(ភ្នំពេញ)៖ អ្នកជំនាញវិស័យស្រូវ អង្ករកម្ពុជា លោក សុង សារ៉ន និងជាអគ្គនាយកក្រុមហ៊ុន Amru Rice បានដឹងថា នៅឆ្នាំ២០២០ ខាងមុខ កម្ពុជានឹងអាចសម្រេចបានការនាំចេញអង្ករចំនួន១លានតោន ខណៈពេលបច្ចុប្បន្ននេះ វិស័យស្រូវអង្កររបស់កម្ពុជា កំពុង​តែដំណើរការទៅមុខយ៉ាងប្រសើរ។

លោក សុង សារ៉ន បានថ្លែងឲ្យដឹងថា «ដើម្បីបន្ដឆ្ពោះទៅរកភាពចម្រុងចម្រើនទាំងអស់គ្នា ខ្ញុំគិតថាការសម្រេចបានដំណើរ​ឆ្ពោះទៅកាន់ ការនាំចេញអង្ករ១លានតោន នៅរយៈពេល ២-៣ ឆ្នាំខាងមុខទៀត ក្នុងករណីបន្ដឲ្យមានផលចំណេញទាំងអស់​គ្នា
ខ្ញុំគិតថា៣ឆ្នាំទៅមុខទៀត អាចនឹងសម្រេចគោលដៅនេះបាន»។

លោកបានបន្ដទៀតថា ប្រសិនបើយើងចង់បាន១លានតោននាពេលបច្ចុប្បន្ននេះ យើងអាចសម្រេចបាន ប៉ុន្ដែខាតបង់ច្រើន​បើធ្វើដោយសន្សឹមៗ នឹងទទួលបាន១លានតោន ដោយពុំមានការខាតបង់នោះឡើយ។ ២០២០ខាងមុខនេះច្បាស់ជាអាច
សម្រេចបាន​គោលដៅនេះជាក់ជាពុំខាន។

ជាមួយគ្នានេះ លោកបានបង្ហាញនូវក្តីរំពឹងថា នៅឆ្នាំ២០១៧នេះ កម្ពុជានាំចេញអង្ករបាន៦០ម៉ឺនតោន ក្នុងអត្រាកំណើន៥ ឬ៦ម៉ឺនតោន។ លោកបានសម្លឹងឃើញទីផ្សារប្រទេសចិនជា ទីផ្សារល្អសម្រាប់អង្កររបស់កម្ពុជា។

សូមជម្រាបថា ១១ខែឆ្នាំ២០១៧ ចាប់ពីខែមករា ដល់វិច្ឆិកា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករបានចំនួន៥៦២,២៣៧តោន កើនឡើង១៧.២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ដែលមានចំនួន៤៧៩,៦៨៩តោន៕

សូមទស្សនាកិច្ចសម្ភាសន៍របស់បណ្តាញសារព័ត៌មាន Fresh News ជាមួយលោក សុង សារ៉ន ដូចខាងក្រោម៖​