(ភ្នំពេញ)៖ លិខិតចំហររបស់អ្នកវិភាគស្ថានភាពនយោបាយដ៏ល្បីមួយរូបនៅកម្ពុជា ចៅចាក់ស្មុក ជូនចំពោះឯកឧត្តម ចន ម៉ាក់ខេន និង ថិត គ្រូស សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក !

ឯកឧត្តមសមាជិកព្រឹទ្ធសភា ចន ម៉ាក់ខេន និងថិត គ្រួស ជាទីគោរព!

រយៈពេលជាងបីខែមកនេះចាប់តាំងពី កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិ និងការសម្រេចរបស់តុលាការកំពូលរំលាយ គណបក្សសង្គ្រោះជាតិចោលដោយសារតែរំលោភលើច្បាប់ស្តីពី គណបក្សនយោបាយនៃព្រះរាជាណាចក្រកម្ពុជា ទទួលការបង្គាប់បញ្ជាពីរដ្ឋាភិបាលបរទេស ឯកឧត្តមទាំងពីររូបបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាឈឺឆ្អាលជំនួសបក្សប្រឆាំងនៅកម្ពុជារហូតដល់ពលរដ្ឋអាមេរិករិះគន់ឯកឧត្តមថា គួរតែយកតួនាទីនិងពេលវេលារបស់ឯកឧត្តមគិតគូរធ្វើឱ្យប្រសើរឡើងនូវសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក ជាជាងយកចិត្តទុកដាក់លើរឿងរ៉ាវនៅប្រទេសកម្ពុជា ដែលមិនមែនជាអាទិភាពរបស់ម្ចាស់ឆ្នោតរបស់ឯកឧត្តម។

បើខ្ញុំជាពលរដ្ឋអាមេរិកក៏ខ្ញុំនឹងទូន្មានដូច្នេះចំពោះឯកឧត្តមដែរ និងប្រាប់ជាចំហរថាខ្ញុំពិតជា ស្តាយសន្លឹកឆ្នោតរបស់ខ្ញុំ និងខកចិត្តយ៉ាងខ្លាំងដែលបានគាំទ្រឯកឧត្តម។ ការដើរតួនាទីជួសមុខអតីតបក្សសង្គ្រោះជាតិនៅពេលនេះធ្វើឱ្យខ្ញុំសង្ស័យថា អាមេរិកដែល កឹម សុខា បាននិយាយសារភាពថា បានជួយខ្លួន និងបក្សខ្លួន ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅកម្ពុជាតាមទម្រង់បដិវត្តន៍ពណ៌នៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី គ្មាននរណាក្រៅពីឯកឧត្តមទាំងពីរគឺព្រឹទ្ធសមាជិក ចន ម៉ាក់ខេន និងថេត គ្រូស ទេមើលទៅ។

ឯកឧត្តមទាំងពីរអាចបដិសេធបាន ប៉ុន្តែតាមរយៈទង្វើដែលឯកឧត្តមបានធ្វើមកលើប្រទេសកម្ពុជារបស់ខ្ញុំ ពិតជាបានបង្ហាញច្បាស់ណាស់នូវចេតនាបីសំខាន់៖

ទី១៖ ទោះបីជារដ្ឋការថ្មីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាន់គោលជំហរថា ឈប់ប្រើនូវនយោបាយផ្លាស់ប្តូររបបនៅក្រៅប្រទេស ប៉ុន្តែក្រោមលេសលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្រុមឯកឧត្តមដែលនៅជាសំណល់សល់ពីរដ្ឋាការចាស់ នៅតែបន្តផែនការទុច្ចរិតផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំដែលឯកឧត្តមយល់ឃើញថា មិនដើរតាមបន្ទាត់នយោបាយ ឬមិនស្ថិតនៅក្រោមឥទ្ធិពលរបស់អាមេរិក។ ឯកឧត្តម បានផ្តល់ការគាំទ្រជាសម្ងាត់នូវបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ក្រុមអ្នក នយោបាយបក្សប្រឆាំង និងបានប្រើប្រាស់ពួកគេជាអាយ៉ង ដើម្បីអនុវត្តផែនការផ្លាស់ប្តូរមេដឹកនាំ ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌ តាមរយៈការធ្វើបដិវត្តន៍ដែលមិនមែនជាមធ្យោបាយប្រជាធិបតេយ្យទៅវិញ។ ដើម្បីបំពេញនូវមហិច្ឆតាប្រទេសខ្លួន ឯកឧត្តមហ៊ានចាប់ខ្មែរឱ្យឈ្លោះគ្នា គាំទ្រម្ខាង និងវាយប្រហារខ្មែរម្ខាងទៀត។ បទពិសោធនេះខ្មែរបានទទួលពីប្រទេសឯកឧត្តមឆ្អែតឆ្អន់ហើយកាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ និង១៩៧០ ថែមទាំងប្រទេសឯកឧត្តមទម្លាក់គ្រាប់បែកជាសម្ងាត់ខុសច្បាប់ជិតបីលានតោនសម្លាប់ប្រជាជនខ្ញុំ និងបានបំផ្លាញធនធានធម្មជាតិរបស់ខ្ញុំយ៉ាងសន្ធឹកសន្ធាប់ ហើយពេលនោះប្រទេសឯកឧត្តមមិនបានរំឭកសូម្បីមួយម៉ាត់នូវសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យជាមួយប្រទេសយើងខ្ញុំ។

ជនជាតិខ្មែររបស់ខ្ញុំជាពិសេសព្រះអង្គម្ចាស់ ស៊ីវត្ថិ សិរីមតៈ ដែលជាអ្នកជឿងប់ងល់លើអាមេរិករបស់ឯកឧត្តម និងហ៊ានធ្វើរដ្ឋប្រហារជាមួយសេនាប្រមុខ លន់ នល់ទម្លាក់សម្តេចឪ នរោត្តម សីហនុ បានបង្ហាញការសោកស្តាយជាពន់ពេកដែល បានជឿលើអាមេរិក ហើយបណ្តាំប្រវត្តិសាស្ត្រនេះត្រូវបានពលរដ្ឋខ្មែរ ចងចាំលើកលែង តែក្រុមអ្នកនយោបាយអតីតបក្សប្រឆាំងដែលកំពុងជឿលង់លើឯកឧត្តមជាជនជាតិអាមេរិក ដោយពួកគេសង្ឃឹមថា ឯកឧត្តមទាំងពីរនឹងជួយប្រស់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ ឡើងវិញ ជួយឱ្យពួកខ្លួនបានវិលត្រឡប់ចូលស្រុកវិញដោយចៀសផុតពីទោសក្បត់ជាតិ និងអាចមានឱកាសអង្គុយធ្វើតំណាងរាស្ត្រ ស៊ីប្រាក់ខែរាស្ត្រឡើងវិញ។ តែនេះអាចគ្រាន់ តែជាក្តីសង្ឃឹមនៅក្នុងភាពអស់សង្ឃឹមប៉ុណ្ណោះ ព្រោះឯកឧត្តមទាំងពីរដឹងហើយថាពិភព លោកកំពុងបាញ់ក្រសែភ្នែកមកលើទង្វើប្រាសចាកពីច្បាប់អន្តរជាតិរបស់ឯកឧត្តមបាន ធ្វើចំពោះកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យមួយ។

ទី២៖ ឯកឧត្តមទាំងពីរមិនសប្បាយចិត្ត នឹងឃើញពលរដ្ឋខ្មែរដែលបានងើបពីទុក្ខ សោកនាដកម្មនៃការទម្លាក់គ្រាប់បែកសហរដ្ឋអាមេរិករបស់ឯកឧត្តម រួមនឹងការរំដោះខ្លួនពីអំពើប្រល័យពូជសាសន៍ ខិតខំកសាងសន្តិភាព និងកសាងជាតិរហូតមកទល់ពេល នេះដោយបាតដៃខ្លួនឯង និងគ្មានការជំពាក់គុណរបស់ប្រទេស ឯកឧត្តមឡើយ។ ដោយសារតែការខិតខំប្រឹងប្រែងរបស់មេដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលបានលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាចូលរួមរំដោះជាតិ និងប្រជាជន ព្រមទាំងនាំមកនូវសុខសន្តិភាព ពេញលេញ តាមរយៈការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ប្រមាណ ៧%ក្នុងមួយឆ្នាំរយៈពេល២០ឆ្នាំជាប់គ្នា។

ឯកឧត្តម មិនសប្បាយចិត្តដែលឃើញកម្ពុជាមានគំនិតដោយខ្លួនឯងក្នុងការគ្រប់គ្រងប្រទេស និងមិនរណបបរទេសណាមួយជាពិសេសប្រទេសឯកឧត្តម ទើបឯកឧត្តមព្យាយាមក្នុងការបំផ្លាញប្រទេសកម្ពុជា បំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលយើងខ្ញុំមានតាមរយៈលេសសិទ្ធិ មនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ តាមរយៈកត្តាទាំងពីរនេះអាចអនុញ្ញាតឱ្យឯកឧត្តម និងប្រទេសឯកឧត្តមលូកដៃកកូរកកាយជ្រៀតជ្រែកផ្ទៃក្នុង នៃប្រទេសមួយផ្សេងទៀតដោយស្របច្បាប់ដូចអ្វីដែល ឯកឧត្តមកំពុងតែជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែល ជារដ្ឋឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី។

ឯកឧត្តមតាមរករឿងកម្ពុជាព្រោះ កម្ពុជាមិនមែនជាអឺរ៉ាក់ មិនមែនស៊ីរី ឬលីប៊ី ឬអ៊ុយក្រែនដែលអនុញ្ញាតឱ្យក្រុមឯកឧត្តម ក៏ដូចជាសង្គមស៊ីវិល និងអាយ៉ងនយោបាយ របស់ឯកឧត្តមធ្វើអ្វីតាមតែអំពើចិត្ត។ ឯកឧត្តមព្យាយាមយកកម្ពុជាមកដាក់ក្រោមនឹមអាណានិគមបែបថ្មី និងដើម្បីបម្រើផលប្រយោជន៍ប្រទេសឯកឧត្តម។ ហេតុដូច្នេះហើយបានជាឯកឧត្តមសុខចិត្តទទួលរងការរិះគន់ ពីពលរដ្ឋអាមេរិកដើម្បីការពារអតីតបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំរបស់គេដែលជា អាយ៉ាងនយោបាយរបស់ឯកឧត្តមដើម្បីសម្រេចបំណងអាណានិគមនេះ។

ទី៣៖ ឯកឧត្តមទាំងពីរព្យាយាមគ្រប់បែបយ៉ាងដើម្បីសម្រេចនូវចេតនាទី១ និងទី២ ដើម្បីឈានទៅសម្រេចនូវចេតនាទី៣នោះគឺពង្រឹងឥទ្ធិពលរបស់ អាមេរិកនៅក្នុងតំបន់ និងប្រឆាំងនឹងមហាអំណាចចិននៅអាស៊ី។ សម្រាប់ប្រជាពលរដ្ឋខ្មែរសាមញ្ញ ពួកគាត់បានឱ្យតម្លៃលើឯកឧត្តមទាំងពីរទាំងខុសឆ្គងថា ជាអ្នកដែលបានគិតគូរពីផលប្រយោជន៍ប្រជាជនកម្ពុជាឈឺឆ្អាលជំនួសពលរដ្ឋកម្ពុជាចង់ឱ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ ប៉ុន្តែធាតុពិត នេះគឺគ្រាន់តែជារូបភាពបិទបាំងផែនការមហាមេឃរបស់ប្រទេសឯកឧត្តមក្នុង ការគ្រប់គ្រងឥទ្ធិពល និងភូមិសាស្ត្រនយោបាយនៅអាស៊ីទប់ទល់នឹងចិនតែប៉ុណ្ណោះ។

អ្វីដែលឯកឧត្តមព្រឹទ្ធសមាជិក ថិត គ្រូស មានប្រសាសន៍ភ្លាមៗក្រោយពីក្រសួងការបរទេសអាមេរិក សម្រេចរឹតបន្តឹងការផ្តល់ទិដ្ឋាការដល់មន្ត្រីនៃរាជរដ្ឋាភិបាល កម្ពុជា និងក្រុមគ្រួសាររបស់ពួកគេថា «ការបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារគឺជាវិធានការដ៏មានប្រសិទ្ធភាពដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាឡើងវិញ និងជាការឆ្លើយ តបចំពោះការកើនឥទ្ធិពលចិននៅកម្ពុជា» គឺបានបង្ហាញយ៉ាងច្បាស់លាស់ដោយគ្មានការសង្ស័យថា ឯកឧត្តមទាំងពីរ បាននិងកំពុងយកលេសលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីទប់ទល់ ឬបន្ថយឥទ្ធិពលប្រទេសចិននៅកម្ពុជា។ តើនេះអាចថា ជាសង្គ្រាមត្រជាក់ទី២ទេ? ដែលពីមុនអាមេរិកប្រកួតប្រជែងជាមួយនឹងសហភាពសូវៀត បន្តមករុស្ស៊ីតែឥឡូវនេះគឺមហាអំណាចចិន។

ហេតុអ្វីបានជាអាមេរិកព្យាយាមសង្កត់កម្ពុជា? ព្រោះតែ កម្ពុជាមានទំនាក់ទំនងល្អជាមួយចិន ហើយចិនបានយកចិត្តទុកដាក់ជាអាទិភាពចំពោះខ្មែរ។ ផ្ទុយពីអាមេរិក ដែលតែងតែរកលេសបំផ្លាញខ្មែរតាមគ្រប់រូបភាពតាំងពីដើមរៀង មក។ ឯកឧត្តមទាំងពីរដែលទទួលបន្ទុកគណៈកម្មាធិការកិច្ចការបរទេសពិតជាមិនអាច នៅស្ងៀមឡើយចំពោះភាពម្ចាស់ការរបស់កម្ពុជា និងតួនាទីកម្ពុជាក្នុងតំបន់និងក្នុងពិភពលោក។ ហេតុដូច្នេះបានជាឯកឧត្តមទាំងពីរព្យាយាមបរិហារកេរ្តិ៍កម្ពុជា រិះគន់កម្ពុជា និងវាយប្រហារគ្រប់រូបភាព។ មិនតែប៉ុណ្ណោះបានប្រើអាយ៉ងនយោបាយរបស់ខ្លួនមានទាំង ទណ្ឌិត សម រង្ស៊ី និង កឹម មនោវិទ្យា រជ្ជទាយាទអាយ៉ង នយោបាយ កឹម សុខា ដើម្បីធ្វើជាអ្នកចេញមុខវាយប្រហារ និងបង្កើតជម្លោះផ្ទៃ ក្នុងកម្ពុជាដើម្បីងាយស្រួលក្រុមឯកឧត្តមលូកដៃ ជ្រៀតជ្រែកដូចនៅពេលនេះ។ មិនតែ ប៉ុណ្ណោះ ឯកឧត្តមទាំងពីរក៏ទំនងបានបើកភ្លើងខៀវឱ្យទណ្ឌិត សម រង្ស៊ី និងអាយ៉ងនយោបាយរបស់ឯកឧត្តមដើម្បីប្រើវោហារសាស្ត្រស្អប់់ខ្ពើមជាតិ សាសន៍ប្រឆាំងនឹងប្រទេសចិន និងជនជាតិចិននៅកម្ពុជាផងដែរ។ ចំណុចនេះ សម រង្ស៊ី ដែលមានកេរ្តិ៍ឈ្មោះអសោចលើការរើសអើងប្រកាន់ពូជសាសន៍ ប្រឆាំងជនជាតិវៀតណាម ឥឡូវចាប់ផ្តើមប្រើវោហារសាស្ត្រប្រឆាំងនឹងជនជាតិចិន។

ឯកឧត្តមសមាជិកព្រឹទ្ធសភាទាំងពីរជាទីគោរព!

ក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាអរគុណឯកឧត្តមទាំងពីរដែលបានតាំងខ្លួនជាអ្នកស្រឡាញ់ខ្មែរជាងជនជាតិខ្មែរខ្ញុំ។ ប៉ុន្តែសេចក្តីស្រឡាញ់ដែលឯកឧត្តមទាំងពីរ កំពុងតែបង្ហាញនេះគឺជាសេចក្តីស្រឡាញ់ដ៏ពិសពុលបំផុត។ ឯកឧត្តមបានយកលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមកធ្វើជាឡប់ឡែបិទបាំងភាពពិសពុល និងការកេងចំណេញ ផលប្រយោជន៍សម្រាប់ជាតិឯកឧត្តម។ ឯកឧត្តមបានចោទប្រទេសខ្ញុំថា បានបំផ្លាញនូវដំណើរការប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដែលគ្រាន់តែរាជរដ្ឋាភិបាលនៃប្រទេសខ្ញុំបាន អនុវត្តច្បាប់យ៉ាងត្រឹមត្រូវកម្ចាត់ជនក្បត់ជាតិ និងបក្សដែលទទួលបទបញ្ជាពីរដ្ឋាភិបាល បរទេសដើម្បីការពារសន្តិភាព ការអភិវឌ្ឍ ស្ថេរភាពនយោបាយជូនជាតិនិងមាតុភូមិខ្ញុំ។ ឯកឧត្តមចោទប្រទេសខ្ញុំថា ដឹកនាំបែបផ្តាច់ការ ខណៈសមាជិកនៃបក្សប្រឆាំងរាប់ទាំង អាយ៉ងនយោបាយឯកឧត្តម មានសិទ្ធិសេរីភាពពេញលេញជេរប្រមាថ រាជរដ្ឋាភិបាល និងពេលខ្លះប្រមាថដល់ជីវិតរបស់មេដឹកនាំយើងខ្ញុំ។ តើប្រទេសឯកឧត្តម ឬក៏ឯកឧត្តមផ្ទាល់ទទួលយកបានទេចំពោះការប្រមាថប្រធានាធិបតីលោក ឬប្រមាថជីវិតរបស់លោកផ្ទាល់? ទំនងមិនអាចទទួលយកបានឡើយ។

តើប្រទេសឯកឧត្តមយោគយល់ចំពោះជន ក្បត់ជាតិឃុបឃិតជាមួយបរទេសបំផ្លាញជាតិទេ? ប្រទេសឯកឧត្តមក៏មិនលើកលែងដែរ និងបានចាត់វិធានការប្រឆាំង នឹងជនក្បត់ជាតិដូចគ្នា ដូចអ្វីដែលកម្ពុជាបានធ្វើប្រឆាំងនឹងក្រុមជនក្បត់ជាតិ កឹម សុខា សម រង្ស៊ី និងបក្សសង្គ្រោះជាតិក្បត់ជាតិដែរ។

ឯកឧត្តមបានចាត់ទុកកម្ពុជាថា ជាប្រទេសផ្តាច់ការ គ្មានលទ្ធិប្រជាធិបតេយ្យ និងគ្មានការគោរពសិទ្ធិមនុស្ស តើឯកឧត្តមទាំងពីរមានបានពិនិត្យមើលប្រទេស មួយចំនួននៅក្នុងតំបន់ទេ? យោងតាមបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ ហ្សង់ប្រង់ស័រ តាំង «អ្នកខ្លះថា តាមប្រពៃណី និងគោលការណ៍អាមេរិកដែលជាជើងឯក ផ្នែកសេរីភាពនៅក្នុងពិភពលោក រាប់រកតែបណ្តាប្រទេសណាដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។ ការយល់ឃើញបែបនេះជាការឆោតល្ងង់ដ្បិតនៅក្នុងក្របខណ្ឌ នៃទំនាក់ទំនងអន្តរជាតិ គ្មានទេឧត្តមគតិ គ្មានទេសត្រូវ គ្មានទេមិត្ត មានតែប្រយោជន៍មួយគត់។ គេត្រូវយល់ថា នៅក្នុងសម័យសង្គ្រាមត្រជាក់ ហើយបើនិយាយតែពីតំបន់អាស៊ីអាគ្នេយ៍ ដោយមិនចាំបាច់លើកឡើងពីទ្វីបអាហ្វ្រិកឬពីទ្វីបអាមេរិកខាងត្បូងទេ បណ្តាប្រទេសដែលសហ
រដ្ឋអាមេរិកគាំទ្រសុទ្ធសឹងជារបបផ្តាច់ការបែបយោធា ដែលប្រឆាំងនឹងមនោគមវិជ្ជាកុម្មុយនិស្ត។

ឧទាហរណ៍ជាក់ស្តែង ក្នុងចំណោមរបបផ្តាច់ការបែបយោធាដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងសម័យសង្គ្រាមត្រជាក់ រួមមានជាអាទិ៍ហ្វីលីពីនរបស់ ម៉ាកកុស (Marcos) ឬឥណ្ឌូណេស៊ីរបស់ស៊ូហារតូ (Suharto) ឬក៏ថៃរបស់ក្រុមនាយទាហាន។ សូម្បីតែវៀតណាមខាងត្បូង និងសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់ ដែលអាមេរិកបានការពារ និងដែលបានដួលរលំនៅឆ្នាំ១៩៧៥ ក៏សុទ្ធតែត្រូវបានគេរាប់បញ្ចូលទៅក្នុងបណ្តារបបផ្តាច់ការបែបយោធាដែរ។ ដូចគ្នាអ៊ីចឹងដែរ សម័យឥឡូវនិយាយថា អាមេរិករាប់រកតែបណ្តាប្រទេសណាដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ខុសដែរ ឬក៏មិនត្រូវទាំងស្រុងនោះទេ។

បើអ៊ីចឹងមែននោះ ហេតុអ្វីបានជាអាមេរិកនៅតែមានទំនាក់ទំនងល្អជាមួយម៉ាឡេស៊ី សិង្ហបុរី ព្រុយណេដែលមិនមែនជារបបប្រជាធិបតេយ្យ ឬជាមួយប្រទេសថៃ គ្រប់គ្រងដោយក្រុមយោធា ដែលបានធ្វើរដ្ឋប្រហារ និងថ្មីៗនេះទៀតជាមួយវៀតណាមកុម្មុយនិស្ត ឬជាមួយភូមាដែលទើបតែផ្តើមឈានជើងចូលក្នុង អន្តរកាលប្រជាធិបតេយ្យតែបន្តឋិតនៅក្រោមអំណាចធំធេងដដែលរបស់ពួកនាយទាហាន?»។

ហេតុដូច្នេះ សូមឯកឧត្តមទាំងពីរឈប់ចាប់ខ្មែរឱ្យឈ្លោះជាមួយខ្មែរ និងឈប់មក រករឿងខ្មែរ ដើម្បីបង្កើនឥទ្ធិពលខ្លួនតទៅទៀតទៅ។ ខ្មែរបានដឹងច្បាស់ណាស់ អំពីល្បិចកលដ៏ស្មោគគ្រោករបស់ឯកឧត្តមទាំងពីរ ជាពិសេសនៅថ្ងៃទី១២ ខែធ្នូ ខាងមុខនេះគណៈកម្មាធិការកិច្ចការបរទេសរបស់ឯកឧត្តមនឹងស្តាប់សក្ខីកម្ម របស់អ្នកពាក់ព័ន្ធនានាទាក់ទង នឹងស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្ន។ សមាសភាពដែលនឹងឡើងផ្តល់សក្ខីកម្ម គឺជាអាយ៉ងនយោបាយរបស់ឯកឧត្តម ទាំងអស់ ក្នុងនោះមានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងទាយាទអាយ៉ងនយោបាយ កឹម មនោវិទ្យា កូនស្រីកឹម សុខា។

ឯកឧត្តម ហៅអ្នកទាំងនេះមកផ្តល់សក្ខីកម្មប្រៀបបាននឹងការរកភស្តុតាងតែដាក់បន្ទុកប៉ុណ្ណោះ និងដើម្បីបញ្ជាក់ថាអ្វីដែលក្រុមឯកឧត្តមបានគិតនិង ធ្វើពិតជាត្រឹមត្រូវដើម្បី បំពេញផែនការទុច្ចរិតរបស់ខ្លួនប្រឆាំងនឹងកម្ពុជា។ ពលរដ្ឋកម្ពុជា មិនរំពឹងថា អ្នកទាំងនេះជាពិសេស កឹម មនោវិទ្យា និយាយល្អអំពី កម្ពុជាឡើយព្រោះទាយាទអាយ៉ងនយោបាយម្នាក់នេះបានដើរបំផ្លាញជាតិ និងធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍ខ្មែរនៅលើឆាកអន្តរជាតិប្រកប ដោយមោទនភាពបំផុត ហើយអ្នកនយោបាយទាំងនេះក៏បានក្លាយទៅជាបុគ្គលដែលមិនគួរស្វាគមន៍សម្រាប់កម្ពុជាផងដែរ។

ដោយសារតែឯកឧត្តម លុះដោយអគតិ និងមានរបៀបវារៈនយោបាយនៅពីក្រោយ ទោះបីជារាជរដ្ឋាភិបាលនៃ ប្រទេសខ្ញុំធ្វើត្រឹមត្រូវតាមច្បាប់ ក៏ក្រុមឯកឧត្តម មិនចាប់អារម្មណ៍ និងមិនស្តាប់ហេតុផល ហើយក៏មិនយកទៅសំយោគដើម្បីបានការសម្រេចចិត្តមួយត្រឹមត្រូវឡើយ។ កម្ពុជាពិតជានឹងទទួលរងនូវភាព អយុត្តិធម៌បំផុត ដោយសារតែក្រុមឯកឧត្តមសមគំនិតជាមួយ ក្រុមអ្នកនយោបាយក្បត់ជាតិកម្ពុជាមួយចំនួន។

ក្រុមអ្នកនយោបាយប្រឆាំងទាំងនេះ បានដើរសម្អុយកេរ្តិ៍កម្ពុជាលើឆាកអន្តរជាតិ បំផ្លាញផលប្រយោជន៍កម្ពុជាក្នុងក្តីសង្ឃឹមបរទេសជាពិសេសឯកឧត្តមទាំងពីរ និងសម្ព័ន្ធមិត្រ ដែលជាឪម៉ែរបស់ខ្លួនអាចជួយខ្លួនបាន។ បើក្រុមអ្នកនយោបាយប្រឆាំងជាពិសេស ទណ្ឌិត សម រង្ស៊ី កូនស្រី កឹម សុខា នឹងគូកននយោបាយ ក្បត់ជាតិរបស់ខ្លួនខំប្រឹងបំផ្លាញជាតិ និងប្រជាជនកម្ពុជាស្របតាមផែនការសម្ងាត់ចៅហ្វាយនាយអាមេរិក និងសម្ព័ន្ធមិត្ររបស់ខ្លួនយ៉ាងនេះ គួរតែពួកគេទទួលបានមេដាយបំផ្លាញជាតិពីអាមេរិក ឬពីឯកឧត្តមទាំងពីរ។

កម្ពុជាក៏មិនត្រូវការក្រុមជនក្បត់ជាតិ និងចៅហ្វាយនាយខ្លួនមកបំផ្លាញកម្ពុជាក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបន្តទៀតទេ។ ក្រុមឯកឧត្តមបានដើរ បំផ្លាញប្រទេសជាច្រើនក្នុងពិភពលោក បង្កឱ្យស្លាប់ប្រជាពលរដ្ឋរាប់ម៉ឺនសែននាក់ និង ប្រទេសមួយចំនួនដោះស្រាយបញ្ហាមិនទាន់ចប់នៅឡើយ និងខ្លះកំពុងតែរងគ្រោះក្នុងសង្គ្រាមស៊ីវិល ការទម្លាក់គ្រាប់បែករបស់ប្រទេសឯកឧត្តម និងក្រុមសម្ព័ន្ធមិត្រឯកឧត្តម។
ឯកឧត្តមនិយាយថាមិនខ្វល់នឹងអ្វីដែលគេរិះគន់លើការគាំទ្របដិវត្តន៍ពណ៌ និងការបំផ្លាញប្រទេសដទៃ ប៉ុន្តែប្រទេស និងប្រជាជនដែលរងគ្រោះពីទង្វើរបស់ ឯកឧត្តមទាំងពីរ និង ប្រទេសឯកឧត្តមកំពុងរងទុក្ខវេទនាខ្លោចផ្សារបំផុត និរាសព្រាត់ប្រាសក្រុមគ្រួសារ ស្លាប់ គរជើងលើគ្នាហេដ្ឋារចនាសម្ព័ន្អគ្រប់ប្រភេទ ត្រូវបានកម្ទេចទាំងស្រុង។ សូមឯកឧត្តមចាំ ថាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មិនកើតឡើងក្រោមស្នូរកំាំភ្លើង និងការទម្លាក់គ្រាប់បែកឡើយ។ ប្រទេសកម្ពុជាយើងខ្ញុំស្រឡាញ់និងគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ទើបបានចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសន្តិភាព និងស្ថេរភាព ការអភិវឌ្ឍឱ្យបានគង់វង្ស។

តាមរយៈលិខិតនេះ ពលរដ្ឋខ្មែរសង្ឃឹម និងជឿជាក់ថា ឯកឧត្តមនឹងអាចយល់បាន បន្ថែមទៀតអំពីគោលបំណងដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាគឺការថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត ហើយជឿជាក់ថា ឯកឧត្តមនឹងដឹងថាកម្ពុជាជាជាតិសាសន៍មួយដែលមាន សេចក្តីថ្លៃថ្នូររបស់ខ្លួន និងមានការគោរពចំពោះមនុស្សទាំងឡាយ ប៉ុន្តែក៏រក្សាសិទ្ធិក្នុងការឆ្លើយតបចំពោះការប្រមាថ របស់បរទេសមកលើជាតិ និងប្រជាជនខ្លួន និងការជ្រៀតជ្រែករបស់បរទេស មកលើកិច្ច ការផ្ទៃក្នុងរបស់ប្រទេសខ្លួនក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យភាពដែរ។
កម្ពុជាត្រូវការទំនាក់ទំនងការទូតជាមួយប្រទេសផ្សេងៗក្នុងពិភពលោកដោយស្មើភាព និងស្មើសិទ្ធិ មិនមែនក្នុងនាមប្រទេសអាណានិគម និងប្រទេសរណបឡើយ៕

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧