(ភ្នំពេញ)៖ ក្នុងឱកាសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ បវរកញ្ញាសកលវិទ្យាល័យ ពិភពលោកលើកទី២៨ ដែលមកពី៨២ប្រទេសខុសៗគ្នានេះ ក្នុងនោះមាន៨៤រូប ដែលបរវកញ្ញាកម្ពុជា ៣រូប ហើយការប្រលងផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្ដទៅ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នៅថ្ងៃទី២០ធ្នូខាងមុខនេះ។

​វត្ដមានបវរកញ្ញាសាកលវិទ្យាល័យពិភពលោកនេះ បានធ្វើមកដំណើរមកកម្ពុជា រួចជាស្រេចហើយ ចាប់ពីថ្ងៃទី៦ រហូតមកដល់ថ្ងៃទី១០ ខែធ្នូនេះ ដើម្បីត្រៀមខ្លួនការប្រលងផ្ដាច់ព្រ័ត្រ ក្នុងពេលខាងមុខនេះ ហើយក្នុងថ្ងៃនេះ ក៏មានរៀបចំកម្មវិធី ស្ដីពីបរិស្ថាន និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពីវាគ្មិនល្បីៗច្រើនរូប នៅ CKCC បង្ហាញដល់បវរកញ្ញាសាកលវិទ្យាល័យពិភពលោក ទាំង៨២ប្រទេសនេះ ។

ទន្ទឹមនឹងនោះ បវរកញ្ញា៣រូបតំណាងឲ្យកម្ពុជា រួមមាន កញ្ញា ឡៃ ដាលីន សិក្សានៅសាកលវិទ្យាល័យកម្ពុជា, កញ្ញា សៅ សូត្រទំរង់ពេជ្រ និង សំណាង អេលីណា ជានិស្សិតនៅសាកលវិទ្យាល័យ បញ្ញាសាស្ដ្រកម្ពុជា បានថ្លែងថា «ថ្ងៃនេះយើងទាំងអស់គ្នា បានកំពុងតែទទួលការបណ្ដុះបណ្ដាល ឬជាការបង្ហាញអំពី បរិស្ថាននៅកម្ពុជា និងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយចីរភាពនៅកម្ពុជា និងបណ្ដាប្រទេស ពីវាគ្មិនល្បីៗ ដើម្បីត្រៀមប្រលងផងដែរ ព្រោះពេលប្រលង ក៏មានសំនួរទាក់ទងទៅនឹងបរិស្ថានដែរ ក្រៅពីសម្ដែងសិល្បៈប្រពៃណី ដើរបង្ហាញម៉ូដសម្លៀកបំពាក់ បុរាណ សម័យ រាត្រីស្រមោលសរ »។

បវរកញ្ញាទាំង៣រូបនេះ បានបន្ដថា «ក្នុងនាមយើងខ្ញុំជាតំណាងបវរកញ្ញា ប្រចាំកម្ពុជា យើងបានត្រៀមខ្លួនជាស្រេចហើយ ក្នុងការប្រលងផ្ដាច់ព្រ័ត្រនៅថ្ងៃខាងមុខនេះ ព្រោះការប្រលង គឺមានលក្ខខ័ណ្ឌ ជានិសិ្សតនៅតាមសាកលវិទ្យាល័យ មានសមត្ថភាព វៃឆ្លាត ការប្រាស្រ័យទាក់ទងក្នុងសង្គមបានល្អ ចេះជួយគ្នាទៅវិញទៅមក ជួយដល់ជនងាយរងគ្រោះ និងបូកបញ្ជូលគ្នាទាំងសម្រស់ផងដែរ ដើម្បីឲ្យស្របនឹងពាក្យស្លោកក្នុងកម្មវិធី សន្តិភាព ការស្រលាញ់ និងមនុស្សធម៌» ដូចនេះ យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងសូមឲ្យបងប្អូនយើង ជួយបន្ដការគាំទ្រដល់ពួកយើងបន្ថែមទៀតផង»។

សម្រាប់ការប្រលងបវរកញ្ញាសកលវិទ្យាល័យ ពិភពលោកនេះ ដែលមានពាក្យស្លោក សន្តិភាព ការស្រលាញ់ និងមនុស្សធម៌ នេះ គឺរៀបចំដោយ ក្រុមការងារ កូរ៉េ និក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងបណ្តាញដៃគូមួយចំនួនទៀត។

ក្នុងឱកាសបវរកញ្ញា ទាំង៨២ប្រទេស មកប្រលងផ្ដាច់ព្រ័ត្រ នៅកម្ពុជានេះ ក៏មានដំណើរទស្សនកិច្ច នៅទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញរួចមកហើយ និងបន្ទាប់មកនឹងធ្វើដំណើរទស្សនកិច្ច នៅតាមបណ្ដាខេត្ដមួយចំនួនទៀត ដូចជាទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទសំបូរព្រៃគុកហ៍ នឹងការចុះទៅធ្វើការមនុស្សធម៌ផ្សេងៗទៀត មុនថ្ងៃប្រលងផ្ដាច់ព្រ័ត្រខាងមុខនេះ៕