(កំពង់ស្ពឺ)៖ ដោយ​មើលឃើញពីវិស័យកសិកម្ម បន្លែគ្មានសារជាតិគីមី ក្រុមហ៊ុន Farmhouse នៅព្រឹកថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចុះពិនិត្យសួនដំណាំបន្លែមួយនេះ ដែលមានទីតាំងនៅសួនដំណាំបន្លែ ​ក្នុងភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង គ្រប់គ្រងដោយលោក Jordan Kunder ជនជាតិស្វីស។

លោក​អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា​ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យកសិកម្ម និងឆ្លើយតបតម្រូវការចាំបាច់ផ្នែកសុខភាព ដូច្នេះក្នុងនាមអាជ្ញាធរមូលដ្ឋាន និងបង្កលក្ខណៈជូនអ្នកវិនិយោគ ផ្នែកកសិកម្ម ជាពិសេស គឺបន្លែគ្មានគីមីនេះឲ្យមានដំណើរការល្អ​។

លោក វ៉ី សំណាង បានផ្តល់ជាគំនិតផ្នែកកសិកម្ម ដល់ម្ចាស់កសិដ្ឋានឲ្យយកចិត្តទុកដាក់ កសាងប្រព័ន្ធស្រោចស្រប់ ធ្វើយ៉ាងណាឲ្យផលដំណាំ ទទួលបានផ្លែផ្កាដើម្បីជោគជ័យក្នុងមុខរបរ ដោយលោកបានបញ្ជាក់ថា កសិដ្ឋានដំណើរការល្អ ពលរដ្ឋប្រាកដជាមានការងារធ្វើ ហើយភាពចាំបាច់ម៉្យាងទៀត គឺជាតំបន់ទេសចរណ៍បែបធម្មជាតិថែមទៀត​។

​ជាមួយគ្នានេះ លោក ជួន សិលារិទ្ធ អនុប្រធានក្រុមហ៊ុន ក៏បានឲ្យដឹងដែរថា គោលបំណងរបស់ក្រុមហ៊ុន Farmhouse និងសាងសង់កសិដ្ឋានគំរូមួយសម្រាប់ ទស្សនៈកិច្ចរបស់​ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ រួមទាំងកសិករ និសិត្ស Grow Asia និងអ្នកពាក់ព័ន្ធនានា​។

លោកបន្តថា ក្រុមហ៊ុននឹងផ្គត់ផ្គង់បន្លែប្រកបដោយសុវត្តិភាព និងមានប្រភពច្បាស់លាស់ ដល់ប្រជាពលរដ្ឋគ្រប់គ្នាតាមទីផ្សារ ដើម្បីធានាការកាត់បន្ថយ ការប្រើប្រាស់សារជាតិគីមី ក្នុងកំរិតទាបបំផុត​អនុឡោមទៅតាមស្តង់ដា ការអនុវត្តកសិកម្មល្អ អន្តរជាតិ (Global GAP) ក្នុងនោះបង្កើន និងជំរុញដល់ការដាំដុះបន្លែកសិកម្ម​ក្នុងតំបន់ កាត់បន្ថយការនាំចូលបន្លែដែលគ្មានសុវត្ថិភាព និងគ្មានប្រភពច្បាស់លាស់ពី ប្រទេសជិតខាង៕