(ភ្នំពេញ)៖ ទន្ទឹមគ្នានឹង សមាជិកអតីតគណបក្សសង្រ្គោះជាតិ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា​ នៅក្នុងចង្កោមបក្សតូចៗឯណោះវិញ អតីតសមាជិកជាន់ខ្ពស់ របស់គណបក្សអំណាចខ្មែរ ក៏បានចុះចូលជាមួយគណបក្សយុវជនកម្ពុជារបស់ លោក ពេជ្រ ស្រស់ផងដែរ។

លោក នី សោភ័ណ្ឌ អតីតប្រធានក្រុមការងារខេត្តតាកែវ និងជាអតីតប្រធានចលនាយុវជនបៃតងថ្នាក់ជាតិ របស់គណបក្សអំណាចខ្មែរ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រកាសចុះចូលជាមួយគណបក្សយុវជនកម្ពុជា។

លោក នី សោភ័ណ្ឌ បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនថា «ខ្ញុំនី សោភ័ណ្ឌ អតីតប្រធានក្រុមការងារខេត្តតាកែវ និងជាអតីតប្រធាន ចលនាយុវជនបៃតងថ្នាក់ជាតិ របស់គណបក្សអំណាចខ្មែរ។ ហើយខណ:នេះដែរ ខ្ញុំ នី សោភ័ណ្ឌ សូមប្រកាសចូលរួមជីវភាពនយោបាយ ជាមួយគណបក្សយុវជនកម្ពុជា ចាប់ពីថ្ងៃនេះ តទៅ»។

លោកបានបន្តថា «ដោយខ្ញុំមើលឃើញគោលនយោបាយរបស់ គណបក្សយុវជនកម្ពុជា ស្របតាមឆន្ទ:របស់ខ្ញុំដែល គិតពីប្រយោជន៍ជាតិ និងពលរដ្ឋជាធំ»៕