(អេហ្ស៊ីប)៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធអារ៉ាប់ បានជំរុញឱ្យសហរដ្ឋអាមេរិកលុបចោលការសម្រេចចិត្តរបស់ខ្លួនទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានី អ៊ីសា្រអែល នៅក្នុងសេក្ដីថ្លែងការណ៍មួយចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីជួបប្រជុំគ្នាក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីបកាលពីថ្ងៃសៅរ៍។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើដដែល ក្រុមរដ្ឋមន្ត្រីការបរទេស នៃសម្ព័ន្ធអារ៉ាប់ទាំង២២ប្រទេស បានអះអាងថាសហរដ្ឋអាមេរិកបានដកខ្លួនចេញក្នុងនាមជាអ្នកគំាទ្រ និងសម្របសម្រួលដំណើរការណ៍សនិ្តភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈការសម្រេចចិត្តទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីសា្រអែល។ ដូច្នេះហើយ ទើបពួកគេជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន លុបចោលការសម្រេចចិត្តនេះ ដែលកំពុងបង្កចលាចលរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ក៏ប៉ុន្តែនៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្ត្រីការបរទេសលីបង់ លោក Gebran Bassil បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្ម ក៏ដូចជាថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ ដោយលោកចាត់ទុកថាវាគឺជាការសម្រេចចិត្តដ៏គ្រោះថ្នាក់ និងមិនអាចទទួលយកបាន។ «វិធានការបឋមគួរតែត្រូវធ្វើឡើងប្រឆាំងនឹងការសម្រេចចិត្ត នេះដោយផ្ដើមដំបូងពីការដាក់សម្ពាធការទូត ហើយបន្ទាប់មកគឺសម្ពាធនយោបាយ មុននឹងយើងត្រូវចាត់វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។ នេះបើតាមការ លើកឡើងរបស់ លោក Bassil។

គួរបញ្ជាក់ថា ក្រៅតែពីអំពាវនាវឱ្យសហរដ្ឋអាមេរិកលុបចោលការសម្រេចចិត្តរបស់ខ្លួន ក្រុមរដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធអារ៉ាប់ក៏បានអំពាវនាវផងដែរឱ្យសហគមន៍អន្តរជាតិ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាមួយទីក្រុងហ្សេរុយសាឡឹម ខាងកើតជារដ្ឋធានី ក្រោយហ្សេរុយសាឡឹមខាងកើតនេះ ត្រូវបានអ៊ីស្រាអែលបញ្ចូលក្នុងឧបសម្ព័ន្ធ ចាប់តាំងពីឆ្នាំ១៩៦៧មក៕