(អាហ្សង់ទីន)៖ ជាកិត្តិយសថ្មីមួយទៀតសម្រាប់កម្ពុជា ដែលត្រូវបានអង្គការពាណិជ្ជកម្មពិភពលោកជ្រើសតាំងជាប្រធានដឹកនាំប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីទាញផលប្រយោជន៍នានាពីអង្គការពាណិជ្ជកម្មពិភពលោក បន្ទាប់ពីកម្ពុជាសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។

នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្មប្រទេសអភិវឌ្ឍន៍តិចតួច (LDC Trade Ministers' Meeting) ដោយផ្តោតសំខាន់លើប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖ ទី(១) ពិភាក្សាលើលទ្ធភាពកែសម្រួលកម្មវិធីជំនួយបច្ចេកទេសធ្វើយ៉ាងណាអាចឲ្យប្រទេសអភិវឌ្ឍន៍តិចតួច អាចទាញផលប្រយោជន៍បានជាអតិបរមាសំដៅធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីឲ្យបានពេញលេញ ទី(២) ការអនុម័តសេចក្តីប្រកាសរួមរវាងប្រទេស LDCs និង ទី(៣) ការជ្រើសរើសប្រធានអ្នកសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចសម្រាប់អាណត្តិក្រោយ។

កិច្ចប្រជុំនេះ មានការចូលរួមផ្តល់សុន្ទរកថា បើកដោយឯកឧត្តម Roberto Azevêdo អគ្គនាយកអង្គការ WTO ឯកឧត្តមបណ្ឌិត Mukhisa Kituyi អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍពាណិជ្ជកម្ម (UNCTAD) និងលោកស្រី Fekitamoeloa Katoa អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍដែលគ្មានព្រំដែនទឹក និងរដ្ឋកំពុងអភិវឌ្ឍដែលជាកោះតូចៗ (UN-OHRLLS) និងមានរដ្ឋមន្រ្តីប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់បានចូលរួម។

នាឱកាសនោះ ក្នុងនាមជាប្រធានសម្របសម្រួលប្រទេសអភិវឌ្ឍនតិចតួច លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកទ្បើងថា ប្រទេសអភិវឌ្ឍន៍តិចតួចមានការប្រឈមនឹងកង្វះខាតធនធានមនុស្ស និងធនធានហិរញ្ញវត្ថុដើម្បីជំរុញសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។

លោក ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ និងអំពាវនាវរួមគ្នាជាសម្លេងរួមមួយតាមរយៈសេចក្តីប្រកាសរួម ដែលនឹងដាក់ជូនសមាជិកអង្គការ WTO ទាំងអស់រួមទាំងក្រុមប្រទេសអភិវឌ្ឍន៍ផងដែរ ដើម្បីឲ្យសមាជិកទាំងនោះបានយល់ដឹងកាន់តែច្បាស់ពីបញ្ហាប្រឈម និងជាពិសេសឆ្លើយតប និងជួយសម្រួលផ្តល់ភាពអនុគ្រោះនានា ជាពិសេសភាពអនុគ្រោះប្រពឹត្តិកម្មពិសេស និងដាច់ដោយទ្បែក (Special and Differential Treatment) ដែលអាចជួយឲ្យប្រទេស LDCs អាចធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីបានកាន់តែពេញលេញ៕