(កំពង់ធំ)៖ ដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវចំពោះសមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ បានបន្តជំរុញក្រុមការងារចុះជួយស្រុកបារាយណ៍អនុវត្តផែនការចំនួន ៧ចំណុចសំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាពការងារបក្ស និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

ការដាក់ចេញផែនការចម្បងនេះ ត្រូវបានលោក ថោង ខុន លើកឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារបក្សស្រុកបារាយណ៍ប្រចាំខែ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ក្នុងស្រុកបារាយណ៍ ដោយផ្តោតលើរបៀបវារៈសំខាន់ៗ រួមមាន៖ ១-ការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស សៀវភៅគ្រួសារបក្ស និងការធ្វើប័ណ្ណសមាជិកបក្ស ២-ការងារសតិអារម្មណ៍នយោបាយ ៣-ការពង្រឹង និងការកសាងសមាជិកបក្ស ៤-ការងារផ្តល់សេវាសាធារណៈ និងការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះគណបក្សស្រុកក៏បានឡើងរាយការណ៍ ពីលទ្ធផលការងារចំណុចខ្លាំង ការងារសេសសល់ ទិសដៅអនុវត្តបន្ត និងការឡើងមានយោបល់របស់ប្រធានគណបក្សឃុំមួយចំនួនផងដែរ។

លោក ថោង ខុន បានដាក់ចេញនូវផែនការ និងទិសដៅអនុវត្តការងារចំនួន ៧ចំណុច រួមមាន៖

១៖ បន្តចុះធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ការចុះសម្ភាសតាមខ្នងផ្ទះ និងការចែកសៀវភៅគ្រួសារបក្ស ដោយត្រូវបញ្ចប់អោយរួចរាល់នាចុងខែធ្នូ ឆ្នាំ២០១៧នេះ។

២៖ បន្តការធ្វើប័ណ្ណសមាជិកបក្សនៅគ្រប់ឃុំទាំង១៨ ដើម្បីផ្តល់ជូនសមាជិកបក្សទាំងចាស់ និងថ្មី និងត្រៀមបញ្ចូលថ្មីឲ្យបានគ្រប់ៗគ្នា។ ចំពោះឃុំណាដែលខ្វះប័ណ្ណសមាជិកបក្ស ស្នើឲ្យគណបក្សឃុំលើកសំណើមកគណបកក្សស្រុក ដើម្បីឲ្យគណបក្សស្រុកស្នើសុំបន្តទៅគណបក្សខេត្ត បន្ទាប់មក គណបក្សខេត្តនឹងស្នើសុំទៅ គ៨៥។

៣៖ បន្តខិតខំកសាងសមាជិកបក្សថ្មីនៅឃុំទាំង១៨ ឲ្យបាន១ម៉ឺននាក់ ចាប់ពីពេលនេះតទៅរហូតដល់បោះឆ្នោតសកល នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

៤៖ បន្តការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានអោយបានរហ័ស និងមានតម្លាភាព។

៥៖ បន្តការគិតគូរ និងយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយសំណូមពរចាំបាច់នានារបស់ប្រជាពលរដ្ឋ។

៦៖ បន្តតាមដានសភាពការណ៍ និងការងារសតិអារម្មណ៍នយោបាយនៅមូលដ្ឋាន។

៧៖ រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារ នៅដើមខែមករា ឆ្នាំ២០១៨។

ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍មានការរីករាយយ៉ាងខ្លាំង នៅពេលទទួលបានអនុសាសន៍ពីលោកប្រធានក្រុមការងារ និងប្ដេជ្ញាអនុវត្តការងារទាំងនោះឲ្យបានអស់ពីលទ្ធភាពរៀងៗខ្លួន៕