(ភ្នំពេញ)៖ កម្ពុជាបច្ចុប្បន្នកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាលក៏កំពុងបោះជំហានទៅមុខជាបណ្ដើរៗផងដែរ ដើម្បីចូលរួមក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ បាននាំមកនូវបច្ចេកវិទ្យា និងឧបករណ៍ផ្នែកទន្តសាស្ត្រទំនើបៗស្របតាមស្ដង់ដារអន្តរជាតិ ផ្ដល់ជូនអតិថិជនទាំងអស់នៅកម្ពុជា ពោលអ្នកជំងឺមិនចាំបាច់ចំណាយពេល និងថវិកាទៅព្យាបាលនៅក្រៅប្រទេសដូចមុនទៀតឡើយ។

ឆន្ទៈចូលរួមក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល និងការយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋកម្ពុជានេះ ត្រូវបានបញ្ជាក់ដោយលោកវេជ្ជបណ្ឌិត ណារិនតារ៉ា ប្រធានមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ក្នុងសន្និសិទសារព័ត៌មាននាព្រឹកថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ គ.ស ២០១៧។

លោក ណារិន បានឲ្យដឹងថា ជាមួយការខិតខំប្រឹងប្រែងក្នុងការផ្ដល់នូវកម្រិតស្ដង់ដារផ្នែកទន្តសាស្ត្រ ដែលមានគុណភាពដ៏ល្អបំផុតនោះ មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ មានការទទួលខុសត្រូវជាលក្ខណៈស្ដង់ដារតាមមាត្រដ្ឋានកម្រិតអន្តរជាតិ JCI (ស្ថាប័នលំដាប់ថ្នាក់កំពូល មានមូលដ្ឋាននៅសហរដ្ឋអាមេរិក) ដូចដែលលោកអ្នកបានដឹងហើយ ជាមួយនឹងស្លាកសញ្ញាស្ដង់ដារពណ៌មាស ដែលបានបង្កើត និងផ្ដល់ឲ្យមានសេវាថែទាំសុខភាព តាមលក្ខណៈស្ដង់ដារពិភពលោក។

ប្រធានមន្ទីរពេទ្យដ៏ល្បីល្បាញរូបនេះបានបន្តថា បច្ចុប្បន្ន ដោយសង្កេតឃើញថា តម្រូវការរបស់អតិថិជនផ្នែកទន្តសាស្ត្រកាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃនោះ មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ និងឱសថស្ថានផ្នែកទន្តសាស្ត្ររបស់មន្ទីរពេទ្យបាងកក បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការអភិវឌ្ឍផ្នែកសេវាទន្តសាស្ត្រឲ្យកាន់តែល្អ ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន និងបន្ថែមសម្ភារទំនើបៗ ជាមួយនឹងវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ពីប្រទេសថៃ ដូចជា ទន្តពេទ្យជំនាញខាងផ្នែកដាំបង្គោលធ្មេញ និងជំនាញខាងផ្នែកវះកាត់ធ្មេញ ដើម្បីបើកបម្រើសេវាជូនអថិតិជនគ្រប់រូប ពិសេសការតម្រង់ធ្មេញឲ្យត្រង់តាមបច្ចេកវិទ្យាទំនើប ដោយខាំពុម្ភធ្មេញដោយវេជ្ជបណ្ឌិត Warasiri Pitakanondo និងទន្តពេទ្យជំនាញខាងដាំបង្គោលធ្មេញដោយវេជ្ជបណ្ឌិត Phawak TungthangThum ព្រមទាំងវេជ្ជបណ្ឌិត Walailak Chokchatree ដែលមានជំនាញច្បាស់លាស់ពិតប្រាកដ ហើយពួកគាត់ទាំងអស់សុទ្ធតែទទួលបានជោគជ័យ និងកោតសរសើរពីអតិថិជនផងដែរ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា គ្រូពេទ្យជំនាញទូទៅ និងគ្រូពេទ្យជំនាញឯកទេសបានសហការគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការផ្ដល់ជូននូវសេវាមានគុណភាព ដែលអតិថិជនគ្រប់រូបត្រូវការជាចម្បង។ គ្រូពេទ្យជំនាញៗរបស់មន្ទីរពេទ្យបានត្រៀមរួចជាស្រេច ជាមួយគ្រឿងបរិក្ខាដ៏ទំនើបទាន់សម័យចុងក្រោយបំផុត រួមទាំងការថែរក្សាសុខភាពមាត់ធ្មេញ តាមលំដាប់ថ្នាក់ស្ដង់ដារពិភពលោកផងដែរ។

ការដែលផ្ដល់ជូនសេវាព្យាបាលមាត់ធ្មេញឲ្យបានល្អបំផុតនោះ គឺមិនមែនតែការពិនិត្យព្យាបាលមួយមុខទេ គឺត្រូវតែមានអ្នកជំនាញខាងមាត់ធ្មេញផងដែរ ដូចជា មានអ្នកជំនាញខាងផ្នែកដាំបង្គោលធ្មេញ ផ្នែកព្យាបាលនឹងថែរក្សាសោភ័ណភាពមាត់ធ្មេញ។ មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យក៏មានផ្ដល់ជូនសេវាដែលជាតម្រូវការដ៏ចាំបាច់របស់អតិថិជនផងដែរ។ ទាំងនេះគឺមន្ទីរពេទ្យបានរួមបញ្ចូលឲ្យមានទីកន្លែងតែមួយ ជាមួយនឹងប្រសិទ្ធភាពសម្រាប់ការរៀបចំព្យាបាល ដែលផ្ដល់ជូននូវការថែរក្សាព្យាបាលគ្រប់បែបយ៉ាង នៃទីកន្លែងដែលមានផាសុកភាព។

លោក ណារិន បានបន្ថែមថា គោលដៅរបស់មន្ទីរ គឺផ្ដល់នូវការថែរក្សាព្យាបាលមាត់ធ្មេញឲ្យបានល្អឥតខ្ចោះ ដើម្បីធ្វើឲ្យសុខភាពមាត់ធ្មេញរឹងមាំ ជាពិសេសនោះ ដើម្បីឲ្យអតិថិជនគ្រប់រូបទទួលបាននូវស្នាមញញឹមដ៏ស្រស់ស្អាត។ សម្រាប់អតិថិជនដែលជាភ្ញៀវបរទេស គឺមានមោទនភាពក្នុងការផ្ដល់ជូននូវសេវាបកប្រែ ដែលមានរហូតទៅដល់២០០ភាសា តាមប្រព័ន្ធអនឡាញ។

សម្រាប់សេវាទន្តសាស្ត្រ រួមមមាន៖ ការតម្រង់ធ្មេញឲ្យត្រង់តាមបច្ចេកវិទ្យាទំនើបដោយការខាំពុម្ភធ្មេញ ដាំបង្គោលធ្មេញ ការព្យាបាលមាត់ធ្មេញ ក្រាសព្យាបាលមាត់ធ្មេញ ក្រាសធ្មេញសម្រាប់ពាក់ (ធ្មេញពាក់ជំនួសធ្មេញដែលខូច) ការថែរក្សា និងលាងសំអាតមាត់ធ្មេញ ដកធ្មេញ (ដកធម្មតា និងតាមការវះកាត់) ដាក់ធ្មេញ ប៉ះធ្មេញជាដើម។

សូមជម្រាបថា មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ជាមន្ទីរពេទ្យដែលទទួលបានបានមាត្រដ្ឋានកម្រិតអន្តរជាតិ JCI ដំបូងគេបង្អស់នៅកម្ពុជា។ មន្ទីរពេទ្យនេះ ក៏ជាសាខារបស់មន្ទីរពេទ្យដ៏ធំមួយដែលគ្រប់គ្រងដោយមន្ទីរពេទ្យបាងកក និងជាបណ្ដាញមន្ទីរពេទ្យរបស់ BDMS (Bangkok Dusit Medical Service Public Co.,Ltd) ក្នុងនោះក្រុមគ្រូពេទ្យក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ សុទ្ធតែមានជំនាញច្បាស់លាស់ដែលទទួលបានការបណ្ដុះបណ្ដាលច្បាស់លាស់ អ្វីដែលកាន់តែពិសេសនោះ គឺជាបំពាក់បច្ចេកវិទ្យាបរិក្ខាពេទ្យដ៏ទំនើបទាន់សម័យ៕