(ភ្នំពេញ)៖ សហព័ន្ធគុនខ្មែរអន្ដរជាតិ បានទទួលជោគជ័យបន្ថែមលើការរៀបចំព្រឹត្តិការណ៍គុនខ្មែរអន្ដរជាតិ លើកទី១(1st World Kun Khmer) ឆ្នាំ២០១៧ ថ្មីមួយទៀតហើយ ក្រោយទទួលបានការគាំទ្រ និងព្រមព្រៀងធ្វើជាអនុប្រធានពីតំណាងប្រទេសចំនួន ៥ ដើម្បីសហការផ្សព្វផ្សាយអំពីក្បាច់គុនបុរាណខ្មែរ ដែលបន្សល់ទុកពីបុព្វបុរសខ្មែរនេះ ឲ្យកាន់តែល្បីល្បាញ និងរីកចម្រើនបន្ថែមទៀតលើពិភពលោក ។

នៅថ្ងៃទី១០ ខែធ្នូនេះ សហព័ន្ធគុនខ្មែរអន្ដរជាតិ បានរៀបចំមហាសន្និបាតលើកទី១ របស់ខ្លួន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក្រោមវត្តមានលោក មាម រ៉ា ប្រធានសហព័ន្ធ និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធ ។ លើសពីនេះ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់តំណាងកីឡាប្រដាល់មកពីប្រទេសបារាំង ប្រេស៊ីល នេប៉ាល់ អ៊ីរ៉ង់ ថៃ ឡាវ អ៊ុយក្រែន អូស្ដ្រាលី និងនីហ្សេរីយ៉ាផងដែរ ។

អ្វីដែលជោគជ័យនោះ គឺមានប្រទេសជាច្រើន ដែលចូលរួមមហាសន្និបាត សុទ្ធតែបានគាំទ្រសកម្មភាពសហព័ន្ធគុនខ្មែរអន្ដរជាតិ ខណៈមានប្រទេសចំនួន ៥ បានព្រមព្រៀងធ្វើជាអនុប្រធានសហព័ន្ធ ដើម្បីរួមចំណែកផ្សព្វផ្សាយ និងពង្រីកការអភិវឌ្ឍន៍លើពិភពលោក ដូចជានេប៉ាល់ អ៊ីរ៉ង់ បារាំង អ៊ុយក្រែន និងអូស្ដ្រាលី ដែលបានឯកភាពគ្នាទាំងស្រុង នៅក្នុងមហាសន្និបាតកាលពីព្រឹកមិញ ។ នេះបើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ NOCC ។

លោកសង្កត់ធ្ងន់ថា «ថ្ងៃនេះគឺជាជោគជ័យប្រវត្តិសាស្ដ្រ សម្រាប់កិត្តិយសជាតិ និងក្បាច់គុនព្រលឹងជាតិ ដែលបានពង្រីកទៅពិភពលោក ហើយមានសមាជិករបស់យើងលើពិភពលោកគាំទ្រពេញទំហឹង ដើម្បីជួយផ្សព្វផ្សាយ និងអភិវឌ្ឍន៍ ។ ជាក់ស្ដែង ៥ប្រទេស ដែលធ្វើជាអនុប្រធាន បានប្ដេជ្ញាយ៉ាងមុតមាំក្នុងការផ្សព្វផ្សាយប្រចាំតំបន់រៀងៗខ្លួន ដូចជាអ៊ីរ៉ង់ ប្រចាំមជ្ឈិមបូព៌ា, នេប៉ាល់ ប្រចាំអាស៊ីខាងត្បូង, បារាំង ប្រចាំនៅអឺរ៉ុប, អូស្ដ្រាលី ប្រចាំតំបន់អូសេអានី និងអ៊ុយក្រែន គឺផ្សព្វផ្សាយនៅអឺរ៉ុបខាងកើត» ។

លោកថា តាមរយៈសមិទ្ធិផលខាងលើ នៅថ្ងៃអនាគត នឹងមានប្រទេសចូលរួមជាមួយគុនខ្មែរអន្ដរជាតិកាន់តែច្រើន គ្រាដែលសហព័ន្ធបានកំណត់គោលដៅ នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសលើពិភពលោកបន្ថែមទៀត ដើម្បីជំរុញឲ្យព្រឹត្តិការណ៍គុនខ្មែរអន្ដរជាតិ ដែលរៀបចំសហព័ន្ធគុនខ្មែរអន្ដរជាតិ ទទួលបានជោគជ័យ និងរីកចម្រើន ឆ្ពោះទៅរកការប្រកួតកម្រិតពិភពលោក អាស៊ី ពិសេសគឺការត្រៀមបញ្ចូលគុនខ្មែរ ទៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះតែម្ដង ។

គួរបញ្ជាក់ថា មុនទទួលបានផ្លែផ្កាដ៏ត្រចេះត្រចង់ខាងលើ ពេលនេះសហព័ន្ធ និង NOCC បាននឹងកំពុងសហការគ្នារៀបចំព្រឹត្តិការណ៍គុនខ្មែរអន្ដរជាតិ លើកទី១ នៅវិមានពហុកីឡដ្ឋានជាតិ ដែលធ្វើឡើង ៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែធ្នូ ដោយទទួលបានកីឡាករ-កីឡាការិនី ១១ប្រទេសចូលរួម ។ ទន្ទឹមជាមួយគ្នា តំណាងប្រទេសចូលរួម ក្រៅពីបានគាំទ្រការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកលើកដំបូង ពួកគេបានស្នើរឲ្យកម្ពុជារៀបចំជាលើកទី២ នៅតំបន់អង្គរខេត្តសៀមរាប ហើយពួកគេបានសន្យានឹងគៀងគរបណ្ដាប្រទេសលើពិភពលោកចូលរួមឲ្យកាន់តែច្រើន ។ ដោយហេតុនេះ កម្ពុជាក៏បានឯកភាពតាមសំណើរពួកគេផងដែរ ៕