(ភ្នំពេញ)​៖ បុរសថៅកែ​ជនជាតិចិនជាម្ចាស់ រោងសិប្បកម្ម​ផលិត​ក្រដាសមួយកន្លែងគ្មានស្លាកយីហោ​ ត្រូវបានម៉ាស៊ីនផលិតក្រដាសស្រូបចូល គៀបជាប់ក្នុងម៉ាស៊ីនស្លាប់ភ្លាមៗ ប៉ុន្តែសពជនរងគ្រោះ ត្រូវបានខាងរោងសិប្បកម្ម លួចដឹកចេញស្ងាត់ៗ ទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីបំបិទភស្តុតាង។

មន្ត្រីនគរបាលមូលដ្ឋានមួយរូប បានលួចបង្ហើបឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ ហេតុ​ការ​ណ៍ដែលបាន​កើតឡើង គឺ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ២០១៧ ស្ថិតនៅ​ក្នុង​សិប្បកម្ម​ផលិត​ក្រដាសគ្មានស្លាក់យីហោ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ល្ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

មន្ត្រីនគរបាលរូបនោះ បានបង្ហើបឱ្យដឹងទៀតថា សពជនរងគ្រោះ​​​ត្រូវ​គេ​ស្គាល់ឈ្មោះ​ថា TUO YANGJIAN អាយុ​៣៩​ឆ្នាំ​ ជាជនជាតិ​ និង​ជា​ថៅកែ​សិប្បកម្មនោះផងដែរ និងស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានគេលួចដឹក​ចេញពីរោងសិប្បកម្ម ទៅតម្កល់នៅ​​វត្តស្ទឹង​មានជ័យស្ងាត់ៗ ដើម្បីបង្វៀងដាន និងបំបិទភស្តុតាង។

​​មន្ត្រីនគរបាលរូបនោះ បានបន្តឱ្យដឹងទៀតថា ករណីខាងលើនេះត្រូវបានបែក ធ្លាយ​ព័ត៌មាន​កាលពីម្សិលមិញ ភ្ញាក់​ផ្អើល​ដល់​មន្ត្រីនគរបាល​មូលដ្ឋានចុះ​ទៅ​ពិនិត្យ ​និងកោសល្យវិច័យភ្លាមៗ​។

នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​​​រួម​ជាមួយ​កម្មករ​របស់​ខ្លួន សរុបចំនួន៧នាក់ បាន​ធ្វើ​ការងារ​ជា​ធម្មតា​។​ លុះដល់​ពេល​កើតហេតុ​ ខណៈ​ពេល​កំពុងធ្វើការ​សុខ​ៗ ស្រាប់តែ​ម៉ាស៊ីន​សង្វា​ក់​ផលិតកម្ម​បាន​គាំង​មិន​ដំណើរការ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​បាន​ធ្វើការ​ត្រួតពិនិត្យ​ លុះ​ពេល​កំពុង​លូកដៃ​ទាញ​ក្រដាស​ចេញពី​រ៉ូ​ឡូ​ម៉ាស៊ីន​ ​ស្រាប់តែ​ម៉ាស៊ីន​នោះ​បាន​ដំណើរការ​ឡើង​វិញ​ ពេល​នោះ​ជន​រង​គ្រោះ​ដក​ដៃ​មិន​ទាន់​ បណ្ដាល​ឲ្យ ​រ៉ូ​ឡូ​ម៉ាស៊ីន​ ស្រូបគៀប​​ដៃ​ទាញ​ចូលទៅក្នុងម៉ាស៉ីនរ៉ូឡូនោះ ស្លាប់​ភ្លាម​ៗ​តែម្ដង​៕