(ភ្នំពេញ)៖ បន្ទាប់ពីមានប្រជាពលរដ្ឋនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ បានរាយការណ៍ថាផ្ទះជួល និងបន្ទប់ជួល របស់ក្រុមឯកជនមួយដែលពួកគាត់កំពុងស្នាក់នៅ ​បានធ្វើការតម្លើងថ្លៃ ផ្ទុយពីការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានោះ, ក្រុមការងារចុះជួយសង្កាត់កន្ទោក ដែលមានលោក នេត មុនីប៉ុណ្ណាកា ជាប្រធាន បានដឹកនាំសមាជិកសង្កាត់ចុះពិនិត្យលើបញ្ហានេះ ជូនពលរដ្ឋភា្លមៗផងដែរ។

ក្រោយបានធ្វើការចុះពិនិត្យ និងស្រាវជ្រាវរួចរាល់នោះ ក្រុមការងារសង្កាត់កន្ទោក បានរកឃើញថា ផ្ទះជួល និងបន្ទប់ជួល ដែលមានជាង៤០០បន្ទប់នោះ ជារបស់ក្រុមហ៊ុនឯកជនមួយ ហើយពិតជាបានតម្លើងថ្លៃប្រាដកមែន ប៉ុន្ដែមិនបានតម្លើងថ្លៃទាំងអស់នោះទេ ពោលគឺតម្លើងតែជាង៤០បន្ទប់ប៉ុណ្ណោះ ដោយក្នុងនោះ ផ្ទះជួលលក់ដូរខ្នាតធំ ជួលតម្លៃ​៩០ដុល្លារ និងតំម្លើងទៅ ១០០ដុល្លារ​ និង​ផ្ទះជួលលក់ដូរ​ខ្នាតតូច ជួលតម្លៃ៥០ដុល្លារ និងតំម្លើងទៅ ៦០ដុល្លារ/ខែ​។

បើតាមក្រុមការងារសង្កាត់កន្ទោក​ ចំពោះ​ការប្រើប្រាស់ទឹកស្អាតវិញ គឺម្ចាស់ផ្ទះជួល​បានប្រើទឹករដ្ឋាករ លាយជាមួយទឹកអណ្តូងដោយទឹករដ្ឋាករប្រើមិនគ្រប់គ្រាន់ និងយកតំលៃក្នុង​១ម៉ែត្រគូប ៣,០០០រៀល ហើយការប្រើប្រាស់ភ្លើងអគ្គីសនីវិញ គឺម្ចាស់ផ្ទះបានយកតំលៃ​ក្នុង១គីឡូវ៉ាត់ម៉ោង ៦៥០រៀល។

នៅពេលចុះពិនិត្យ​ស្រាវជ្រាវដើម្បីរកដំណោះស្រាយនោះ ​ក្រុមការងារបានសំណូមពរដល់ម្ចាស់ផ្ទះបញ្ឈប់ការតម្លើងថ្លៃផ្ទះជួល និងបន្ទប់ជួល ប៉ុន្តែតំណាងខាងម្ចាស់ផ្ទះសុំលើកបញ្ហានេះ ទៅពិភាក្សាជាមួយម្ចាស់ផ្ទះសិន និងជូនដំណឹងតាមក្រោយ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ក្រុមការងារចុះជួយសង្កាត់កន្ទោក នឹងរកដំណោះស្រាយជូនប្រជាពលរដ្ឋ និងកម្មករ នៅតំបន់បានផងដែរ។

សូមជម្រាបថា សម្រាប់បញ្ហានេះអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ ក៏បានសន្យាថា លោកនឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ នៅក្នុងបន្ទប់ជួលនោះ ដើម្បីឲ្យស្របតាមការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​កុំឲ្យម្ចាស់បន្ទប់ជួលមានការតម្លើងថ្លៃ បើទោះបីប្រាក់ឈ្នួលរបស់កម្មករបានឡើងមួយកម្រិតទៀតក៏ដោយ៕