(ភ្នំពេញ)៖ លោក លោក កែ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាវីរៈបុរសជួយសង្រ្គោះអាយុជីវិត ប្រជាជនកម្ពុជាទូទាំងប្រទេស ពីរបបប្រល័យពូជសាសន៍ និងបានផ្តល់សិទ្ធិគ្រប់បែបយ៉ាង ដល់ប្រជាជនខ្មែរទាំងមូល។

លោក កែ រ៉េមី បានថ្លែងបែបនេះ ក្នុងឱកាសលោកបានអញ្ជើញជា អធិតតីភាពក្នុងពិធីអបអរសាទរខួបលើកទី៦៩ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ក្រោមប្រធានបទ «សិទ្ធិភាព គឺជាមូលដ្ឋានគ្រឹះ នៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ» ដោយមានការចូលរួមពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក កែ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីពាក់ព័ន្ធ សិស្សានុសិស្ស ចូលរួមយ៉ាច្រើនកុះករ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលមហោស្រពកោះពេជ្រ។

លោក កែ រ៉េមី បានបន្តថា «មានតែសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំសិទ្ធិមនុស្សមកកម្ពុជា បន្ទាប់ពីផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ដោយបាននាំមកនូវការបង្កើតច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ នៃការធានាសិទ្ធិមនុស្ស និងបង្កើតរដ្ឋធម្មនុញ្ញ បង្កើតជារបបព្រះរាជាណាចក្រកម្ពុជា អាស្រ័យរដ្ឋធម្មនុញ្ញលើកទី២ នៅលើកទឹកដីកម្ពុជា ដូច្នេះហើយសូមប្រជាពលរដ្ឋទាំងអស់ មេត្តាដឹកគុណសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា»

លោក កែ រ៉េមី បានបញ្ជាក់ថា «សន្តិភាពមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះសន្តិភាពបង្កើតឱកាស ឲ្យប្រទេសជាតិអភិវឌ្ឍ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតជាដើម។ ដូច្នេះហើយសម្តេចតេជោ ហ៊ុន សែន ផ្តោតយ៉ាងខ្លាំងទៅលើសន្តិភាព ដោយសារកម្ពុជា ធ្លាប់ទទួលភាពមហន្តរាយ ដោយប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាម។ សម្តេចតេជោ បានទប់ស្កាត់រាល់បាតុភាពណា នាំឲ្យប្រទេសទៅរកភាពចលាច ជាពិសេសបានទប់ស្កាត់ជនមួយចំនួនតូច យករូបភាពនៃសិទ្ធិមនុស្ស មានគំនិតចង់បង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា ឲ្យទទួលបរាជ័យ»

មេសិទ្ធិមនុស្សកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមក្រឡេកទៅមើលបណ្តាលប្រទេសអារ៉ាប់មួយចំនួន និងបណ្តាប្រទេសនៅតំបន់មជ្ឈឹមបូព៌ាមួយចំនួន គ្មានបទពិសោធន៍លើបញ្ហាសន្តិភាព ជ្រួលជ្រើមពាក្យសិទ្ធិមនុស្ស ទៅបង្កើតចលាច បាតុកម្ម កុប្បកម្ម សង្គ្រាមផ្ទៃក្នុងនៅពេលហិនហោចវិនាសស្លាប់ប្រជាជន ទីក្រុងខ្ទីចខ្ទីអស់ ទើបយុវជនអស់ហ្នឹងមានវិប្បដិសារី និងស្តាយក្រោយ ប៉ុន្តែអ្វីៗក៏ហួសពេលដែល។ ដូច្នេះកម្ពុជា មានបទពិសោធន៍ចាស់ទុំ ជាងបណ្តាលទាំងនោះ ដូច្នេះរដ្ឋាភិបាលកម្ពុជាទប់ស្កាត់ដាច់ខាត មិនឲ្យមានបាតុភាពណាមួយនាំប្រទេសជាតិ វិនាសនោះទេ»

ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ក្នុងរបបអាវខ្មៅប្រល័យពូជសាសន៍ ប៉ុល ពត គឺប្រជាពលរដ្ឋខ្មែរ គ្មានទេសិទ្ធិសេរីភាព សូម្បីអាហារហូបគ្រប់គ្រាន់ក៏គ្មានដែរ តើឯណាទៅសិទ្ធិមនុស្ស។ សិទ្ធិមនុស្សត្រូវបានអភិវឌ្ឍន៍ចាប់តាំងពីឆ្នាំ១៩៧៩ បន្ទាប់ការផ្តួលរំលំ របបប្រល័យពូជសាស្ត្រ ប៉ុល ពត រហូតមកដល់សព្វថ្ងៃនេះ។

លោក ឱម យិនទៀង បានថ្លែងថា «ជានិច្ចកាលយើងទាំងអស់គ្នានៅតែចងចាំនូវវីរៈភាពរបស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងជាពិសេសទៅទៀត យើងនៅតែចងចាំនូវគុណបំណាច់វីរៈភាពនៃអ្នកកាច់ចង្កួត នាវាកម្ពុជាឲ្យឆ្លងផុតនូវគ្រោះថ្នាក់ និងគ្រោះមហន្តរាយជាច្រើនដង ហើយនាំកម្ពុជាឲ្យស្គាល់ ឲ្យជួបឲ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ នោះគឺសម្តេចតេជោ ហ៊ុន សែន។ យើងពិតជាមិនអាចប្រកែកបានទេ សមទ្ធិផលរបស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ពិតជាមហាសមទ្ធិផលនៃសិទ្ធិមនុស្ស ទោះបីសមទ្ធិផលទាំងនោះ មិនបានបិទតែម និងពន្លេចចេញនូវពាក្យសិទ្ធិមនុស្សក៏ដោយ»