(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ពេញមួយថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ បង្ក្រាបក្រុមគ្រឿងញៀនបាន១២នាក់ នៅ៣ទីតាំងផ្សេងគ្នា ដោយមួយទីតាំងបង្ក្រាបតាមដីកាបង្គាប់ឲ្យចាប់ខ្លួន នៅស្រុកចំការលើ និង២ទីតាំងផ្សេងទៀត នៅស្រុកកំពង់សៀម និងក្រុងកំពង់ចាម។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះថា ប្រតិបត្តិការបង្ក្រាបទី១៖ ​នៅចំណុចភូមិអូរតាសែង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ បើកកិច្ចប្រតិបត្តិការបង្ក្រាបចាប់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះ នាង ទិត្យា ហៅ​យ៉ា ​អាយុ២២ឆ្នាំ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៣៥៩ ត.ព្រ ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ចេញដោយលោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ពីបទ​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិអូរតាសែង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧​។

បើតាមលោកស្នងការ ទីតាំងទី២៖​ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ​កម្លាំង​ជំនាញបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណី​ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ​​ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ០៨នាក់ និងដកហូតបានម្សៅក្រាមពណ៌ស ចំនួន​០២កញ្ចប់ ប្រាក់ញុះញង់១០០,០០០រៀល ម៉ូតូ០៥គ្រឿង ទូរស័ព្ទដៃ​ចំនួន០៥គ្រឿង អាវុធកែឆ្នៃ០១ដើម និងឧបករណ៍សេពមួយសម្រាប់។

លោកឧត្តមសេនីយ៍ស្នងការបន្ថែមថា សម្រាប់ទីតាំងទី៣៖ ​កម្លាំងជំនាញ ចុះធ្វើរដ្ឋបាលចំហរ​ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងធ្វើតេស្តស្វែងរកសារធាតុញៀន នៅចំណុចភូមិផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម បានធ្វើតេស្តលើមុខសញ្ញា​សង្ស័យចំនួន​០៣នាក់ ជាលទ្ធផលរកឃើញមានសារធាតុញៀន។

ក្រោយឃាត់ខ្លួនជនដែលពាក់ព័ន្ធករណីគ្រឿងញៀនទាំង១២នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់៕