(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានដឹកនាំនាយ និងពលអាវុធហត្ថជាច្រើនរូបចូលរួមបរិច្ចាគឈាម នៅសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រោមប្រធានបទ «បរិច្ចាគឈាមដើម្បីជួយជីវិតប្រជាជនក្នុងសហគមន៍​យើង​»។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ថ្ងៃនេះលោកបានដឹកនាំនាយ និងពលអាវុធហត្ថខេត្ត សរុប៥០នាក់ មកបរិច្ចាគឈាមសង្គ្រោះជីវិតអ្នកជំងឺ ​ហើយលោកសូមធ្វើការអំពាវនាវឲ្យនាយ និងពលអាវុធហត្ថផ្សេងទៀតនៅទូទាំងខេត្ត សូមអញ្ជើញទៅចូលរួមបរិច្ចាកឈាមឲ្យបានគ្រប់ៗគ្នា។

លោកមេបញ្ជាការ បានបញ្ជាក់ថា ការបរិច្ចាគឈាម គឺជាការងារមនុស្សធម៌ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមព្រោះការបរិច្ចាគឈាមជួយសង្រ្គោះ ជីវិតមនុស្ស គឺហាក់បីដូចយើងបានធ្វើបុណ្យអញ្ចឹងដែរ។ ក្រៅពីការងារស្នូលរបស់កងរាជអាវុធហត្ថ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាការបង្ក្រាបបទល្មើសផ្សេងៗ នោះកម្លាំងកងរាជអាវុធហត្ថខេត្តបានចូលរួមក្នុងកិច្ចការសង្គមជាច្រើនដូចជា៖ ជួយលើកផ្ទះប្រជាពលរដ្ឋ ជួយបង្ករបង្កើនផល ដកស្ទូង ច្រូតកាត់ ហើយជាក់ស្តែងថ្ងៃនេះយើងបានចូលរួមបរិច្ចាគឈាមសង្គ្រោះជីវិតប្រជាពលរដ្ឋទៀតផង៕