(ភ្នំពេញ)៖ រាជធានីភ្នំពេញ ដែលជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជានោះ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ ត្រូវបានសភាទេសចរណ៍អឺរ៉ុប ដាក់បញ្ចូលឈ្មោះជា រាជធានីគំរូ ទៅក្នុងបញ្ជី «រាជធានីនៃវប្បធម៌ និងទេសចរណ៍របស់ពិភពលោក»។

ការប្រកាសដាក់បញ្ចូលរាជធានីភ្នំពេញ ក្នុងបញ្ជី «រាជធានីនៃវប្បធម៌ និងទេសចរណ៍របស់ពិភពលោក» ត្រូវរៀបចំឡើង នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះ ក្រោមអធីបតីភាព​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពី លោកបណ្ឌិត Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប ព្រមទាំងមានការចូលរួមអបអរ ពីបណ្តាមន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

លោកបណ្ឌិត Mircea Constantinescu ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុប បានថ្លែងក្នុងពិធីដាក់បញ្ចូលឈ្មោះជា រាជធានីគំរូ ទៅក្នុងបញ្ជីរាជធានីនៃវប្បធម៌ និងទេសចរណ៍របស់ពិភពលោក ថា «ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រ ជាថ្ងៃដែលយើងបានដាក់បញ្ចូលឈ្មោះរាជធានីគំរូមួយទៀត ក្នុងបញ្ជីរាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក»

លោកបានបញ្ជាក់ថា អស់រយៈពេល១១ឆ្នាំមកហើយ នៃការបង្កើតនូវរង្វាន់រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក ដោយសភាពទេសចរណ៍អឺរ៉ុប និងក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប (ECTT) ដោយបានកំណត់មហិច្ឆតារបស់ខ្លួន ក្នុងការបង្កើតឲ្យមាននូវបញ្ជីជ្រើសរើស នៃរាជធានី និងតំបន់ក្នុងពិភពលោក ដែលមានការយកចិត្តទុកដាក់ ទៅលើការការពារនូវកេរ្តិ៍ដំណែល ប្រពៃណី និងទំនៀមទម្លាប់ និងសម្បត្តិធម្មជាតិ ប្រកបដោយចីរភាព។

ប្រធានបណ្ឌិតសភាទេសចរណ៍អឺរ៉ុបរូបនេះ បានលើកឡើងទៀតថា ការបញ្ចូលរាជធានីភ្នំពេញ ជារាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក យើងទទួយស្គាល់ថា វប្បធម៌ និងប្រវត្តិសាស្ត្រ មិនគ្រាន់តែជាប្រភពធនធានប៉ុណ្ណោះទេ តែជាកត្តាសេដ្ឋកិច្ច និងការអភិវឌ្ឍ ដែលដើរតួជាចលករ ជួយប្រទេសនានា ក្នុងការអភិវឌ្ឍ និងការបង្កើនខ្លួនឯងតាមវិធីផ្សេងៗច្រើនជាងតម្លៃសេដ្ឋកិច្ច។

លោកបណ្ឌិត Mircea Constantinescu បន្ថែមថា «ការចុះបញ្ជីរាជធានីភ្នំពេញ ជារាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក យើងបានយកចេញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសមិទ្ធផលមិនគួរឲ្យជឿនៃរយៈពេល៣០ឆ្នាំចុងក្រោយ ក្នុងកម្មវិធីការពារវប្បធម៌ និងបេតិកភណ្ឌ ការធានាការអភិរក្ស អភិវឌ្ឍន៍ និងការលើកកម្ពស់សាសនា ប្រពៃណី និងទំនៀមទម្លាប់ផ្សេងៗទៀត»។

លោកបន្តថា រាជធានីភ្នំពេញ កំពុងបង្ហាញនូវកិត្តិស័ព្ទ និងលក្ខណៈពិសេសរបស់ខ្លួនតាមរយៈ ទេសភាពនៃវប្បធម៌ ប្រកបដោយភាពចម្រុះគ្នា ដែលមានលាយឡំដោយធនធានធម្មជាតិ និងវប្បធម៌សំបូរបែប។ រាជធានីភ្នំពេញ គឺជាតំបន់ដ៏វិសេសវិសាលមួយ ដែលរួមបញ្ចូលនូវបរិបទធម្មជាតិ ដែលជាចំណុចប្រសព្វនៃទន្លេទាំងបី គឺទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ដែលជាទន្លេតែមួយគត់លើពិភពលោក ដែលហូរឡើងទៅលើ (ហូរបញ្ច្រាស) រយៈពេល ៦ខែក្នុងមួយឆ្នាំ។

ទេសភាពធម្មជាតិដ៏ល្អឥតខ្ចោះនេះ បានក្លាយទោជាទីកន្លែងវប្បធម៌ ដ៏មានភាពសម្បូរបែបមួយ ដែលរួមបញ្ចូលទាំងសាសនា និងកេរ្តិ៍ដំណែលបេតិកភណ្ឌជាតិដូចជា វត្តឧណ្ណាលោម ដែលមានទីសក្ការៈបូជា (កសាងឡើងនៅអំឡុងឆ្នាំ១៤៤៣) សម្រាប់ឧទ្ទិសបូជាដល់ព្រះពុទ្ធសាសនា ហើយចាត់ទុកថា ជាទីអាសនៈនៃព្រះពុទ្ធសាសនាកម្ពុជា និងបានប្រារព្ធពិធីបុណ្យជារៀងរាល់ឆ្នាំអស់រយៈពេល ៥៧៥ឆ្នាំមកហើយ ហើយពុំដែលអាក់ខានសកម្មភាពប្រារព្ធពិធីបុណ្យម្តងណានោះទេ។

ទីប្រវត្តិសាស្រ្តដ៏ល្បីឈ្មោះមួយទៀត គឺវត្តភ្នំ ដែលបានកសាងឡើងនៅឆ្នាំ១៣៧២ ហើយបានជួសជុល និងរៀបចំឡើងវិញក្នុងឆ្នាំ១៤៣៤, ១៨០៦, ១៨៩៤ និងឆ្នាំ១៩២៦ ហើយបានក្លាយជានិមិត្តរូប នៃរាជធានីភ្នំពេញ និងត្រូវបានប្រើជាទីអធិដ្ឋាន តង្វាយតូចៗ និងទីសមាធិជាដើម។

វត្តភ្នំជាទីកន្លែង ដែលមានទំនាក់ទំនងនឹងរឿង ព្រេងនិទាននៃជីដូនឈ្មោះពេញ និងស្ថិតក្នុងសតវត្សទី១៥ ក្នុងរាជ្យព្រះបាទពញ្ញាយ៉ាត ដែលបានកសាងរាជធានីនេះឡើងក្នុងទីក្រុងភ្នំពេញ ទុកជាទីកន្លែងតំកល់សពរបស់ព្រះអង្គ។

វត្តភ្នំ ត្រូវបានផ្លាស់ប្តូរក្នុងរយៈពេល ៧០០ឆ្នាំចុងក្រោយ ដែលមានរូបសំណាកព្រះពុទ្ធសាសនានៃសម័យអង្គរ និងក៏ជារាជបល្ល័ង្ក ដែលធ្វើជាស្តូបដើម្បីទុកបូជានៃគ្រួសាររាជវង្ស។

កន្លែងគោរពបូជា និងទីតាំងវប្បធម៌ដទៃទៀតដូចជា វត្តលង្កា ដែលត្រូវបានគេស្គាល់ថា ជាវត្តចំណាស់មួយក្នុងចំណោមវត្តចំណាស់ទាំង៥ ក្នុងរាជធានីភ្នំពេញ (កសាងឡើងក្នុងឆ្នាំ១៤២២)។ វត្តលង្កា កសាងឡើងទុកជាទីកន្លែងសម្រាប់ជួបជុំគ្នារបស់ព្រះសង្ឃកម្ពុជា និងព្រះសង្ឃស្រីលង្កា។ វត្តនេះត្រូវបានគេដាក់ឈ្មោះតំណាងនៃកិច្ចជំនួបនេះ។

វត្តបទុមវត្តី ជាអគារសាសនាចាស់បំផុត ដែលនៅតែជាទីគោរពបូជាចាប់តាំងពីឆ្នាំ១៤២២ មកម្ល៉េះ និងជាបរិវេណ ដែលមានចេតិយចម្រុះពណ៌រួមទាំងប្រាសាទពុទ្ធបដិមា។

វត្តកោះ គឺជាក្រុងចំណាស់មួយ ក្នុងចំណោមក្រុងចំណាស់ទាំង៥ ត្រូវបានកសាងឡើងនៅដើមសតវត្សទី១៥ ចំណែកវត្តនាគវ័ន ស្ថិតនៅក្នុងទិដ្ឋភាពដ៏ស្រស់ស្អាតនៃបឹងកក់។

រាជធានីភ្នំពេញមិនមែនត្រឹមជាទីកន្លែង ដែលមានវប្បធម៌ និងសាសនាសម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលទេសចរណ៍ផងដែរមានដូចជា ផ្សារទួលទំពូង ផ្សារចាស់ ផ្សារកណ្តាល ផ្សាររាត្រី និងបណ្តុំផ្សារបុរាណជាច្រើនទៀត ដែលមានការដាក់តាំងនូវស្នាដៃសិល្បៈជាង ៥០០០ស្នាដៃ ដោយស្នាដៃមានចាប់ពីសតវត្សទី៧ ដល់សតវត្សទី១៣។ រតនសម្បត្តិទាំងនោះរួមមានរូបចម្លាក់ សម្លៀកបំពាក់របាំក្នុងសតវត្សទី១៩ រទេះគោ និងគ្រែស្នែងជាដើម។

លោកបណ្ឌិតបន្ថែមទៀតថា​ «ខ្ញុំកត់សម្គាល់ឃើញថា សក្តានុពលវប្បធម៌ ដែលមិនគួរឲ្យជឿថាមាននៅក្នុងរាជធានីភ្នំពេញ គឺសារៈមន្ទីរជាតិ នៃប្រទេសកម្ពុជាត្រូវបានគេបោះឆ្នោតជា សារៈមន្ទីរដែលពេញនិយមជាងគេលើពិភពលោក ក្នុងនោះមានវត្ថុមានតម្លៃសរុបជាង ១៤០០០វត្ថុបុរាណ ដែលត្រូវបានបង្ហាញដល់ភ្ញៀវទេសចរ រួមនឹងសារវប្បធម៌ផងដែរ»

រាជធានីភ្នំពេញ ជាកន្លែងដែលមានការប្រារព្ធពិធីធំៗជាច្រើន ដូចជាបុណ្យអុំទូក សំពះព្រះខែ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំប្រពៃណីជាតិ បុណ្យពុទ្ធបូជា និងពិសាខបូជាជាដើម។ រាជធានីភ្នំពេញ ជារាជធានីមួយ ដែលផ្តល់នូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់ទៅដល់ភ្ញៀវទេសចរ ហើយវាជាច្រកពិសេសមួយផ្សារភ្ជាប់ទៅកាន់អាស៊ី និងជាទីកន្លែងរតនៈពិសិដ្ឋមួយផ្តល់តម្លៃដល់វប្បធម៌ផងដែរ។

លោកបណ្ឌិត Mircea Constantinescu សង្កត់ធ្ងន់ថា «យើងអាចនិយាយបានថា ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប បានប្រឈមមុខនឹងការសាកសួរ សំណួរដ៏ងាយស្រួលមួយដែរថា តើវាគឺជា ឬ មិនមែនជារាជធានីភ្នំពេញ ដែលទទួលបានរង្វាន់រាជធានីនៃវប្បធម៌ និងទេសចរណ៍ពិភពលោក? ចម្លើយដ៏វិជ្ជមានមួយ គឺបានចងចាំយ៉ាងច្បាស់អំពីប្រវត្តិដ៏អស្ចារនៃរាជធានី ដែលជាសក្តានុពលវប្បធម៌ និងបេតិកភណ្ឌដ៏ធំមួយរបស់រាជធានីភ្នំពេញ និងផែនការដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានឆ្លុះបញ្ចាំងពីអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជន និងសម្រាប់អ្នកដែលមកកម្សាន្តក្នុងរាជធានីភ្នំពេញ ទីក្រុងដ៏អស្ចារ្យ ជាទីក្រុងគុជ ជាអំណោយរបស់កម្ពុជាទៅកាន់ពិភពលោកទាំងមូល»