(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ បានលើកឡើងថា សហរដ្ឋអាមេរិកពេលនេះបង្ហាញកាន់តែច្បាស់ អំពីការនៅពីក្រោយខ្នងអតីតគណបក្សសង្រ្គោះជាតិ និងការនៅពីក្រោយខ្នងលោក កឹម សុខា តាមរយៈការដាក់ទណ្ឌកម្មបិទវីសារ មិនឲ្យមន្រ្តីកម្ពុជាមួយចំនួន ដែលពាក់ព័ន្ធនឹងនយោបាយ ហោះហើរចូលទឹកដីអាមេរិក។

ប្រតិកម្មរបស់គណបក្សយុវជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ដោយរឹតបន្តឹង ចំពោះទិដ្ឋាការរបស់មន្រ្តីមួយចំនួនរបស់កម្ពុជា និងក្រុមគ្រួសាររបស់ពួកគាត់ ដោយចោទថា ធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីមានការរំលាយ គណបក្សសង្រ្គោះជាតិ។

លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ជាការឆ្លើយតបដោយផ្ទាល់ នឹងសកម្មភាពជាបន្តបន្ទាប់ របស់រដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ យើងប្រកាសថា លោករដ្ឋមន្ត្រីការបរទេស នឹងរឹតបន្តឹងការចូលសហរដ្ឋអាមេរិក នូវជនទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។

លោក ពេជ្រ ស្រស់​ បានលើកឡើងថា «បើនិយាយអំពីការប៉ះពាល់នូវ ការគោរពសិទ្ធិមនុស្សវិញ គឺជាប្រទេសហ្វីលីពីន ក្រោមការដឹកនាំ របស់ឌូទឺតេ ទៅវិញទេ ដែលប៉ះពាល់ដល់ការគោរពសិទ្ធិមនុស្សយ៉ាងខ្លាំងបំផុត។ ប៉ុន្តែសហរដ្ឋអាមេរិក មិនបានដាក់ទណ្ឌកម្មអ្វីទាល់តែសោះ លើប្រទេសហ្វីលីពីនមួយនេះ។ ក្នុងន័យនេះសហរដ្ឋអាមេរិកកំពុងបង្ហាញកាន់តែ ច្បាស់ថាខ្លួនកំពុងនៅពីក្រោយខ្នងអតីតគណបក្សសង្រ្គោះជាតិ  និងលោក កឹម សុខា ដែលមិនអាច ប្រកែកបាននោះឡើយ»។

លោក ពេជ្រ ស្រស់​ បានអះអាងទៀតថា «ជាអ្នកនយោបាយ ជំនាន់ក្រោយ ខ្ញុំមិនចង់ឃើញប្រទេសមហាអំណាច មួយទាំងមូលអនុវត្ត កិច្ចការបរទេសមានភាពលំអៀងនោះឡើយ ហើយអ្វីដែលខ្ញុំបានលើកឡើងនេះគឺ ខ្ញុំមានបំណងការពារនូវកិត្តិយសនៃប្រទេសកម្ពុជា លើឆាកអន្តរជាតិតែប៉ុណ្ណោះ»