​(ម៉ាឡេស៊ី)៖ តបតាមការអញ្ជើញរបស់អគ្គលេខាធិការ គណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO ដែលជាគណបក្សកាន់​អំណាច លោក ហង់ ថុល អនុប្រធានគណៈទាក់ទងបរទេស របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាមាន​ ឧកញ៉ា អូស្មាន ហាស្សាន់ សមាជិក​គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងសហការី ដើម្បីអញ្ជើញ​ចូល​រួម​ជា​កិត្តិយស​ ក្នុង​មហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO។

ពិធីនេះត្រូវបានធ្វើឡើង ក្រោម​អធិបតី​ភាពលោក Dato’ Sri Moh d Najib Tun Haji Abdul Razak នាយករដ្ឋ​មន្ត្រី ម៉ាឡេស៊ី និងជាប្រធានគណបក្ស នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តទៅ​ពីថ្ងៃ​០៦ ដល់​ថ្ងៃទី០៨ ខែ​ធ្នូ ឆ្នាំ​២០១៧​។

នៅក្នុងមហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្ស UMNO នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជួ​រដ្ឋាភិបាល និង​សមាជិក សមាជិកា គណបក្សមកពីទូទាំងប្រទេស ចំនួន​៣០,០០០​នាក់ និង​តំណាងសមាជិកគណបក្សមកពីទូទាំងប្រទេសចំនួន ២,៧១៨ នាក់។ គណបក្ស UMNO មាន សមាជិកទូទាំងប្រទេសចំនួន​៣,៧​លាននាក់។ ក្នុងពិធីនេះដែរមាន តំណាងគណបក្សសម្ព័ន្ធភាពមកពីបរទេស​១៦​ប្រទេសចំនួន អ្នកចូលរួមចំនួន​៩៥​នាក់ តំណាងឲ្យ២០​គណបក្ស។​

គណបក្សទាំងនោះ ដែលសុទ្ធសឹងជាគណបក្ស​កាន់អំណាចនៃប្រទេសនីមួយៗ​ចូលរួមជាអ្នកអង្កេតការណ៍ និង​ភ្ញៀវកិត្តិយស ក្នុងពិធីបើកមហាសន្និបាត ប្រចាំឆ្នាំទូទាំងប្រទេសនាឆ្នាំ ២០១៧។ ក្នុងនោះដែរក៏មានតំណាងសាខាគណបក្ស UMNO មកពីក្រៅប្រទេសចំនួន ៧៧​សាខា អ្នកសារព័ត៌ជាតិ និង​អន្តរជាតិមានចំនួន ៧៥​ស្ថាប័ន និង​តំណាង សិស្ស និសិ្សត ក្រុមហ៊ុន ស្ថានប័នចំណុះរដ្ឋ​។

លោក ឧកញ៉ា អូស្មាន ហាស្សាន់ បានលើកឡើងថា មហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេសរយៈ​៣​ថ្ងៃ បានផ្តោតសំខាន់នូវ ការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោត លើកទី​១៤​ខាងមុខនេះ ដែលជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដ៏សំខាន់បំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្ត​ការបោះឆ្នោត របស់ប្រទេស​ម៉ាឡេស៊ី ដែលគណបក្សកាន់អំណាច UMNO ត្រូវតែយកឈ្នះឲ្យបាន​​។

បន្ថែមពីនេះ លោក ហង់ ថុល បញ្ជាក់ថា រាជរដ្ឋាភិបាលម៉ាឡេស៊ី ថ្នាក់ដឹកនាំគណបក្សសហព័ន្ធជាតិម៉ាឡេស៊ី UMNO ក៏ដូចជាប្រជាពលរដ្ឋ​ម៉ាឡេស៊ី មានការទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏​ដូចជាប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា និងជាប្រធានគណបក្សប្រជាជន​កម្ពុជា ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ជាពិសេសធ្វើឲ្យគ្រប់សាសនានៅកម្ពុជា គ្មានទំនាស់ និងរើសអើង​គ្នា។

ក្រោយពីបញ្ចប់មហាសន្និបាតប្រចាំឆ្នាំទូទាំងប្រទេស របស់គណបក្ស UMNO លោក អូស្មាន ហាស្សាន់ ក៏បានចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងបាន​នាំការសួរសុខទុក្ខពី សម្តេច​តេជោ ហ៊ុន សែន ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាមួយ ជាមួយលោក Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី និងជា​ប្រធានគណបក្ស, លោក Dato’ Seri Dr Ahmad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង​ជា​អនុប្រធានគណបក្ស សហព័ន្ធជាតិម៉ាឡេស៊ី UMNO ​និងឥស្សរជនសំខាន់ៗជាច្រើនរូបទៀត៕