(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន២៥កញ្ចប់ជាបន្ដបន្ទាប់ នៅស្រុកកំពង់សៀម នាល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧។

លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែធ្នូនេះថា ​កម្លាំងជំនាញប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីឡូត៍ ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ​ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ាវ វ៉ាន់ភឿន ​អាយុ​៤៧ឆ្នាំ ដកហូតបានម្សៅក្រាមពណ៌ស​០១កញ្ចប់ ​ប្រាក់ញុះញង់ចំនួន​៥ម៉ឺនរៀល ទូរសព្ទ័ដៃចំនួន០២គ្រឿង ម៉ូតូចំនួន​០១គ្រឿង។

ក្រោយមកកម្លាំងជំនាញ បានបន្ដ​ធ្វើការឆែកឆេរនៅផ្ទះជនសង្ស័យនៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម រកឃើញម្សៅក្រាមពណ៌ស ចំនួ​ន២៤កញ្ចប់ ឧបករណ៍សេពមួយសម្រាប់ និងសម្ភារវេចខ្ចប់មួយចំនួន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមច្បាប់៕