(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយអាជ្ញាធរអប្សរា និងអង្គភាពពាក់ព័ន្ធនៅខេត្តសៀមរាប ដែលដឹកនាំដោយលោក ឃឹម ប៊ុនសុង អភិបាលខេត្ត បង្កើតព្រឹត្តិការណ៍ថតរូបជាប្រវត្តិសាស្រ្ត ដែលមានអ្នកចូលរួមប្រមាណជាង៣០០០នាក់ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ នៅប្រាសាទអង្គរវត្ត ដើម្បីចូលរួមអបអរសាទរ ខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០១៧)។

ទិដ្ឋភាពដ៏អស្ចារ្យទាំងស្រុង នៃការថតរូបជាប្រវត្តិសាស្ត្រនេះ នឹងបង្ហាញជូនបងប្អូនជនរួមជាតិ បានឃើញក្នុងពេលឆាប់ៗខាងមុខនេះ។

សូមជម្រាបថា កម្ពុជាបានដាក់បញ្ជូនសម្បត្តិ​វប្បធម៌ទាំងរូបី និងអរូបី សរុបចំនួន៧ហើយ ក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោកក្នុងនោះរួមមាន៖

១៖ តំបន់​អង្គរវត្ត (សម្បត្តិ​វប្បធម៌​រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​១៩៩២។

២៖ របាំ​ព្រះរាជ​ទ្រព្យ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣។

៣៖ ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥។

៤៖ ប្រាសាទ​ព្រះវិហារ (រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០០៨។

៥៖ ល្បែង​ទាញព្រ័ត្រ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៥។

៦៖ ចាប៉ី​ដងវែង (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

៧៖ ប្រាសាទ​សំបូរ​ព្រៃគុក (រូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី​០៨ ​កក្កដា ឆ្នាំ​២០១៧៕