(ភ្នំពេញ)៖ អស់រយៈពេល៥ថ្ងៃ មានទាំងរត់ ជិះកង់ ចែវទូក បាញ់ធ្នូ ឆ្លងកាត់ឧបសគ្គជាច្រើននៅក្នុងទឹកដីអង្គរ ព្រឹត្តិការណ៍កីឡាអន្តរជាតិ Raid Amazones បានបញ្ចប់យ៉ាងជោគជ័យ ដោយបានផ្សារភ្ជាប់ទៅនឹងវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ ទេសចរណ៍ ជីវភាពពិតៗរបស់ពលរដ្ឋខ្មែរ ពិសេសបានផ្សព្វផ្សាយពីសម្រស់ដ៏ល្អឯករបស់ប្រាសាទអង្គរវត្ត ទៅកាន់ពិភពលោកកាន់តែទូលំទូលាយ។

កម្មវិធីបិទនេះធ្វើឡើងនារាត្រីថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ គ.ស ២០១៧ ក្រោមវត្តមានលោក សុខ សង្វារ អគ្គនាយរងអាជ្ញាធរជាតិអប្សរា លោក ALEXANDER DEBANNE អ្នករៀបចំកម្មវិធី និងលោក ហ៊ុន សុជាតិ អ្នកសម្របសម្រួលកម្មវិធី រួមទាំងកីឡាការនីទាំង៣៤៧នាក់ ចូលរួមយ៉ាងសប្បាយរីករាយ នៅសណ្ឋាគារប៉ារ៉ាឌីសវីឡា-អង្គរ។

លោក ហ៊ុន សុជាតិ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០១៧ កីឡា Raid Amazones បានទទួលជោគជ័យយ៉ាងខ្លាំង ថែមទាំងបន្សល់ទុកនូវស្នាមញញឹម ភាពរីករាយ សាមគ្គីភាព និងបទពិសោធន៍ជីវិតដ៏ល្អនៅលើទឹកដីកម្ពុជាក្នុងចិត្តកីឡាការនីទាំងអស់។ Raid Amazones មិនមែនគ្រាន់តែជាកីឡា តែវាផ្សារភ្ជាប់នឹងវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ ពិសេសទិដ្ឋភាពភូមិស្រុកជនបទ ភូមិបណ្តែតទឹកនៅកំពង់ភ្លុកដ៏ស្រស់ស្អាត និងជីវភាពពិតៗរបស់ប្រជាជនខ្មែរ ជាអ្វីដែលភ្ញៀវចង់ឃើញ ចង់ដឹង ហើយក្រៅពីមកប្រកួតតាមវិញ្ញាសារ កីឡាការនីទាំងអស់ ក៏បានចូលរួមលើកកម្ពស់ទេសចរណ៍សហគមន៍ជាច្រើនដូចជា ជិះរទេះគោ ច្រូតស្រូវ កិនស្រូវ និងបង្រៀនក្មេងៗផងដែរ។

លោកបញ្ជាក់ថា Raid Amazones នឹងវិលមកទឹកដីអង្គរជាលើកទី៣ នៅខែមិនា ឆ្នាំ២០១៨ ដោយសារកម្ពុជាមានការទាក់ទាញលើផ្នែកទេសចរណ៍ ហើយរាជរដ្ឋាភិបាលក៏បានផ្សារភ្ជាប់ផ្នែកនេះទៅនឹងវិស័យកីឡាផងដែរ។ ម្យ៉ាងភ្ញៀវទេសចរភាគច្រើនចង់ជិះកង់កម្សាន្ត ជាផ្នែកមួយនៃទេសចរណ៍គ្មានផ្សែងជួយដល់បរិស្ថាន និងជួយដល់សុខភាពថែមទៀត។

អ្នកស្រី FABIENNE GUICHET មកពីប្រទេសបារាំងបានបញ្ជាក់ថា នេះជាលើកទី៥ដែលអ្នកស្រីបានចូលរួមកីឡា Raid Amazones និងជាលើកទី១ដែលទទួលបានលេខ៣នៅកម្ពុជា។ អ្នកស្រីចាប់អារម្មណ៍ជាខ្លាំង ចំពោះទិដ្ឋភាពដែលបានឃើញពេលប្រកួត គាត់សប្បាយណាស់ដែលបានឃើញភាពអស្ចារ្យ នៃប្រាសាទអង្គរវត្ត ការរស់នៅរបស់ប្រជាជន ពិសេសស្នាមញញឹមរបស់ប្រជាជន ការរាក់ទាក់របស់កុមារកម្ពុជានៅអបអរតាមផ្លូវរហូត ក្នុងនោះអ្នកស្រីក៏បានជួយបង្រៀនក្មេងៗ និងចែកសៀវភៅដល់កុមារកម្ពុជានៅកំពង់ភ្លក់ ដែលអ្នកស្រីបំភ្លេចមិនបានពេលឃើញស្នាមញញឹមរបស់កុមារនៅទីនោះ។

អ្នកស្រីនឹងវិលត្រឡប់មកទស្សនាកម្ពុជាឆាប់ៗជាមួយស្វាមី និងក្រុមគ្រួសារ ព្រោះទីនេះស្អាត អស្ចារ្យ និងប្រជាជនពោរពេញទៅដោយស្នាមញញឹម និងភាពរាក់ទាក់។

លោក សុខ សង្វារ បានលើកឡើងថា តាមរយៈកម្មវិធីនេះបានផ្តល់ផលចំណេញយ៉ាងច្រើនដល់កម្ពុជា ពិសេសតំបន់អង្គរ ព្រោះបានរួមចំណែកលើកកម្ពស់វប្បធម៌ និងបេតិកភណ្ឌតំបន់អង្គរទៅកាន់ឆាកអន្តរជាតិ និងបង្ហាញថា កម្ពុជាជាប្រទេសមានសុខសន្តិភាព ដែលមានការយកចិត្តទុកដាក់ខ្ពស់លើវិស័យបេតិកភណ្ឌ ទេសចរណ៍ និងកីឡាឱ្យរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យភ្ញៀវទេសចរបានឃើញពីស្នាមញញឹមរបស់ប្រជាជនខ្មែរ ការរាក់ទាក់ និងភាពកក់ក្តៅ ក្នុងនោះក្នុងនាមអាជ្ញាធរជាតិអប្សរា ដែលមានតួនាទីគ្រប់គ្រងតំបន់អង្គរ ក៏បានសហការយ៉ាងស្និទ្ធជាមួយក្រុមហ៊ុនរៀបចំព្រឹត្តិការផ្សេងៗ បានរៀបចំឱ្យមានផ្លូវល្អប្រសើរសម្រាប់ថ្មើរជើង ផ្លូវកង់ និងផ្លូវយានយន្ត និងសុវត្ថិភាពទាំងក្នុងព្រៃ ព្រមទាំងសុខសុវត្ថិភាពទាំងស្នាក់នៅផងដែរ៕