(ភ្នំពេញ)៖ លោក សេរី កុសល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃអាជ្ញាធរមីន បានថ្លែងថា ការដែលក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនេះ ប្រៀបដូចជាទះកំផ្លៀងយ៉ាងដំណំ ទៅលើក្រុមក្បត់ជាតិ ក៏ដូចជាចង្អុលចំក្បាលប្រទេស ដែលគាំទ្រក្រុមក្បត់ជាតិទាំងនោះផងដែរ។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅវិមានសន្តិភាព។

លោកថា ការផ្ដល់យុត្តិធម៌ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជានេះ គឺផ្ទុយស្រឡះពីការរិះគន់របស់ក្រុមក្បត់ជាតិ ក៏ដូចជាប្រទេសចិត្តទសកណ្ឌមួយចំនួន ដែលតែងតែបំផ្លិចបំផ្លាញកម្ពុជា បំបែកបំបាក់កម្ពុជាឲ្យបែកខ្ញែកគ្នាជារឿយៗកន្លងមក។

ដោយសារភាពដាច់ស្រឡះពីគ្នាដូច្នេះហើយ ទើបលោកទេសរដ្ឋមន្ត្រី សេរី កុសល បានថ្លែងថា ការដែលក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនេះ ប្រៀបដូចជាទះកំផ្លៀងយ៉ាងដំណំទៅលើក្រុមក្បត់ជាតិ ក៏ដូចជាចង្អុលចំកណ្ដាលក្បាលប្រទេសដែលគាំទ្រ ក្រុមក្បត់ជាតិទាំងនោះយ៉ាងអីចឹង។

មិនតែប៉ុណ្ណោះ លោកទេសរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោក សម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ខណៈដែលកម្ពុជាកំពុងមានសុខសន្តិភាព ស្ថិរភាពពេញផ្ទៃប្រទេស ហើយក្រុមក្បត់ជាតិក៏បាន និងកំពុងសាបរលាយទៅវិញជាហូរហែផងដែរ។

លោកបានបន្ថែមថា អ្វីដែលក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបផ្ដល់ជូនកម្ពុជានេះ ជាការផ្ដល់យុត្តិធម៌សមហេតុសមផលស្របនឹងទិដ្ឋភាព និងស្ថានភាពជាក់ស្ដែងក្នុងប្រទេសកម្ពុជា ជាមួយការថ្លែងសន្ទរកថា​ ដ៏មានអត្ថន័យមិនអាចកាត់ថ្លៃបាន ពិសេសការលើកឡើងពីស្នាដៃដ៏វិសេសវិសាល របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចេញពីការមើលឃើញពិតៗរបស់ក្រុមប្រតិភូអឺរ៉ុបខាងលើនោះ។

អ្វីដែលជាគោលគំនិត របស់លោកទេសរដ្ឋមន្ត្រី សេរី កុសល គឺលោកគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបំផុសស្មារតីឲ្យជនជាតិខ្មែរសាមគ្គីគ្នា រួមសុខរួមទុក្ខជាមួយគ្នា ពួតដៃគ្នាជាធ្លុងមួយ ដើម្បីការពារព្រះរាជបល្ល័ង្ករបស់ព្រះមហាក្សត្រ និងចូលរួមអភិវឌ្ឍន៍កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពូនជ្រែងកម្ពុជាឲ្យរុងរឿងថ្កុំថ្កើនទៅអនាគត។

សូមជម្របថា ក្រៅពីការជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន ជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈពិភពលោកសម្រាប់វិស័យទេសចរណ៍ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព (Global Ambassador for Tourism and Sustainable Development Goals) ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ក៏បានប្រគល់ពានរង្វាន់ដល់រាជធានីភ្នំពេញ ជារាជធានីនៃទេសចរណ៍ និងវប្បធម៌ពិភពលោក សម្រាប់ឆ្នាំ២០១៧-២០១៨​ ផងដែរ៕