(ភ្នំពេញ)៖ សាលាញូវហ្គេតវ៉េអន្តជាតិ (New Gateway International School) នៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះ បានរៀបចំពិធីជំនួបរវាង អាណាព្យាបាលសិស្ស និងគ្រូបង្រៀនដើម្បីផ្លាស់ប្ដូរយោបល់ និងចំណុចខ្វះខាត របស់សិស្សទទួលបានភាពជោគជ័យ នៅថ្ងៃអនាគត។

ក្នុងឱកាសដ៏សំខាន់នេះ អ្នកឧកញ៉ា ប៊ុន ណារី នាយិកាសាលាញូវហ្គេតវ៉េអន្តជាតិ បានថ្លែងឲ្យដឹងថា សាលារៀនរៀបចំកម្មវិធីនេះ ឡើងក្នុងគោលបំណងបង្កើននូវការទំនាក់ទំនង និងកិច្ចសហការរវាងមាតា បិតា​សិស្ស ជាមួយគ្រូបង្រៀន ដើម្បីផ្លាស់ប្ដូរយោបល់ពីការរីកចម្រើន និងចំណុចដែលត្រូវរួមគ្នាយកចិត្តទុកដាក់ កែលម្អលើកង្វះខាត មួយចំនួនរបស់កូនៗ ធ្វើយ៉ាងណាឲ្យពួកគាត់ទទួលចំណេះដឹងសីលធម៌ សុជីវធម៌ ក្នុងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ដើម្បី​ពង្រឹង​ការអប់រំឲ្យមានការអភិវឌ្ឍកម្រិតខ្ពស់ផងដែរ។

អ្នកឧកញ៉ា បានបន្ថែមទៀតថា ការទទួលជោគជ័យក្នុងការអប់រំបុត្រធីតា មិនអាចផ្អែកលើសាលារៀនទាំងស្រុងនោះទេ តែត្រូវទាមទារ ឲ្យមានការសហការរវាងមាតាបិតាសិស្សជាមួយគ្រូបង្រៀន ដើម្បីផ្លាស់ប្ដូរយោបល់គ្នាពីការរីកចម្រើន និងចំណុចដែលត្រូវរួមគ្នា យក​ចិត្តទុកដាក់កែលម្អ លើកង្វះខាតមួយចំនួន។

អ្នកឧកញ៉ា បានបញ្ជាក់ទៀតថា ការចួលរួមរបស់អាណាព្យាបាលសិស្ស ក្នុងការអប់រំជាកត្តាសំខាន់បំផុត នឹងទទួលបាននូវលទ្ធផល​យ៉ាងល្អប្រសើរ ដូចជាសិស្សទទួលបានលទ្ធផលការសិក្សាល្អ អត្រាការប្រឡងជាប់ខ្ពស់ អត្រាការបោះបងការសិក្សាមានកម្រិតទាប និងនាំឲ្យសិស្សជៀសឆ្ងាញពីគ្រឿងញៀន គ្រឿងស្រវឹងនានា និងសកម្មភាពក្មេងទំនើងផងដែរ។

សូមបញ្ជាក់ថាសាលារៀន New Gateway International School មិនត្រឹមតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុការ បណ្ដុះ​បណ្ដាល ធនធានមនុស្សប្រកបដោយសមត្ថភាព សេចក្ដីថ្លៃថ្នូរ និងមេត្តាករុណាក្នុងសង្គមគ្រួសារប៉ុណ្ណោះទេ ក៏បានចូលរួមចំណែក​យ៉ាងសកម្មជាមួយសហគមន៍ និងសង្គមកិច្ច ដើម្បីរួមចំណែករំលែកទុក្ខលំបាក របស់សិស្សក្រីក្រជាច្រើនផងដែរ៕