប៉ុណ្ណោះ ក្រោយកូរ៉េខាងជើងបានព្រមានថាសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុនគឺបានរុញច្រានឱ្យឧបទ្វីបកូរ៉េ កាន់តែខិតជិតមាត់ ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើងធ្លាប់ព្រមានជាច្រើនដងថានឹងកម្ទេចជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយអាវុធនុយក្លេអ៊ែរ ដែលខ្លួនប្រកាសប្រាប់ពិភពលោកថាមាន សមត្ថភាពទប់ទល់នឹងការឈ្លានពាន របស់ទីក្រុងវ៉ាស៊ីនតោន ខណៈកងទ័ព ២៨,៥០០នាក់ កំពុងឈរជើងស្រាប់នៅកូរ៉េខាងត្បូង៕