(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសដែលប្រទេសនៅលើពិភពលោក រួមទាំងកម្ពុជា ប្រារព្ធខួបលើកទី៦៩ នៃទិវាសិទ្ធិមនុស្សអន្តរជាតិនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរំលេចនូវសារខ្លីមួយនៅលើ Facebook សម្តេចជូនជនរួមជាតិដែលរំលឹកពីរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (ចាប់ពីថ្ងៃ ១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) នៃរបបវាលពិឃាត ដែលពលរដ្ឋខ្មែរ គ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ រួមទាំងសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលទានអាហារគ្រប់គ្រាន់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ថ្ងៃ៧ មករា ១៩៧៩ បានកម្ចាត់ចោលទាំងស្រុងនូវរបបវាលពិឃាត និងបាននាំមកវិញ នូវសិទ្ធិសេរីភាព​ និងវឌ្ឍនភាពសម្រាប់ពលរដ្ឋ កម្ពុជារហូតមកដល់សព្វថ្ងៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានសរសេរយ៉ាងដូច្នេះថា «យើងចាំបានថា ៧ថ្ងៃក្នុង១អាទិត្យ ចាប់ពីថ្ងៃ ១៧ មេសា ១៩៧៥-៦ មករា ១៩៧៩ គឺជាថ្ងៃដែលពលរដ្ឋខ្មែរគ្មានសិទ្ធីសេរីភាពអ្វីទាំងអស់ រួមទាំងសិទ្ធិរស់រានមានជីវិត និងសិទ្ធិទទួលទានអាហារគ្រប់គ្រាន់។ តែថ្ងៃអាទិត្យ ទី១០ ធ្នូនេះ គឺជាថ្ងៃនៃទិវាសិទ្ឋមនុស្សអន្តរជាតិ ដែលពលរដ្ឋទូទាំងពិភពលោក បានចូលរួមអបអរសាទរ។ ថ្ងៃ៧ មករា ១៩៧៩ គឺបាននាំមកវិញនូវសិទ្ធិសេរីភាព​ និងវឌ្ឍនភាពសម្រាប់ពលរដ្ឋកម្ពុជា រហូតមកដល់សព្វថ្ងៃ»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនឲពរបងប្អូនជនរួមជាតិទូទាំងប្រទេស សប្បាយរីករាយ នៅក្នុងថ្ងៃអាទិត្យទី១០ ខែធ្នូ នៃទិវាសិទ្ឋិមនុស្សអន្តរជាតិ និងឲមានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស។

សូមជម្រាបថា ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ ជាខួបលើកទី៦៩ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១ធ្នូ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាសិទ្ធិមនុស្សនេះផងដែរ ក្រោមប្រធានបទ «សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ» នៅសាលមហោស្របកោះពេជ្រ៕