(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ បណ្តាញព័ត៌មាន Fresh News បានរៀបចំកិច្ចសម្ភាសន៍ពិសេសមួយជាមួយ លោក ញ៉េប ប៊ុនជិន អនុប្រធាន និងអ្នកនាំពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិច ពាក់ព័ន្ធនឹងស្ថានភាពនយោបាយនៅកម្ពុជា ក្រោយរំលាយគណបក្សសង្រ្គោះជាតិ ក៏ដូចជាក្រោយគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈចំនួន៤១ ក្នុងរដ្ឋសភា។ នៅក្នុងកិច្ចសម្ភាសនេះលោក ញ៉េប ប៊ុនជិន បានបង្ហាញអំពីផែនការនៅក្នុងការចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៨ ហើយបង្ហាញប្រតិកម្មមួយចំនួនចំពោះ​មជ្ឈដ្ឋានអន្តរជាតិខ្លះ ដែលបានជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

កិច្ចសម្ភាសន៍រវាងលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News និងលោក ញ៉េប ប៊ុនជិន អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច៖

* តើគណបក្សហ្វ៊ុនស៊ិនប៉ិច មានផែនការយ៉ាងដើម្បីចូលរួមការបោះឆ្នោត ឆ្នាំ២០១៨ខាងមុខនេះ?

លោក ញ៉េប ប៊ុនជិន៖ គណបក្ស ហ្វ៊ុនស៊ិនប៉ិច មានផែនការច្បាស់លាស់ក្រោយពីសម្តេចព្រះប្រធានគណបក្ស មានព្រះបន្ទូលឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច ជាពិសេស សមាជិកសភាទាំង៤១រូប ដែលបានស្បថចូលបម្រើប្រជាជាតិខ្មែរយើង ឲ្យឧស្សាហ៍ចុះជួបជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋបានយល់ ពីស្ថានភាពថ្មីៗនេះ ដែលគណបក្ស ហ្វ៊ុនស៊ិនប៉ិច យកកៅអី៤១នេះថា មានសារៈប្រយោជន៍អ្វីខ្លះ ចំពោះជាតិយើង។ យើងខិតខំធ្វើយ៉ាងណាជាពិសេសគឺថា ចូលទៅដល់មូលដ្ឋានពន្យល់ដល់ប្រជាពលរដ្ឋអ្នកគាំទ្រ។

* មានមតិមួយចំនួនបានលើកឡើង និងរិះគន់ចំពោះការយកកៅអីរបស់តំណាងរាស្ត្រ CNRP មកផ្តល់ជូន និងចែកជូនដល់គណបក្សមួយចំនួន ក្នុងនោះអាសនៈ ដែលបានច្រើនជាងគេគឺគណបក្ស ហ្វ៊ុនស៊ិនប៉ិច តើការរិះគន់នេះលោកអាចពន្យល់បានទេ? តើគណបក្ស ហ្វ៊ុនស៊ិនប៉ិច ទទួលយកក្នុងន័យបែបណា?

លោក ញ៉េប ប៊ុនជិន៖ មានអ្នកខ្លះរិះគន់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបាត់បង់ ប៉ុន្តែមិនមែនទេ គឺខុសផ្ទុយស្រឡះ ផ្ទុយទៅវិញប្រជាធិបតេយ្យដែលអ្នករិះគន់ ​អ្នកដែលឆ្ងល់​ អ្នកដែលនិយាយនឹងហើយដែលហៅថា លិទ្ធិប្រជាធិបតេយ្យគេរិះគន់ គណបក្ស ហ្វ៊ុនស៊ិនប៉ិច។ អ្វីដែលមានសារៈសំខាន់បំផុតយើងធ្វើការបង្ហាញដល់អ្នករិះគន់ថា​យើងបានធ្វើអីខ្លះបម្រើជាតិ ហើយហេតុអ្វីបានជាយើងយកកៅអី៤១ ថាយកមកធ្វើអីក្នុងរយៈពេលដ៏ខ្លី។ ខ្ញុំសូមជម្រាបជូនថា ដើម្បីមានវត្តមានសម្តេចក្រុមព្រះ មានវត្តមានគណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅពេលនេះ គឺផ្តល់សារៈសំខាន់ខ្លាំងណាស់ដល់ស្ថិរភាពនយោបាយ ដែលយើងទាំងអស់គ្នាយល់ឃើញថា ស្ថិរភាពនយោបាយនេះ មានសារៈសំខាន់បំផុត អញ្ចឹងកាលណាមានស្ថិរភាពនយោបាយហើយ អ្វីក៏អភិវឌ្ឍបានដែរ។

ដូច្នេះយើងមានកាតព្វកិច្ចមួយជួយដល់ប្រជារាស្ត្រ ដើម្បីឲ្យប្រជារាស្ត្រមានទំនុកចិត្ត ទុកឱកាសឲ្យគណបក្ស ហ្វ៊ុនស៊ិនប៉ិច ធ្វើការបម្រើជាតិផង យើងមិនអាចទុកឲ្យ ពេលវេលាដ៏មានសារៈសំខាន់៣​ ឬ៤ឆ្នាំដោយឥតប្រយោជន៍នោះទេ។ ដូច្នេះខ្ញុំយល់ឃើញថា វត្តមានរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច មានន័យថាមានសារៈសំខាន់ខ្លាំង ចំពោះជាតិ និងដើម្បីពង្រឹងស្ថិរភាពនយោបាយ និងសន្តិភាព និងការអភិវឌ្ឍ។

* មានការលើកឡើងពីសហរដ្ឋអាមេរិក ក៏ដូចជាសហគមអឺរ៉ុបមួយចំនួនលើកឡើងថា ការបោះឆ្នោតនៅខាងមុខមិនមានសេរីភាព យុត្តិធម៌ទេ តើក្នុងមានគណបក្ស មួយដែលមានអាសនៈច្រើនទី២ ក្នុងរដ្ឋសភា តើយល់យ៉ាងណាដែរ?

* លោក ញ៉េប ប៊ុនជិន៖ ខ្ញុំយល់ឃើញអ្នកដែលនិយាយថា អត់មានសេរី និងភាពយុត្តិធម៌ហ្នឹង គឺថាទី១៖ យើងអត់បានធ្វើទេ ហើយសកម្មភាពបោះឆ្នោតយើងកំពុងត្រៀម លក្ខណៈ ហើយគណបក្ស ហ្វ៊ុនស៊ិនប៉ិច មានគោលនយោបាយច្បាស់លាស់ណាស់ ដើម្បីពង្រឹងរយៈពេលខ្លីនេះដើម្បីចុះមូលដ្ឋានផ្សារភ្ជាប់ខ្លួនជាមួយប្រជាពលរដ្ឋ។ ហើយការលើកឡើងរបស់សហគមអន្តរជាតិមួយចំនួនជាទម្លាប់របស់គាត់ កាលណាបោះឆ្នោតគាត់បញ្ជូនតំណាងមកហើយ។ ប៉ុន្តែបើអត់​គណបក្សប្រឆាំងគាត់អត់បញ្ជូន តំណាង ជារឿងរបស់គាត់ ប៉ុន្តែគ្មានភាពយុត្តិធម៌​ គ្មានសម្លាភាព យើងមិនអាចទាយទុកមុនកើត បើមិនទាន់ធ្វើការបោះឆ្នោតផងហ្នឹង។

ប៉ុន្តែជាទម្លាប់របស់ពួកគាត់ ទាំងសហគមន៍អន្តរជាតិ សភាអាស៊ី សភាអឺរ៉ុប ក៏បញ្ជូនមកដែលដូច្នេះគាត់អាចបញ្ជូនតំណាងមកពិនិត្យមើលទៅ។ ខ្ញុំមើលឃើញថាកម្ពុជា មិនមែនទើបចាប់ផ្តើមការបោះឆ្នោតលើកនេះទេ គឺមានការបោះឆ្នោតចំនួនប្រាំអាណត្តិមកហើយ គឺពួកគេចុះមកពិនិត្យ និងតាមដានរហូតកន្លែងណាមួយ ដែលគាត់ថា មិនត្រឹមត្រូវ និងយុត្តិនោះ ដូច្នេះយើងមិនអាចនិយាយមុនដោយមិនបានឃើញនោះទេ។ ប្រាំមួយអាណត្តិ​ គុណនឹង៥ មានរយៈពេល៣០ឆ្នាំហើយ ដូច្នេះ៣០ឆ្នាំយើង បានទទួលភាពជោគជ័យជាអន្តរជាតិ ថាការបោះឆ្នោតនៅស្រុកខ្មែរនេះ គឺត្រឹមត្រូវ យុត្តិធម៌ ដែលប្រទេសមហាអំណាចអាមេរិកផង នៅតែឈ្លោះគ្នា។ តែស្រុកខ្មែរមិនទាន់បាន បោះឆ្នោតផង ស្រាប់តែមានមតិមួយចំនួននិយាយថា គ្មានសេរីភាព យុត្តិធម៌ម៉េច។ ថ្មីៗនេះប្រទេសមហាអំណាចអាមេរិកឈ្លោះគ្នារឿង បោះឆ្នោត បែរជាថាគ្មានសេរីភាព និងយុត្តិធម៌។ ខ្ញុំសង្ឃឹមថា យើងកំពុងធ្វើនេះនឹងដើម្បីទៅរកសេរី និងយុត្តិធម៌។

* តើគណបក្ស ហ្វ៊ុនស៊ិនប៉ិច សង្ឃឹមថា ទទួលបានប៉ុន្មានអាសនៈនៅពេលបោះឆ្នោតខាងមុខនេះ?

* លោក ញ៉េប ប៊ុនជិន៖ មានតែប្រជាពលរដ្ឋជាអ្នកកាត់សេចក្តី នៅពេលបោះឆ្នោត ក៏ប៉ុន្តែអ្វីដែលគណបក្ស មានការព្រួយបារម្ភគឺពេលវេលាខ្លី ហើយប្រជាពលរដ្ឋកន្លែងខ្លះ នៅមានទស្សនៈយល់ឃើញថាខុសប្រកាន់ដូច្នេះយើងកំពុងបង្ហាញទិដ្ឋភាពជាក់ស្តែងមួយថា កាលដែលយើងធ្វើនេះគឺដើម្បីប្រយោជន៍របស់ជាតិ។ ខ្ញុំមិនឲ្យប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍរហូតដល់ប៉ុណ្ណឹងនេះហើយ មានភាពស្ងាត់ស្ងៀម តើបងប្អូនចង់បានបែបហ្នឹងមែនឬ? ឬបងប្អូនចង់បាននយោបាយមានការផ្លាស់ប្តូរទៅតាមច្បាប់ ដើម្បីបងប្អូនងាយរកស៊ីមានបាន, យើងមិនហ៊ានធានាថាការបោះគណបក្ស ហ្វ៊ុនស៊ិនប៉ិច ទទួលបានប៉ុន្មានអាសនៈនោះទេ។ ប៉ុន្តែយើងខិតខំបង្ហាញទិដ្ឋភាពមួយថា គណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ដែលដឹកនាំដោយសម្តេចក្រុមព្រះខិតខំដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ សូមឲ្យប្រជាពលរដ្ឋមេត្តា ស្វែងយល់ការខិតំប្រឹងប្រែង របស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដើម្បីស្ថិរភាព និងមានសារៈសំខាន់ប៉ុណ្ណា។

* មតិមួយចំនួយលើកឡើងថា គណបក្ស ហ្វ៊ុនស៊ិនប៉ិច គឺជាគណបក្សស្ថិតនៅក្រោមការបង្គាប់បញ្ជាពីគណបក្សកាន់អំណាច?

លោក ញ៉េប ប៊ុនជិន៖ ខ្ញុំគិតថាស្រុកខ្មែរមានលទ្ធិប្រជាធិបតេយ្យ ដូច្នេះគ្មានអ្នកណាបង្ខំអ្នកណា ឃើញទេ ការរិះគន់គឺទុកឲ្យប្រជាពលរដ្ឋសាធារណជនរិះគន់ទៅ។ ប៉ុន្តែបញ្ហាគ្រាន់ថាគណបក្ស ហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា ត្បិតតែមានសហប្រតិបត្តិការ ក្នុងកិច្ចការកសាងជាតិ មិនមែនកិច្ចសហប្រតិបត្តិការកសាងជាតិ ហើយចោទថា គណបក្ស ហ្វ៊ុនស៊ិនប៉ិច ជាអាយ៉ង មានការបង្គាប់បញ្ជាពីគណបក្សប្រជាជនកម្ពុជា អាហ្នឹងគាត់ចេះតែមានប្រសាសន៍ទៅ។ ប៉ុន្តែយើងខិតខំធ្វើដើម្បីជាតិ ច្រើនណាស់។ យើងធ្លាប់ធ្វើការជាមួយគណបក្សប្រជាជន កន្លងមកមានបញ្ហានេះ មានបញ្ហានោះ ប៉ុន្តែគ្មានអ្វីជាងទទួលបានសន្តិភាព ស្ថិរភាពនយោបាយ អង្គុយជាមួយគ្នាដើម្បីប្រយោជន៍ជាតិ។ កុំគិតរឿងគណបក្ស និងរឿងបុគ្គល គឺគិតតែរឿងជាតិ កាលណាជាតិដើរទៅមុខហើយ គឺយើងរុងរឿងទាំងអស់គ្នា សម័យកូនចៅជំនាន់ក្រោយ។ ដូច្នេះគណបក្ស ហ្វ៊ុនស៊ិនប៉ិច ​ទុកឲ្យគេរិះគន់ចុះ ពីព្រោះលទ្ធិប្រជាធិបតេយ្យ យើងមិនអាចហាមគេមិនឲ្យរិះគន់នោះទេ។

* ជាប្រធានគណៈកម្មាការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង ស៊ើបអង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា តើក្នុងនាមជាប្រធាននៃគណៈកម្មាធិការទី១នេះ លោកនឹងមានការកោះហៅរដ្ឋមន្ត្រី ដូចអតីតមន្រ្តីគណបក្សសង្រ្គោះជាតិកាលពីមុន​ឬទេ?

លោក ញ៉េប ប៊ុនជិន៖ គណៈកម្មការទី១ មានសារៈសំខាន់យើងមិនអាចចង់បង្ហាញយកប្រជាប្រិយភាពខុសរឿង។ ប្រជាប្រិយភាពខុសរឿងចូលមកទៅហៅគេឯង ទទឹងទិសមិនមែនវាមាននិរន្តរភាព ឯកសារមួយចំនួនប្រសិនបើឯកសារហ្នឹងវា អសកម្មមួយរយៈដែលកំពុងមានបញ្ហានេះ ឥឡូវចូលមកថ្មីយើងត្រូវបន្តទៀត ពិនិត្យទៅតាមឯកសារ ដែលសំខាន់ ដូច្នេះមានន័យថា យើងគិតពីប្រយោជន៍ជាតិ មិនមែនមកដល់បង្ហាញឲ្យប្រជាពលរដ្ឋគាំទ្រឲ្យឃើញនោះទេ ចេះតែហៅគេខុសរឿង គឺត្រូវខិតខំប្រឹងប្រែងធ្វើម៉េចឲ្យទៅជារដ្ឋសភារបស់ជាតិ មិនមែនរដ្ឋសភារបស់គណបក្សនោះទេ ត្រូវយកប្រយោជន៍ជាតិជាធំ ជាពិសេសនៅក្នុងគណៈកម្មការទី១ វាមានសារៈសំខាន់រឿងបញ្ហាដីធ្លី ក៏ប៉ុន្តែត្រូវពិនិត្យទៅតាមស្ថានភាពឯកសារ ស្ថានភាពសំណុំរឿងនិមួយៗ ហើយខ្ញុំខិតខំធ្វើយ៉ាងឲ្យគណកម្មការទី១ បម្រើជាតិជាធំ៕