(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូនេះ បានប្រារព្ធពិធីអបអរសាទរ យុទ្ធនាការ១៦ថ្ងៃ (បូពណ៌ស) ដើម្បីលុបបំបាត់អំពើហិង្សាលើស្ដ្រី និងកុមារ ក្នុងឆ្នាំ២០១៧នេះ ក្រោមប្រធានបទ «មិនទុកនរណាម្នាក់ចោល៖ បញ្ឈប់អំពើហិង្សាលើស្ដ្រី និងក្មេងស្រី» ក្រោមអធិបតីភាព លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ក្នុងឱកាសនោះ លោកស្រី ឃួន សុដារី បានថ្លែងថា «ពិធីដែលយើងរៀបចំឡើង នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយតប ទៅនឹងយុទ្ធនាការលើកកម្ពស់ស្ដ្រី វប្បធម៌ អហិង្សា របស់កាកបាទក្រហមកម្ពុជា និងការចូលរួមចំណែក ឲ្យផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើលស្ដ្រី ២០១៤-២០១៨ ដែលកាកបាទក្រហមកម្ពុជា មានសម្ដេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្ដទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ លើកកម្ពស់យេនឌ័រ លើកកម្ពស់វប្បធម៌អហិង្សា ពិសេស អំពើហិង្សាក្នុងគ្រួសារ លើស្ដ្រី និងក្មេងស្រី តាមការអនុវត្ដជាក់ស្ដែង នៅក្នុងស្នូលទាំងបួន នៃប្រតិបត្ដិការរបស់ខ្លួន គ្រប់ទីកន្លែង ដែលមានស្ដ្រី និងកុមារ ចាស់ជរាឥតទីពឹង និងជនពិការ ឲ្យមានភាពរុងរឿង ក្នុងគ្រួសារ និងសង្គមជាតិ។

លោកស្រីបន្ដថា «អំពើហិង្សាមានច្រើនបែប តាមរូបភាពគំរាមគំហែងផ្លូវចិត្ដ ធ្វើឲ្យស្ដ្រេស ចង់ចងករសម្លាប់ខ្លួន លើរាងកាយ និងផ្នែកសេដ្ឋកិច្ច រួមទាំងការចាប់រំលោភផ្លូវភេទ-ល-។ ដូច្នេះគោលបំណងសំខាន់នៃកម្មវិធីនេះ គឺទី១- ការបញ្ជ្រៀប ការយល់ដឹង តាមរយៈការផ្វព្សផ្សាយ គ្រប់រូបភាព ទាំងក្នុងសិក្ខាសាលា ដំណើរបំពាក់បូពណ៌សរ សំនួរចម្លើយ រហូតដល់ការសម្ដែងសិល្បៈ ដូចព្រឹកនេះ ចឹង ដែលជារូបភាពមួយឃើញហើយឆាប់ចងចាំ និងយល់ច្បាស់កាន់តែលឿនពីផលប៉ះពាល់នៃ អំពើហិង្សា, ទី២-បំផុសការចូលរួម ទាំងប្រុសទាំងស្រី ចាប់ផ្ដើមពីបុគ្គលមួយរូប គឺចាប់ផ្ដើមពីយើងតែម្ដង ព្រោះបើយើងធ្វើអំពើហិង្សា យើងត្រូវតែបញ្ឈប់ធ្វើវាតទៅទៀត ត្រូវដោះស្រាយតាមសន្ដិវិធី ហើយសម្រាប់ជនរងគ្រោះ ពិសេសគឺ បើគេបំពានហើយ ឈប់នៅស្ងៀម ឲ្យគេធ្វើអំពើហិង្សាតទៅទៀត អំពើនេះនៅតែមិនឈប់ទេ ដូចជាឪពុករំលោភកូនខ្លួនឯង ខ្លួនជាកូន ត្រូវតែពិភាក្សាជាមួយម្ដាយ និងបន្ដដោះស្រាយធ្វើយ៉ាងណាបញ្ឈប់សកម្មភាពទាំងនេះ មិនឲ្យកើតមានទៀតនោះទេ ដូច្នេះយើងទាំងអស់គ្នា ត្រូវយល់ដឹងពី និងលើកកម្ពស់យេនឌ័រ»។

លោកស្រីបន្ដថា ទី៣-គឺ​យុវជន គឺចង់ឲ្យយុវជន មានការយល់ដឹង ការសិក្សារៀនសូត្រ ហើយត្រូវដឹងថាអ្វីទៅជាអំពើហិង្សា មានអ្វីខ្លះ ប្រភេទ មូលហេតុ ផលប៉ះពាល់ ដោះស្រាយ -ល- និង-ល-។ ដូច្នេះ យុវជន ត្រូវតែលើកទឹកចិត្ដយុវជន ប្រើប្រាស់បញ្ញា ក្នុងការជួយផ្លាស់ប្ដូរឥរិយាបថសង្គម ផ្លាស់ប្ដូរការប្រព្រឹត្ដរបស់បុរស និងស្រី្ដ លើកកម្ពស់អហិង្សា ក្នុងគ្រួសារ ចាប់ពីក្រុមគ្រួសារយើង ។ ជាក់ស្ដែងក្នុងសង្គមគ្រួសារបច្ចុប្បន្ននេះ គឺមើលឃើញថា មានសហការគ្នាល្អ មិនប្រកាន់ការងារស្រី ប្រុស ទេ គេរួមគ្នាសាងគ្រួសារដោយមានទំនួលខុសត្រូវ ស្របពេលកម្ពុជាយើង កាន់តែមានការវិវឌ្ឍន៍ដោយភាពប្រសើរ។

លោកស្រីបន្ដថា ដូច្នេះ សូមភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលុបបាត់បំបាត់ អំពើហិង្សាក្នុងគ្រួសារ ស្ដ្រី កុមារឬក្មេងស្រី ពិសេសគឺចាប់ផ្ដើមពីខ្លួនយើងនេះទៅ កុំយកស្រ្ដី ធ្វើជាឧបករណ៍បញ្ចេញកំហឹងឲ្យសោះ៕