​(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ត​សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការពេញមួយយប់ទល់ភ្លឺ ដើម្បីបង្ក្រាបក្រុមជនជាតិចិន ដែលបានចាប់ជំរិតទារប្រាក់ទ្រង់ទ្រាយធំ ដោយដកហូតបានអាវុធខ្លីទំនើបមួយដើម និងរថយន្ដទំនើប២គ្រឿងផងដែរ។

ជាកស្ដែងនៅ​ព្រឹក​ថ្ងៃ​ទី​១​០ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧​នេះ​ លោក​ឧត្តម​សេនីយ៍​ទោ ជួន​ ណា​រិន្ទ បានធ្វើសន្និសីទកាសែត ដើម្បីប្រាប់​អំពើករណី​ចាប់ជំរិត​ជនជាតិចិននេះ​ បាន​កើតឡើង​​នៅ​យប់ថ្ងៃទី​៨-៩ ខែធ្នូ ឆ្នាំ២០១៧​​ ស្ថិតនៅចំណុចក្រុមទី១ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ប្រតិបត្ដិបង្ក្រាបដោយជោគជ័យនេះ ត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនាយកដ្ឋានសន្ដិសុខផ្ទៃ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ និងការចង្អុលបង្ហាញពីគណៈបញ្ជាការ​ឯកភាពខេត្ត។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ​ក្រុម​ជនសង្ស័យ​បាន​រៀប​ផែនការ​យ៉ាង​ល្អិតល្អន់​ តាម​ដាន​ឃ្លាំមើល​ជន​រង​គ្រោះ​​ធ្វើ​ដំណើរ​ ពេល​ជនរងគ្រោះ​បើ​ក​រថយន្ដម៉ាក PORSCHE​ ម្នាក់​ឯង​​មក​ដល់កន្លែង​ស្ងាត់​ ចំណុច​ជិត​ស្ថានីយ​ចំរោះ​ទឹក​ នៅអូរឈើទាល់​សង្កាត់​លេខ​៤​ ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់​ បាន​បើក​រថយន្ដ​ Lexus ស្ទាក់​គៀរ ពេលនោះ​ជនរងគ្រោះ​ បាន​ឈប់​រថយន្ត​ដើម្បី​សួរ​នាំ​ ក៏ត្រូវ​ពួក​ជន​ល្មើស​យក​កាំភ្លើង​ភ្ជង់​ ចាប់​ក្រៀក​ដាក់​ឡាន​សង្កត់​ក្បាល​ ចុះ​ក្រោម​ ចង​ដៃ​ដោ​យ​ខ្សែ​រឹត ​(ខ្សែ​ស៊ី​ល​)​ ហើយ​នាំ​ខ្លួន​យក​មក​បង្ខាំង​ទុក​នៅ​ផ្ទះ​ជួល​ បុរី​BS អូរ​ទី​១​ សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ។

បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ទាប់​មកក្រុមជនសង្ស័យបាន​ទុក​គ្នា​ម្នាក់​ឲ្យ​យាម​ជន​រង​គ្រោះ​ រីឯគ្នា​២​នាក់​ទៀត​ បាន​បើក​ឡាន​របស់​ជន​រង​គ្រោះ​ម៉ាក ​PORSCHE យកទៅ​ផ្លុង​ចោល​នៅ​ បេន​ឡាន​ចាស់​ ជិត​កាំ​កុងត្រូល​។ ​ប្រមាណ​ជិត​២ម៉ោង ក្រោយ​មក​​ក្រុម​ជន​សង្ស័យ​បាន​ទូរសព្ទ​ជំរិត​ ទារ​ប្រាក់​ពី​ប្អូន​ជន​រង​គ្រោះ​ចំនួន​៨​០​ម៉ឺន​ដុល្លារ​។

ជនសង្ស័យដែលកម្លាំងនគរបាលជំនាញ បង្ក្រាបបានទាំង៣នាក់នោះ ទី១៖ឈ្មោះ ​ZHENG RONGMAO ​អាយុ​២៦ឆ្នាំ, ទី២៖ឈ្មោះ DAI HONGDA ​​អាយុ​២៣ឆ្នាំ និងទី៣​៖ឈ្មោះ LIN JINPEI អាយុ​២៤ឆ្នាំ​។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន កាំភ្លើងខ្លី​ម៉ាក BERITA STOM ១​ដើម​ មាន​បង់២ ​គ្រាប់ចំនួន១០គ្រាប់,​ កូនកាំប៊ិតមួយ,​ ខ្សែចងរឹត​ (ស៊ីល) ២ដុំ​​, ​ទូរស័ព្ទដៃ៦គ្រឿង និង​​រថយន្តលុចសីស RX300​ ចំនួន១​គ្រឿង និងរថយន្ដទំនើបរបស់ជនរងគ្រោះ​។ ដោយឡែកជនរងគ្រោះឈ្មោះ LI FUJIE ភេទប្រុស អាយុ​៤៧ឆ្នាំ ក៏បានសមត្ថកិច្ចរំដោះបានផងដែរ។

បើតាមការបញ្ជាក់របស់លោកស្នងការ ប្រសិនបើក្រុមនេះធ្វើសកម្មភាពបានសម្រេច ពួកគេនឹងហៅគ្នីគ្នាមកពីប្រទេសចិនបន្ថែមទៀត មកពីធ្វើសកម្មភាពចាប់ជំរិតក្រុមអ្នករកស៊ីជាជនជាតិចិនដែលមានលុយ ​ប៉ុន្ដែជាអកុសលក៏ត្រូវកម្លាំងនគរបាលបង្ក្រាបបានទាន់ពេល។

​លោក​ឧត្តម​សេនីយ៍​ស្នងការ​ បាន​បញ្ជាក់​ថា​ ក្រុម​ជន​សង្ស័យ​ទាំង​នេះ​ មក​ពី​ប្រទេស​ចិន​បាន​ប្រើ​ប្រាស់​លិខិត​ឆ្លងដែន​ ពីរ​ផ្សេង​ៗ​គ្នា​ លិខិត​ពិតប្រាកដ​​សម្រាប់​ការ​ធ្វើទិដ្ឋាការ​ធ្វើ​ដំណើរ​ លិខិត​ក្លែង​ក្លាយ​សម្រាប់​ការ​ជួល​រថយន្ត​ និង​ជួលផ្ទះ​ ដើម្បី​ងាយ​ផ្លាស់​ប្តូរ​អត្តសញ្ញាណ​ ទីតាំង​គេច​ខ្លួន​ក្រោយ​ពេល​បែក​ការណ៍​ ហើយ​ក្រុម​នេះ​ មក​ប្រទេស​កម្ពុជា​ដើម្បី​តាម​សម្គាល់​មើល​​អ្នក​វិនិយោគ​ចិន​ ដែល​មាន​លុយ​ច្រើន​ ដោយ​បាន​កត់​លេខ​រថយន្ត​ចំនួន​៦​គ្រឿង​ មាន​បំណង​ចាប់​ជំរិត​ ប៉ុន្តែ​ទើប​​ប្រព្រឹត្ត​បាន​មួយ​លើក​ ក៏ត្រូវ​​កម្លាំងនគរបាលបង្ក្រាបបានតែម្ដង។

បច្ចុប្បន្នក្រុមចាប់ជំរិតជាជនជាតិចិនទាំង៣នាក់នេះ កម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់៕