(ភ្នំពេញ)៖ ​សមាគមពលរដ្ឋខ្មែរចំនួន២ នៅប្រទេសណូវ៉ែលហ្សេឡង់ សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះសាលដីកាតុលាការកំពូល នៅល្ងាចថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធបទល្មើសក្បត់ជាតិ។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០១៧។

ក្នុងលិខិតរបស់សមាគមពលរដ្ឋខ្មែរចំនួន២ គឺសមាគមយុវជនខ្មែរ រដ្ឋធានីវែល្លីងតុន និងសមាគមខ្មែរ ហាមិលតុន-ភ្នំពេញ បានចាត់ទុកថា សេចក្ដីសម្រេចរបស់តុលាការកំពូល គឺជាបុព្វសិទ្ធិកម្ពុជាក្នុងការអនុវត្តច្បាប់របស់ខ្លួន ដើម្បីធានាថាដំណើរលទ្ធិប្រជាធិបតេយ្យត្រូវបានគោរពយ៉ាងត្រឹមត្រូវ។

សមាគមពលរដ្ឋខ្មែរទាំង២ បានបញ្ជាក់ទៀតថា ក្នុងនាមពលរដ្ឋខ្មែរណូវ៉ែលហ្សេឡង់ សូមប្រកាន់ខ្ជាប់ និងគោរពតាមគោលការណ៍របស់ប្រទេសដែលប្រកាន់យកនូវនីតិរដ្ឋ ដើម្បីធានាបាននូវការបន្ដលើកកម្ពស់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈយន្ដការនៃការអនុវត្តច្បាប់ដ៏តឹងតែង ដើម្បីធានារក្សាបាននូវសន្ដិភាព ស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម សម្រាប់ប្រជាជន និងសង្គមកម្ពុជា។

សមាគមទាំង២ គូសបញ្ជាក់ថា ករណីមានសកម្មភាពតវ៉ាប្រឆាំងនឹងការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា របស់សហគមន៍ខ្មែរណាមួយក្នុងប្រទេសណូវ៉ែលហ្សេឡង់នេះ ជាការរៀបចំដោយមនុស្សមួយក្រុមប៉ុណ្ណោះ គឺពុំឆ្លុះបញ្ចាំងនូវទស្សនៈ ឬគំនិតរួមរបស់ប្រជាពលរដ្ឋខ្មែរណូវ៉ែហ្សេឡង់ទាំងមូលនោះឡើយ៕